បើទោះបីជាទទួលបានកំណើន GDP គួរឱ្យរំភើប ប៉ុន្តែរដ្ឋាភិបាលនៅតែទទួលស្គាល់ថា កំណើនសេដ្ឋកិច្ចនាពេលនេះ មិនបានធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់ពេញចិត្តពេញថ្លើមគ្រប់ៗគ្នានោះទេ ខណៈដែលអ្នកមានទទួលបានប្រយោជន៍ច្រើនបំផុត រីឯអ្នកក្រទទួលបានតិចតួច ។
ឧបនាយករដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bam bang Brodjonegoro បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងនាពេលនេះ គឺបានផ្តល់ផលប្រយោជន៍ដល់អ្នកមានច្រើនជាងអ្នកក្រ ។ លោកថា ប្រសិនបើយើងទទួលបានកំណើនសេដ្ឋកិច្ច៥,៧៨នោះ ប្រជាជនទាំងអស់ប្រហែលជាទទួលបានផលចំណេញវិជ្ជមាន ។ យ៉ាងណាក៏ដោយ បញ្ហានៅត្រង់ថា អ្នកមានទទួលបានផលប្រយោជន៍ច្រើនបំផុត ខណៈដែលអ្នកក្រទទួលបានតិចតួចបំផុត ។
ប្រទេសឥណ្ឌូណេស៊ី បានទទួលកំណើន GDP គួរឱ្យភ្ញាក់ផ្អើលកាលពីត្រីមាសទីបួនឆ្នាំ២០១៣ ពោលគឺកើនទ្បើង៥,៧២% ហើយកំណើនសេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំទទួលបាន៥,៧៨% ដែលធ្វើឱ្យឥណ្ឌូណេស៊ីជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតទីពីរក្នុងចំណោមប្រទេសG20 បន្ទាប់ពីប្រទេសចិន ។ GDP របស់ឥណ្ឌូណេស៊ីបានរក្សាកម្រិតលើ៥%រហូតចាប់តាំងពីឆ្នាំ២០០៩ មកទល់នឹងបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ