ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធរបស់លោកត្រាំ អាចជួយកាត់បន្ថយឱនភាពថវិកាអាមេរិកបានដល់៤ទ្រីលានដុល្លារ

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការិយាល័យ​ថវិកា​សភា​អា​មេ​រិ​ក ហៅ​កាត់​ថា CBO កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ បាន​ប្រកាស​ថា ការ​ដំឡើង​ពន្ធ​របស់​លោក​ប្រធានាធិបតី…

សហរដ្ឋអាមេរិក ៖ ការិយាល័យ​ថវិកា​សភា​អា​មេ​រិ​ក ហៅ​កាត់​ថា CBO កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ បាន​ប្រកាស​ថា ការ​ដំឡើង​ពន្ធ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក អាច​កាត់​បន្ថយ​ឱនភាព​ថវិកាជាតិ​បាន​ចំនួន​រហូត​ដល់ ៤​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​១​ទសវត្សរ៍​ក្រោយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ទីភ្នាក់ងារ CBO ដែល​ជា​ក្រុម​វិភាគ​មិន​លំអៀង​ទៅ​កាន់​បក្ស​ណាមួយ​របស់​សភា​អា​មេ​រិ​ក បានឱ្យ​ដឹង​ថា ប្រសិនបើ​ការ​ដំឡើង​ពន្ធ​សកល​របស់​លោក ត្រាំ នៅ​តែ​បន្ត នោះ​ការ​កើនឡើង​ប្រាក់​ចំណូល​នឹង​អាច​កាត់​បន្ថយ​ឱនភាព​បឋម​ចំនួន ៣,៣​ទ្រី​លាន​ដុល្លារ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រាក់​សហព័ន្ធ​ចំនួន ០,៧​ទ្រី​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​១​ទសវត្សរ៍​ខាង​មុខ​។

យ៉ាងណាមិញ អត្រាពន្ធគយ​កម្រិត​ខ្ពស់​បច្ចុប្បន្ន​របស់​លោក ត្រាំ អាច​នឹង​មិន​រក្សា​ថេរ​បាន​នោះ​ទេ ដោយសារ​តែ​ការ​ចរចា​ជាមួយ​បណ្តា​ដៃគូ​ពាណិជ្ជកម្ម និង​ការ​ប្រឈម​ផ្នែក​ច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​ចំណូល​ពន្ធ​បន្ថែម អាច​ជួយ​ទូទាត់​ការ​កើនឡើង​នៃ​ឱនភាព​ថវិកា​ដែល​បង្ក​ឡើង​ដោយ​ការ​កាត់​ពន្ធ និង​ការ​ចំណាយ​ដ៏​ខ្ពស់​របស់​គណបក្ស​សាធារណរដ្ឋ ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​នេះ​។ ទីភ្នាក់ងារ CBO បាន​ប៉ាន់​ប្រមាណ​ថា កត្តា​ទាំងនេះ នឹង​ពង្រីក​ឱនភាព​ថវិកា​ចំនួន ៣,៤​ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​១​ទសវត្សរ៍​ក្រោយ​។

ការ​ប៉ាន់​ប្រមាណ​ចុង​ក្រោយ​របស់​ទីភ្នាក់ងារ CBO បង្ហាញ​ពី​ការ​កើនឡើង​ច្រើន​ជាង​បើ​ធៀប​នឹង​ការ​ពី​ព្យាករណ៍​កាលពី​ខែមិថុនា​កន្លង​ទៅ​របស់​ខ្លួន ដោយនៅ​ពេល​នោះ CBO បាន​ប្រកាស​ថា ពន្ធ​របស់​លោក​ប្រធានាធិបតី ត្រាំ នឹង​អាច​កាត់​បន្ថយ​ឱនភាព​បឋម​ចំនួន ២,៥​ទ្រី​លាន​ដុល្លារ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រាក់​សហព័ន្ធ​ចំនួន ៥០០​ពាន់​លាន​ដុល្លារ​។

បើ​យោង​តាម​ក្រសួង​រតនាគារ​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា បំណុល​សហព័ន្ធ​អា​មេ​រិ​កបាន​កើន​ដល់​ចំនួន ៣៧,១៨​ទ្រី​លាន​ដុល្លារ ដោយ​បាន​បន្ត​កើនឡើង​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ ខណៈ​សភា​អា​មេ​រិ​ក​បន្ត​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​ចំណាយ​ប្រាក់​ច្រើន​ជាង​ចំណូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ