ខេត្តកំពង់ឆ្នាំង ៖ នៅសាលាដំបូងខេត្ត នាថ្ងៃទី៦ កុម្ភៈ គណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិត បានធ្វើការប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែ ដើម្បីលើកសំណើថ្វាយព្រះមហាក្សត្រសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន២៧នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ។
លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឱ្យដឹងថា ជាទូទៅព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតែធ្វើការបន្ធូរបន្ថយ និងលើកលែងទោសដល់អ្នកទោសក្នុងពន្ធនាគារគ្រប់ខេត្ត-រាជធានីទូទាំងប្រទេសជារៀងរាល់ឆ្នាំ ។ ដោយហេតុនេះហើយ គណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិត គឺដឹកនាំដោយលោកអភិបាលខេត្ត ប៉ុន្តែដោយលោកអភិបាលខេត្តមានភារកិច្ចចាំបាច់ ក៏បានប្រគល់ការប្រជុំវាយតម្លៃនេះ អោយរូបលោកជាអនុប្រធានគណៈកម្មការ ធ្វើការដឹកនាំការប្រជុំនេះ ។ សមាសភាពនៅក្នុងគណៈកម្មការប្រជុំវាយតម្លៃនេះ រួមមានលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកប្រធានពន្ធនាគារខេត្តជាអនុប្រធាន និងសមាជិកជាច្រើនរូបទៀត ។
លោក ពេញ វិបុល បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការបន្ធូរបន្ថយទោសដល់ទណ្ឌិតនៅក្នុងពន្ធនាគារខេត្ត-រាជធានី ត្រូវបានធ្វើឡើងក្នុង១ឆ្នាំ៣ដងគឺ បុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា និងបុណ្យអុំទូក អកអំបុក សំពះព្រះខែ ។ ដោយឡែក អ្នកទោសនៅក្នុងពន្ធនាគារខេត្តសរុបមាន៣៩៧នាក់ ក្នុងនោះទណ្ឌិតមានចំនួន២០៥នាក់។ ជាលទ្ធផលក្នុងកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិត បានសម្រេចជ្រើសរើសយកទណ្ឌិតចំនួន២៧នាក់ ដែលគោរពវិន័យនិងកែប្រែខ្លួនបានល្អនៅក្នុងពន្ធនាគារខេត្ត ដើម្បីដាក់សំណើសុំទៅថ្នាក់លើ និងថ្វាយព្រះមហាក្សត្រសុំបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ។ ទណ្ឌិតទាំង២៧នាក់នោះ មានស្ត្រីចំនួន២នាក់ និងបុរសចំនួន២៥នាក់ ក្នុងនោះស្នើសុំបន្ធូរបន្ថយទោស១២ខែ មានចំនួន៧នាក់ សុំបន្ធូរបន្ថយទោស៩ខែ ចំនួន១២នាក់ (មានស្ត្រី២នាក់) និងសុំបន្ធូរបន្ថយទោស៦ខែចំនួន៨នាក់ ។
ក្នុងមួយឆ្នាំៗ ការបន្ធូរបន្ថយទោសគឺបានតែមួយលើកប៉ុណ្ណោះក្នុងម្នាក់ ហើយទណ្ឌិតរូបនោះគឺជាអ្នកគោរពវិន័យ និងមានគំរូល្អក្នុងការកែប្រែខ្លួននៅក្នុងពន្ធនាគារខេត្ត។ទោះជាយ៉ាងណា ការទូលថ្វាយព្រះករុណាសុំការលើកលែងទោសនេះ ពុំត្រូវបានគណៈកម្មការប្រាប់ឈ្មោះឱ្យដឹងទេ ដោយប្រាប់ថា កុំឱ្យសាមីខ្លួនបានចិត្ត ចាំដល់ពេលថ្ងៃណាគឺថ្ងៃនោះតែម្តងទៅ ៕
ចែករំលែកព័តមាននេះ