ខេត្តកំពង់ចាម ៖ ដោយសារតែមានទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្ត រួមនិងសហការីជាច្រើននាក់ នៅព្រឹកថ្ងៃទី០៨ កុម្ភៈ ២០១៤ បាននាំយកនូវបច្ច័យចំនួន ៨លានរៀល និងសម្ភារផ្សេងៗ មានតម្លៃចំនួន ៣លានរៀលទៀត សរុបចំនួន ១១លានរៀល យកទៅប្រគេនដល់ព្រះចៅអធិការវត្តសម្តេចព្រះនាគសែន ហៅវត្តក្រពើនេនធន់ ស្ថិតនៅភូមិជ្រោយបន្ទាយ-ភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីយកទៅប្រើប្រាស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាភិសេក និងសម្ពោធសមិទ្ធិផលនានា ដែលប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ៤យប់ ចាប់ពីថ្ងៃទី០៩ កុម្ភៈ ដល់ព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤។
ព្រះភិក្ខុ អឿង សុខបឿន ព្រះចៅអធិការវត្តនាគសែន បានមានថេរដីកាឲ្យកោះសន្តិភាពដឹងថា ពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ ត្រូវបានផ្តើមឡើងដោយព្រះភិក្ខុអង្គផ្ទាល់ ២- លោក សរ ចំរុង ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោសែន និងជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ៣- លោកឧត្តមសេនីយ៍ បែន រ័ត្ន ជំនួយការផ្ទាល់ លោក ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ៤- លោកឧត្តមសេនីយ៍ មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកស្រី ព្រមទាំងសហការី គណៈកម្មការអាចារ្យវត្ត រួមនិងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត។
ព្រះភិក្ខុ អឿង សុខបឿន មានថេរដីកាបន្តឲ្យដឹងទៀតថា រហូតដល់ព្រឹកថ្ងៃទី១២ កុម្ភៈ គណៈប្រតិភូដឹកនាំដោយ លោក សរ ចំរុង និង លោកឧត្តមសេនីយ៍ បែន រ័ត្ន ជំនួយការផ្ទាល់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញមកសំណេះសំណាលជាមួយនិងពុទ្ធបរិស័ទ ព្រមទាំងកាត់ខ្សែបូ និងឫសសីមា និងនិមន្តព្រះសង្ឃ ១២១អង្គ គោចរបិណ្ឌបាត្យជុំវិញព្រះវិហារ៕
ចែករំលែកព័តមាននេះ