ខេត្តសៀមរាប ៖ អ្នកភូមិចំនួន ៤៧គ្រួសារ មកពី ៣ភូមិ បានប្រមូលផ្តុំគ្នាជាថ្មីឲ្យអាជ្ញាធរឃុំដោះស្រាយដីទំនាស់ជាង ១០០ហិកតា ជាមួយក្រុមហ៊ុន លី អ៊ុំអេង បន្ទាប់ពីខុទ្ទកាល័យសម្តេច ចេញលិខិតបង្គាប់ឲ្យអាជ្ញាធរដោះស្រាយម្តងហើយ តែនៅពុំទាន់បានអនុវត្ត។ នេះជាលើកទី២ ដែលប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នា កាលពីព្រឹកថ្ងៃទី០៨ កុម្ភៈ ២០១៤ នៅក្នុងសាលាឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងហេតុការណ៍នោះ ពុំមានវត្តមានអាជ្ញាធរស្រុក និងខេត្តទេ ថែមទាំងមិនឃើញមានភាគីខាង លោកស្រី លី អ៊ុំអេង ឬតំណាងក្រុមហ៊ុនចូលរួមឡើយ មានត្រឹមតែថ្នាក់ឃុំប៉ុណ្ណោះ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មកថ្ងៃនេះ គឺទាមទារឲ្យអាជ្ញាធរហៅ លោកស្រី លី អ៊ុំអេង ជាប្រធានក្រុមហ៊ុនយកឯកសារ ដែលថា មានមកឲ្យពួកគាត់មើលផង តើអ្នកណាខ្លះបានលក់ដីឲ្យ សូមមកតតាំងនៅមុខគ្នា បើមានស្នាមមេដៃលក់ដូរមែនពួកគាត់ជាប្រជាពលរដ្ឋ ៤៧គ្រួសារ សុខចិត្តព្រមប្រគល់ដីឲ្យទាំងអស់ដោយគ្មានលក្ខខណ្ឌ។
ប៉ុន្តែ បើសិនជា លោកស្រី លី អ៊ុំអេង គ្មានឯកសារគ្រប់គ្រាន់ គ្មានស្នាមមេដៃលក់ដីរបស់ប្រជាពលរដ្ឋទេ សូម លោកស្រី លី អ៊ុំអេង យល់ព្រមឲ្យអាជ្ញាធរវាស់ដីទាំងនោះ ប្រគល់ឲ្យពួកយើងជាប្រជាពលរដ្ឋទាំង ៤៧គ្រួសារ វិញ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដីទំនាស់ជាង ១០០ហិកតានោះ លោកស្រី លី អ៊ុំអេង បានយកគ្រឿងចក្រទៅឈូសឆាយរំលោភបំពានយកដីរបស់ពួកគាត់ចាប់តាំងពីឆ្នាំ២០០៧ មកហើយ ពួកគាត់ជាប្រជាពលរដ្ឋបានព្យាយាមឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ តែរហូតមកទល់ពេលនេះ លទ្ធផល គឺគ្មាន។
លោក អ៊ាង ចំរើន តំណាងឲ្យប្រជាពលរដ្ឋក្នុងចំណោម ៤៧គ្រួសារ បានឲ្យដឹងថា ដោយសារតែ លោកស្រី លី អ៊ុំអេង មិនព្រមដោះស្រាយហើយនៅតែចោទថា ពួកគាត់ទាំងអស់រំលោភលើកម្មសិទ្ធិឯកជនដោយចេតនា ពួកគាត់បានលើកគ្នាយកលិខិតសុំជួយអន្តរាគមន៍ទៅដាក់ជូនខុទ្ទកាល័យសម្តេច កាលពីថ្ងៃទី២៥ មីនា ២០១៣។ លុះថ្ងៃទី០១ មេសា ២០១៣ ខុទ្ទកាល័យសម្តេច បានចេញលិខិតលេខ៦៣៩ ខន០១៣ ចុះថ្ងៃទី០១ មេសា ២០១៣ ឲ្យមកសាលាខេត្តសៀមរាប ដើម្បីជួយដោះស្រាយ តែរហូតមកទល់ពេលនេះ គឺពុំទាន់មានការដោះស្រាយឲ្យពួកគាត់នៅឡើយទេ។
លោក ចំរើន បន្តទៀតថា ក្រៅពីមិនទាន់បានដោះស្រាយផង លោកស្រី លី អ៊ុំអេង ថែមទាំងប្តឹងពួកគាត់ចំនួន ១៥នាក់ និងគូកនទៅតុលាការ ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សា និងធ្វើឲ្យខូចខាត ព្រមទាំងបរិហារមូលបង្កាច់កេរ្តិ៍ និងរំលោភលើកម្មសិទ្ធិឯកជនដោយចេតនាទៀត។ ក្នុងចំណោម ៤៧គ្រួសារ នោះ ក៏មានជនបរទេស ២នាក់ ប្តីប្រពន្ធផងដែរ ហើយតុលាការក៏បានចេញដីការក្នុងសំណុំរឿងព្រហ្មទណ្ឌបង្គាប់ឲ្យចូលខ្លួនលេខ២៤០ ចុះថ្ងៃទី២២ មីនា ២០១៣ ចំនួន ១០នាក់ ហើយ តែពួកគាត់បានដាក់លិខិតឲ្យមេធាវីសុំពន្យារ។
លោកតា នៀម ធឹង អាយុ ៧៤ឆ្នាំ ជាប្រជាពលរដ្ឋក្នុងភូមិរំចេក បាននិយាយថា គាត់មានដី ៨ហិកតា បច្ចុប្បន្ន ក្រុមហ៊ុន លី អ៊ុំអេង បានឈូសឆាយរំលោភយកអស់ ហើយចោទថា ពួកគាត់រំលោភទៅវិញ តើយុត្តិធម៌នៅឯណា?។ តាមពិតពួកគាត់រកតែបាយហូបស្ទើរមិនបានផង តើមានលុយឯណាទៅជួលគ្រឿងចក្រឈូសឆាយរំលោភយកដី លោកស្រី លី អ៊ុំអេង?។ ក្រៅពីចោទហើយ គេប្តឹងទៅតុលាការពួកគាត់ទៀត។ លោកតា នៀម ធឹង បន្តទៀតថា បើយកឯកសារដីមកពិនិត្យទាំងអស់គ្នា គាត់មិនខ្លាចទេ អ្នកមានឯកសារយកចុះ តែបើគ្មានត្រូវប្រគល់ដីឲ្យគេវិញ។
បើនិយាយផ្លូវតុលាការគាត់ពិតជាពិបាកណាស់ ព្រោះគាត់ជារាស្ត្រទន់ខ្សោយ។ ចំណុចនេះ ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែ រូបខ្ញុំ (នៀមធឹង) នៅសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន ប្រាកដជាផ្តល់ភាពយុត្តិធម៌ដល់កូនចៅរបស់គាត់ពិតជាពុំខានឡើយ។ លោក អ៊ឹម អ៊ីង មេឃុំរំចេក បានប្រាប់អ្នកកាសែតថា ក្នុងនាមអាជ្ញាធរឃុំ មិនអាចដោះស្រាយករណីនេះបានទេ តែព្រមទទួលគ្រាប់យ៉ាងដែលបងប្អូនប្រជាពលរដ្ឋសំណូមពរទាំងប៉ុន្មាន ដើម្បីដាក់ជូនថ្នាក់លើ។ លោកនឹងប្រមូលឯកសារ រួមទាំងការស្នើសុំរបស់ប្រជាពលរដ្ឋយកទៅជម្រាបជូនប្រធានមន្ទីរដែនដីរូបណីយកម្ម និងសំណង់ខេត្ត ដើម្បីដោះស្រាយជូនពួកគាត់។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី០៨ កុម្ភៈ ២០១៤ នេះ គេមិនអាចស្វែងរកសុំការពន្យល់ពី លោកស្រី លី អ៊ុំអេង ប្រធានក្រុមហ៊ុន លី អ៊ុំអេង បានទេ។ ក្រុមអ្នកភូមិបានបញ្ជាក់ចុងក្រោយថា ប្រសិនបើនៅអំឡុងដើមខែមីនា ២០១៤ ខាងមុខនេះ អាជ្ញាធរនៅតែមិនព្រមហៅភាគី លី អ៊ុំអេង មកដោះស្រាយគ្នាទល់មុខទេ ពួកគាត់នឹងចុះទៅវាស់ដីដាក់បង្គោលព្រំរៀងៗខ្លួន ហើយថែមទាំងបិទផ្លូវបង្ខំឲ្យអាជ្ញាធររកដំណោះស្រាយឲ្យខាងតែបាន៕
ចែករំលែកព័តមាននេះ