ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាចោរជើងឆើតម្នាក់ដែលជាប់ពាក់ព័ន្ធស្ទាក់ប្លន់រថយន្ដកុងតឺន័រដឹកទំនិញ រួមទាំងវត្ថុតាងមានរថយន្ដរបស់បក្សពួកចំនួន២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ចាប់បាននាំទៅស្នាក់ការសន្ដិសុខលេខ៤០២ តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកកំពង់សិលា ។ ប្រតិបត្ដិការបង្ក្រាបរហូតឃាត់ខ្លួនបានជនម្នាក់នេះ កើតមានឡើងក្រោយពីធ្វើសកម្មភាពប្រមាណកន្លះម៉ោង គឺនៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ កុម្ភៈ នៅចំណុចភូមិគិរីវ័ន ឃុំស្ទឹងឆាយ ស្រុកកំពង់
សិលា។
តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថរាយការណ៍ពីស្នាក់ការលេខ៤០២ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ចក់ សំអឿន អាយុ ៣២ឆ្នាំ អះអាងថា ខ្លួនជាតារាសម្ដែងខារ៉ាអូខេម្នាក់ដែរ ស្នាក់នៅផ្ទះជួលម្ដុំសួនកាណាឌីយ៉ាភ្នំពេញ ។ ប្រភពដដែលបានបន្ដថា ជាមួយនឹងការឃាត់ខ្លួននេះ ក៏ឃាត់បានរថយន្ដរបស់ក្រុមជនសង្ស័យចំនួន២គ្រឿងដែរ គឺ១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2M-8695 និង១គ្រឿងទៀត កាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខ ត៩០៩០ ភព២ ។ ជនសង្ស័យនិងបក្សពួករបស់ខ្លួនបានធ្វើសកម្មភាពប្លន់រថយន្ដកុងតឺន័រមួយគ្រឿងដឹកសម្លៀកបំពាក់ពីភ្នំពេញទៅខេត្ដព្រះសីហនុ ជារថយន្ដរបស់ក្រុមហ៊ុន HLH ពាក់ស្លាកលេខ ភ្នំពេញ3C-0282 បើកបរដោយឈ្មោះ ជន់ សុជាតិ ។
ប្រភពដដែលបានរៀបរាប់ថា មុនពេលកើតហេតុ រថយន្ដកុងតឺន័រចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្ដព្រះសីហនុ តាមដងផ្លូវជាតិលេខ៤ លុះមកដល់ភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ មានមនុស្សស្រី២នាក់(ចាស់ម្នាក់និងក្មេងម្នាក់) ស្ទាក់រថយន្ដសុំជិះមកត្រឹមផ្លូវបំបែកស្រែអំបិល ដើម្បីចូលរួមមង្គលការបងប្អូន ។ ពេលនោះ អ្នកបើកបរក៏ឈប់ឱ្យជិះ ហើយពេលធ្វើដំណើរមកតាមផ្លូវស្ដ្រីទាំង២នាក់នោះសួរអ្នកបើកបររហូត ឯអ្នកបើកបរឆ្លើយត្រង់ថា រថយន្ដដឹកសម្លៀកបំពាក់ពេទ្យ។ លុះរថយន្ដមកដល់ចំណុចគីឡូម៉ែត្រលេខ១៣៥ក្នុងភូមិ-ឃុំខាងលើ ក៏មានរថយន្ដរបស់ជនសង្ស័យ១គ្រឿងមកកាក់ឱ្យឈប់ ដោយចោទអ្នកបើកបរថា បានបុកគ្នាគេ អ្នកបើកបរភ័យពេក ក៏បើករថយន្ដទៅឈប់មុខផ្ទះអ្នកស្រុក ។ ពេលរថយន្ដឈប់ ក្រុមជនសង្ស័យនៅតែចោទអ្នកបើកបរដដែលជាដដែល ដោយសំអាងថាពួកខ្លួនជាសមត្ថកិច្ចដើម្បីបង្វែងដានអ្នកស្រុក ។ ភ្លាមៗនោះ ជនសង្ស័យម្នាក់បានឡើងបើករថយន្ដកុងតឺន័រចូលតាមផ្លូវលំមួយហៅផ្លូវសម្ដេចតា ចម្ងាយប្រមាណជាង៧គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ហើយបានចាប់ចងអ្នកបើកបររថយន្ដ និងវាយជាច្រើនដៃ ។
ដោយសារអ្នកភូមិឃើញសភាពការណ៍ដូច្នេះ ក៏រាយការណ៍ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការលេខ៤០២ ទើបមានការបើកប្រតិបត្ដិការភ្លាមៗតាមដានមើល ។ ទោះជាយ៉ាងនេះក្ដី តាមដំណឹងថា សមត្ថកិច្ចក៏ពុំទាន់ហ៊ានចូលកៀកជនសង្ស័យទាំងនោះទេ ព្រោះឃើញជនសង្ស័យមានកាំភ្លើងខ្លី ប្រមាណជា៣ទៅ៤ដើម និងបានបិទផ្លូវលំសម្ដេចតាមិនឱ្យមានការឆ្លងកាត់ ។ ក្រោយមកមិនយូរប៉ុន្មាន រថយន្ដកាមរី ពណ៌ខ្មៅ១គ្រឿងក៏ត្រូវសមត្ថកិច្ចឃាត់សួរនាំរហូតសារភាព ក៏នាំមកស្នាក់ការតែម្ដង និងឈានទៅឃាត់ចាប់បានរថយន្ដកាមរី ពណ៌ស ១គ្រឿងទៀត ដែលបក្សពួករត់ចោល ។ តាមប្រភពព័ត៌មាន ឱ្យដឹងទៀតថា មានរថយន្ដកូរ៉េមួយគ្រឿងទៀតរបស់ក្រុមជនសង្ស័យបានដឹកសម្ភារក្នុងកុងតឺន័រមកកាន់រាជធានីភ្នំពេញ និងបានរត់គេចបាត់ផងដែរ ។ នេះជារឿងប្លន់រថយន្ដកុងតឺន័រដែលដឹកទំនិញចេញពីរោងចក្រឆ្ពោះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំចេញទៅក្រៅប្រទេស ។ តាមការសន្និដ្ឋានមានការកត់សម្គាល់ថា ក្រុមជនសង្ស័យដែលស្នាក់នៅម្ដុំសួនកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនេះ ជាកន្លែងដែលមានបណ្ដុំរោងចក្ររាប់សិបកន្លែង ហើយអាចដឹងថា រថយន្ដកុងតឺន័រណាត្រូវដឹកទំនិញចេញ ក៏ធ្វើសកម្មភាពប្លន់ទំនិញទាំងនោះតែម្ដង ។
អំពើប្លន់រថយន្ដកុងតឺន័រនេះមានបណ្ដាញច្រើនគ្នាណាស់ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ បន្ទាប់ពីការបង្ក្រាប និងចាប់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងរឹបអូសបានរថយន្ដ២គ្រឿងដែលជនសង្ស័យធ្វើសកម្មភាព ព្រមទាំងវត្ថុតាងច្រើនទៀតជាឧបករណ៍សម្រាប់កាត់ទ្វារកុងតឺន័រ ដែលបញ្ជាក់កាន់តែច្បាស់ថា ក្រុមគេនេះមានគម្រោងការគិតទុកជាមុនរួចហើយ ៕
ចែករំលែកព័តមាននេះ