ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​សីុវិល​និងសកម្មជន​បួងសួង​នៅព្រះអង្គ​ដង​កើ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ ម៉ម​ សូ​ណង់​ដូ​ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ លោក​ស្រី​ ធិ​តា ឃិះ អ្នក​ស្រី​ ទេព វន្នី​ អ្នក​តវា៉​ឆ្នើម​មក​ពី​បឹង​កក់​ សហ​គមន៍​ថ្ម​គោល​ និង​បុរី​កីឡា​ តំណាង​សហ​ជីព​ និង​មាន​សង្ឃ​ខ្លះ​ផង​សរុប​ប្រមាណ​ជាង​១០០​នាក់​ បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​លើ​កំណាត់​វិថី​ព្រះ​សីុ​សុវត្ថិ​ (មុខ​ព្រះ​បរម​រាជ​វាំង​)

រាជធានី​ភ្នំពេញ ៖ លោក​ ម៉ម​ សូ​ណង់​ដូ​ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ លោក​ស្រី​ ធិ​តា ឃិះ អ្នក​ស្រី​ ទេព វន្នី​ អ្នក​តវា៉​ឆ្នើម​មក​ពី​បឹង​កក់​ សហ​គមន៍​ថ្ម​គោល​ និង​បុរី​កីឡា​ តំណាង​សហ​ជីព​ និង​មាន​សង្ឃ​ខ្លះ​ផង​សរុប​ប្រមាណ​ជាង​១០០​នាក់​ បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​លើ​កំណាត់​វិថី​ព្រះ​សីុ​សុវត្ថិ​ (មុខ​ព្រះ​បរម​រាជ​វាំង​) សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៨​​ព្រឹក​ ថ្ងៃ​ទី​៧​ កុម្ភៈ​ ដើម្បី​អុជ​ធូប​បួង​សួង​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​មនុស្ស​ចំនួន​២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ត្រពាំង​ផ្លុង​ កាល​ពី​ថ្ងៃ​ទី​២​ទី​៣​ ខែ​មករា ឆ្នាំ​២០១៤​ កន្លង​មក​នេះ​ និង​ជា​ការ​អប​អរ​ក្នុង​ពេល​ដែល​បាន​ដឹង​ថា ព្រះ​បរម​សារី​រិក​ធាតុ​ត្រូវ​បាន​រក​ឃើញ​វិញ​​ហើយ ។

តំណាង​សង្គម​សីុវិល​មួយ​រូប​បាន​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ដឹង​ថា គោល​បំណង​ដែល​សង្គម​សីុវិល​ និង​តំណាង​សហ​ជីព​ ព្រម​ទាំង​ព្រះ​សង្ឃ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​  កុម្ភៈ​ នេះ​ គឺ​នាំ​គ្នា​អុជធូប​បួង​សួង​ឧទ្ទិស​ដល់​រុក្ខ​ទេ​វ​តា​ទាំង​មួយ​ម៉ឺន​លោក​ធាតុ​ ដែល​ថែ​រក្សា​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា និង​សុំ​ឧទ្ទិស​​ដល់​លោក​យាយ​ម៉ៅ​លោក​យាយ​ពេញ​ និង​ព្រះ​អង្គ​ដង​កើ​ដែល​ជា​ទី​គោ​រព​សក្ការៈ​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ សុំ​លោក​បើក​ព្រះ​នេត្រ​មើល​មក​ប្រជា​ពល​រដ្ឋ​កម្ពុជា​សុំ​ជួយ​បំបាត់​ឱ្យ​អស់​នូវ​រឿង​រា៉វ​ហិង្សា​ទាំង​ឡាយ​ កុំ​ឱ្យ​កើត​មាន​ឡើង​ត​ទៅ​ទៀត​ ។ លោក​និយាយ​ទៀត​ថា សុំ​ជួយ​រំដោះ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​២៣​រូប​ដែល​កំពុង​ជាប់​នៅ​ពន្ធ​នា​គារ​ក្នុង​ខេត្ត​កំពង់​ចាម​ ឱ្យ​បាន​ចាក​ផុត​ពី​ការ​ចោទ​ប្រកាន់​នានា​ និង​សុំ​ឱ្យ​លោក​បាន​រួច​ផុត​ពី​ទោស​ទណ្ឌ​កម្ម​ និង​ឱ្យ​បាន​មក​ជួប​ជុំ​សាច់​ញាតិ​មិត្ត​ភក្តិ​ដោយ​សុវត្ថិ​ភាព​ សុខ​សាន​្ត​ និង​សន្តិ​ភាព​ជា​រៀង​រហូត ។

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ ដែល​ឃ្លាំ​មើល​សកម្ម​ភាព​នេះ​បាន​និយាយ​ថា ក្រោយ​ពី​អង្គ​ការ​សង្គម​សីុ​វិល​​ តំណាង​សហ​ជីព​ អ្នក​តវា៉​មក​ពី​បឹង​កក់​ សហគមន៍​ថ្ម​គោល​ បុរី​កីឡា​ និង​ព្រះ​សង្ឃ​មក​ពី​សមា​គម​បណ្តាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​សន្តិ​ភាព​នាំ​គ្នា​អុជ​ធូប​​រួច​មក​ ពួក​គេ​ក៏​បាន​បង្ហោះ​ប៉េង​ប៉ោង​ភ្ជាប់​នឹង​ពាក្យ​ស្លោក​ព្រម​ទាំង​លែង​ចាប​ឱ្យ​រួច​ទុក​្ខ​ទោស​ ។ មន្ត្រី​រូប​នោះ​និយាយ​ថា ការ​ប្រមូល​ផ្តុំ​នេះ​មិន​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​នោះ​ទេ​ តែ​ក៏​មិន​ត្រូវ​បាន​សមត្ថ​កិច្ច​រា​រាំង​ដែរ​ ។ បន្ទាប់​មក​ទៀត​ ពួក​គេ​បាន​នាំ​គ្នា​រំសាយ​នៅ​វេលា​ម៉ោង​ជាង​១០​ព្រឹក​ ថ្ងៃ​ដដែល​ ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ផង​ដែរ​ ។ មន្ត្រី​ត​វា៉​ដដែល​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ខាង​មុខ​នេះ​ នឹង​មាន​ការ​ជួប​ជុំ​គ្នា​រវាង​តំណាង​សហ​ជីព​ប្រមាណ​ជាង​១០០​ មក​ពី​បណ្តា​រោង​ចក្រ​នៅ​មុខ​ព្រះ​អង្គ​​ដង​កើ​ ដើម្បី​អុជ​ធូប​បួង​សួង​ បង្ហោះ​ប៉េង​ប៉ោង​ និង​លែង​សត្វ​ព្រម​ទាំង​ដាក់​ញត្តិ​តាម​បណ្តា​ស្ថាន​ទូត​មួយ​ចំនួន​ដូច​ជា​អាមេ​រិក​ ចិន​ បារាំង​ អង់​គ្លេស និង​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​មនុស្ស​២៣​នាក់​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​ចាម​ និង​ស្នើ​ឱ្យ​មាន​ការ​ចរចា​ពី​ប្រាក់​ឈ្នួល​​កម្ម​ករ​ឡើង​វិញ​ ។

ចំពោះ​វត្ថុ​ដែល​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​គោ​រព​បូ​ជា​ ជា​ទី​សក្កា​រៈ​គឺ​ ព្រះ​បរម​សារី​រិក​ធាតុ​ ត្រូវ​បាន​រក​ឃើញ​វិញ​ សង្គម​សីុ​វិល​ដែល​បាន​អះ​អាង​ថា​មាន​ប្រមាណ​ជាង​២០​អង្គ​ការ​ រួម​ទាំង​ព្រះ​សង្ឃ​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ កុម្ភៈ​ បាន​សាទរ​ និង​ស្នើ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ដង្ហែ​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ​ ។ ព្រះ​សង្ឃ​ ប៊ុត​ ប៊ុន​ទីញ​ ដែល​តាង​នាម​ថា​ជា​បណ្តាញ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម​មាន​ថេរ​ដីកា​ថា ការ​រក​ឃើញ​នេះ​ជា​គុណ​សម្បត្តិ​មួយ​ដែល​រដ្ឋា​ភិបាល​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រុក​រក​​ស្រាវ​ជ្រាវ។ ប៉ុន្តែ​រដ្ឋា​ភិបាល​គួរ​តែ​បង្ហាញ​ឱ្យ​មហា​ជន​ឃើញ​ទាំង​អស់​គ្នា​ដឹង​ឮ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ ហើយ​រដ្ឋា​ភិបាល​គួរ​តែ​ដង្ហែ​ព្រះ​សុវណ្ណ​កោដ​្ឋ​ ព្រះ​បរម​សារី​រិក​ធាតុ​ទៅ​តម្កល់​នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ។ ជាមួយ​នេះ រដ្ឋា​ភិបាល​​គួរ​តែ​ដោះ​លែង​មនុស្ស​២៣​នាក់​ដែល​កំពុង​ជាប់​ពន្ធ​នា​គា​រ​ព្រោះ​ថា​ពួក​គាត់​មិន​មាន​កំហុស​នោះ​ទេ​ ៕