ខេត្តរតនគិរី ៖ មានការតាមសម្លាប់ដ៏សាហាវព្រៃផ្សៃមួយបានកើតឡើង ដែលឃាតករសម្លាប់ស្ត្រីជាប្រពន្ធ រួចយកសពទៅកប់ក្នុងអូរ ហើយក៏តាមសម្លាប់ប្តីទៀត ប៉ុន្តែសំណាងល្អ ប្តីមិនទាន់អស់ជីវិត ក៏រួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៦ កុម្ភៈ វេលាម៉ោង៣រសៀល នៅក្នុងភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ។ ក្រោយពីកើតហេតុអស់រយៈពេល២ទៅ៣ម៉ោង ទើបដឹងដំណឹងដល់សមត្ថកិច្ចនគរបាលស្រុក និងខេត្ត ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
មន្ត្រីនគរបាលដែលចុះទៅដល់កន្លែងកើតហេតុ ឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ទីង ពាន់ អាយុ៤៣ឆ្នាំ ត្រូវបានឃាតករវាយដោយដំបងឈើចំកញ្ចឹងកជាច្រើនដំបង និងបាក់ថ្គាមខាងស្តាំ ។ ក្រោយពីវាយសម្លាប់ស្ត្រីជាប្រពន្ធរួច សពត្រូវឃាតករអូសយកទៅកប់ក្នុងទឹកអូរចម្ងាយពីផ្ទះប្រមាណ៣០០ម៉ែត្រ ទៅ៤០០ម៉ែត្រ ។ ចំណែកបុរសជាប្តីឈ្មោះ រមាំ ណាម អាយុ៤០ឆ្នាំ ក៏ត្រូវឃាតករវាយពីក្រោយដោយដំបងដែរ បណ្តាលឱ្យសន្លប់នៅនឹងកន្លែង ប៉ុន្តែប្រមាណ២ម៉ោងក្រោយមក ក៏ដឹងខ្លួនវិញ ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ជាជនជាតិទំពួន រស់នៅក្នុងភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ។ មន្ត្រីនគរបាលឱ្យដឹងថា បើតាមការរៀបរាប់របស់បុរសជាប្តី គឺមុនពេលកើតហេតុ កាលពីថ្ងៃទី៥ មករា វេលាម៉ោង១០ព្រឹក ប្តីបានសុំប្រពន្ធទៅភូមិយកលុយសងគេ និងទិញម្ហូប ដោយទុកប្រពន្ធនៅផ្ទះម្នាក់ឯងដងទឹកស្រោចបន្លែ ។
បុរសជាប្តីនិយាយថា ពេលវិលមកដល់ផ្ទះវិញនៅម៉ោង១១ព្រឹក ថ្ងៃដដែល ស្រាប់តែបាត់ប្រពន្ធ ក៏ដើរស្រែកហៅពីកន្លែងមួយទៅកន្លែងមួយ ។ ក្នុងខណៈដើររកប្រពន្ធនោះ ឃាតករបានលបវាយគាត់ពីក្រោយចំនួន៣ ទៅ៤ដំបង បណ្តាលឱ្យសន្លប់បាត់ស្មារតី ហើយឃាតករស្មានតែគាត់ស្លាប់ ក៏ឈប់វាយបន្ថែម ហើយរត់គេចខ្លួនបាត់ទៅ ។
ក្រោយពីងើបពីសន្លប់វិញ គាត់បានរត់ស្រែកហៅអ្នកភូមិឱ្យជួយ និងប្តឹងទៅសមត្ថកិច្ចឱ្យជួយតាមរកប្រពន្ធរបស់គាត់ផង ព្រោះដឹងថា ប្រពន្ធដែលបាត់ខ្លួន ពិតជាមានហេតុការណ៍មិនល្អ ។ ក្រោយការរុករករបស់សមត្ថកិច្ច ទីបំផុត សពស្ត្រីជាប្រពន្ធត្រូវបានរកឃើញក្នុងទឹកអូរ ។ តាមបុរសជាប្តីដែលជួបសំណាងល្អ បានរួចផុតពីស្លាប់ និយាយថា ជនដៃដល់ជាឃាតករ គឺជាអ្នកភូមិជាមួយគ្នា ហើយមូលហេតុបណ្តាលឱ្យជននោះប៉ងសម្លាប់គាត់ និងប្រពន្ធ គឺឃាតករធ្លាប់លួចដំឡូងមីច្រកទាំងបាវ ចំនួន២ទៅ៣ដងរួចមកហើយ និងធ្លាប់មានទំនាស់ឈ្លោះគ្នាជាញឹកញាប់ទៀតផង ។
អ្វីដែលឃាតករចិត្តខ្មៅបានធ្វើនេះ ហើយបែកការណ៍ ក៏រត់គេចបាត់ពីភូមិទៅ ដែលពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់នៅឡើយ ។ ចំណែកសពស្ត្រីជាប្រពន្ធ សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ