រាជធានីភ្នំពេញ ៖ ចោរឆក់កាបូបម្នាក់ ក្នុងចំណោមគ្នា០២នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍មិត្តភាពដេញប៉ផាប់ពភីងដេញចាប់បាននៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរតាមផ្លូវបានសម្រេចហើយរត់គេចខ្លួន ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៨ កុម្ភៈ ២០១៤ នៅតាមវិថីសហព័ន្ធរុស្ស៊ី ម្តុំក្តាន់២ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ជនសង្ស័យឈ្មោះ ទេព សុរិយា ភេទប្រុស អាយុ១៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅក្នុងខណ្ឌទួលគោក ចំណែកបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណឡើយ ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកនិក ដែលពួកគេជិះធ្វើសកម្មភាព និងកាបូបលុយដែលពួកគេឆក់បានមកវិញ តែលុយចំនួន៥០ដុល្លារនិងទូរស័ព្ទមួយគ្រឿងបាត់អស់ហើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ