ខេត្តបន្ទាយមានជ័យ ៖ ពេលយប់ប្រជាពលរដ្ឋជាច្រើននាក់បានក្រាលតង់ និងចងអង្រឹងអង្គុយយាមការពារមិនអោយទាហានថៃលួចចូលដាក់លួសបន្លា កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ប្រជាពលរដ្ឋបានប្រាប់ថា នៅយប់នេះ ប្រជាពលរដ្ឋជាច្រើននាក់បានសម្រេចចិត្តនាំគ្នាក្រាលតង់ និងចងអង្រឹងអង្គុយយាមការពារមិនអោយទាហានថៃលួចចូលដាក់លួសបន្លារំលោភបំពានមកលើទឹកដីកម្ពុជា ដោយខ្លះដេក ខ្លះទៀតអង្គុយយាម ដោយមានការផ្លាស់ប្តូរវេនគ្នាមានប្រុស-ស្រី។

ប្រជាពលរដ្ឋបានបញ្ជាក់ថា មូលហេតុដែលពួកគាត់នាំគ្នាមកក្រាលតង់នៅចំណុចទាហានថៃដែលមកដាក់លួសបន្លាកាលពីល្ងាច ព្រោះជាការព្រួយបារម្ភខ្លាចទាហានថៃលួចចូលមកដាក់លួសបន្លានៅពេលយប់ ក្រោយដាក់ពេលថ្ងៃបានបរាជ័យ ត្រូវបានប្រជាពលរដ្ឋប្រមូលយកទៅទុក ។ បើសិនជាទាហានថៃព័ទ្ធលួសបន្លាយកចំការអំពៅ ប្រជាពលរដ្ឋពិតជាលំបាក ព្រោះតំបន់នេះជាទឹកដីកម្ពុជាដែលអាស្រ័យផលតកូនតចៅមកហើយរាប់ឆ្នាំមកហើយ ។

លោក តុល សារិន មេឃុំអូរបីជាន់បានបញ្ជាក់ថា នេះជាស្មារតីរបស់បងប្អូនប្រជាពលរដ្ឋដែលអង់អាចក្លាហាន ដើម្បីការពារមិនឱ្យទាហានថៃមកដាក់លួសបន្លា ព្រោះរយៈពេលកន្លងមក ទាហានថៃបានដាក់លួសបន្លាហ៊ុមព័ទ្ធផ្ទះប្រជាពលរដ្ឋអស់ចំនួន១២ខ្នងផ្ទៈ ស្មើ១២គ្រួសារ ក្នុងនោះមានភូមិជោគជ័យមានចំនួន៦ខ្នងផ្ទៈ ភូមិព្រៃចាន់៦ខ្នងផ្ទៈ ហើយពួកគាតគ្មានលំនៅឋានរស់នៅបាននាំគ្នាមកបោះតង់ក្បែររបងលួសបន្លាបានត្រឹមតែមើលឃើញផ្ទៈមិនបានចូលរស់នៅ ។
ចែករំលែកព័តមាននេះ