ខេត្តកំពង់ស្ពឺ ៖ ការប្តេជ្ញាចិត្ត និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនវីរកងទ័ពជួរមុខ គឺជាមហាកម្លាំង និងជាមហាកំផែងដ៏រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិ និងសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល ។

នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ឆ្នាំ ដែលរងរបួស ដោយការទម្លាក់គ្រាប់ពីយន្តហោះនៃទ័ពសៀម ក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាបានរងនូវការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ ហើយបានប៉ះទង្គិចគ្នាអាវុធតូចធំ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យវីរកងទ័ពជួរមុខរបស់យើងរងរបួស និងពលីជីវិត ។ ប៉ុន្តែភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរពពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល និងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ពរបស់យើង ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះបាត់បង់ និងរងរបួសក្នុងសមរភូមិឈ្លានពាននៃប្រទេសជិតខាង ។
ក្នុងនោះលោកបានសង្កត់ធ្ងន់ថា ការមកដល់របស់ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះ គឺជាសញ្ញាដែលចង់បញ្ជាក់ថាបងប្អូនវីរកងទ័ពយើងដែលរងរបួស ដោយការយកដើមទ្រូងទៅពាំងគ្រាប់ ដើម្បីជាតិ មាតុភូមិមិនឯកាទេ ពោល គឺបងប្អូនកងទ័ពយើងពិតជាទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជាជាង១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា ។

ហើយទន្ទឹមនោះត្រូវរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ។ ហើយសូមបន្តទុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនយើងវិញ ៕
ចែករំលែកព័តមាននេះ