Korean Air នឹងបញ្ជាទិញយន្តហោះ Boeing ចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ខ្លួន
2 ម៉ោង មុន
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សកូរ៉េខាងត្បូង Korean Air កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីការបញ្ជាទិញយន្តហោះ និងម៉ាស៊ីនយន្តហោះពីក្រុមហ៊ុន…
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សកូរ៉េខាងត្បូង Korean Air កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីការបញ្ជាទិញយន្តហោះ និងម៉ាស៊ីនយន្តហោះពីក្រុមហ៊ុន ២ របស់សហរដ្ឋអាមេរិក ដោយមានតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងទិញលក់នេះ កើតឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC បានចេញផ្សាយ។
ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Boeing និងក្រុមហ៊ុន Korean Air បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ៣៦,៥ពាន់លានដុល្លារអាមេរិកសម្រាប់យន្តហោះចំនួន ១០៣គ្រឿង។
កិច្ចព្រមព្រៀងនេះ រួមមានយន្តហោះដឹកអ្នកដំណើរ Boeing 787, 777 និង 737 ខណៈកិច្ចព្រមព្រៀងនេះ គឺជាការបញ្ជាទិញយន្តហោះចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន Korean Air។ ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជំរុញឱ្យកូរ៉េខាងត្បូងដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកធ្វើអាជីវកម្មបន្ថែមទៀតជាមួយបណ្តាក្រុមហ៊ុនអាមេរិក។
ទន្ទឹមជាមួយគ្នានោះ ក្រុមហ៊ុន Korean Air កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅ ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងដាច់ដោយឡែកមួយផ្សេងទៀតជាមួយក្រុមហ៊ុនអាមេរិក GE (General Electric) លើការបញ្ជាទិញ និងសេវាថែទាំគ្រឿងម៉ាស៊ីន ដោយមានតម្លៃដល់ ១៣,៧ពាន់លានដុល្លារ។
ក្រុមហ៊ុន Boeing ទទួលបានការបញ្ជាទិញយន្តហោះដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលប្រទេសជាច្រើនបាននឹងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលលោក ត្រាំ លើការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់អាមេរិកមួយនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Korean Air លោក Cho Won-tae ដែលកាលពីថ្មីៗនេះ បានទៅទស្សនារោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Boeing នៅសហរដ្ឋអាមេរិក បានប្រាប់ Reuters កាលពីថ្ងៃទី២៥ ខែសីហា ដូច្នេះថា ការបញ្ជាទិញបំបែកកំណត់ត្រាមួយនេះ នឹងជួយក្រុមហ៊ុនអាកាសចរណ៍កូរ៉េដ៏ធំបំផុតពង្រីកទៅកាន់គោលដៅជាច្រើនទៀតនៅសហរដ្ឋអាមេរិក អាមេរិកឡាទីន និងអាមេរិកខាងត្បូង។
ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា ប្រហែលពាក់កណ្តាលនៃការបញ្ជាទិញថ្មីនៃយន្តហោះចំនួន ១០៣គ្រឿង នឹងជាយន្តហោះ 737 MAX ១០គ្រឿង ហើយក្រៅពីនោះគឺជាយន្តហោះចម្រុះ 777-9 និង 787 ហើយប្រហែល ៨០% នៃយន្តហោះ Boeing ថ្មីនឹងត្រូវជំនួសយន្តហោះដែលមានស្រាប់របស់ក្រុមហ៊ុន។ លើសពីនេះទៀត លោកបន្ថែមថា ក្រុមហ៊ុនមានជំនឿលើក្រុមហ៊ុន Boeing បើទោះជាមានបញ្ហាពីមុនដែលក្រុមហ៊ុនផលិតមួយនេះបានជួបប្រទះក្ដី។
ក្រុមហ៊ុន Korean Air កាលពីឆ្នាំមុនបានប្រកាសថា ខ្លួននឹងបញ្ជាទិញយន្តហោះ 777-9 ២០គ្រឿង និង 787-10 ២០គ្រឿងពីក្រុមហ៊ុន Boeing ជាមួយជម្រើសបញ្ជាទិញ ១០គ្រឿងបន្ថែមទៀតនៅពេលអនាគត។ ប៉ុន្តទោះយ៉ាងណា ការបញ្ជាទិញថ្មី ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅ គឺជាការបញ្ជាទិញដាច់ដោយឡែកពីការទិញនោះ។
ប្រភពពី BBC បានរាយការណ៍ថា នៅថ្ងៃទី២៥ ខែសីហា ដដែលនោះ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សកូរ៉េខាងត្បូង Hyundai Motor Group ក៏បានប្រកាសថា ខ្លួនកំពុងតែបង្កើនការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិកពីចំនួន ២១ពាន់លានដុល្លារ ទៅដល់ ២៦ពាន់លានដុល្លារ។
ចែករំលែកព័តមាននេះ