រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែន ១គ្រឿង ផ្ទុះកង់បានរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញទិសដៅរនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត ប៉ុន្តែ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥នាទី យប់ថ្ងៃទី០៨ កុម្ភៈ ២០១៤ នៅចំណុចមុខវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2S-6164 បើកបរដោយបុរសម្នាក់ឈ្មោះ ទ្រា ភាសា អាយុ ៣០ឆ្នាំ បម្រើការងារនៅក្រុមហ៊ុនឯកជនមួយ បានធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់មុខវត្តទឹកថ្លា ស្រាប់តែរថយន្តផ្ទុះកង់មុខផ្នែកខាងឆ្វេង ហើយក៏រេចង្កូតទៅបុកបាក់បង្គោលស្លាកសញ្ញាបង្ហាញទិសដៅរនាំងដែកពុះចែកទ្រូងផ្លូវតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ