មកដល់ពេលនេះពពួកសត្វល្អិតដែលខាំហើយបឺតឈាមគឺមានជាច្រើនប្រភេទ ហើយសូម្បីតែមូស សង្កើច ចៃ ពពួកសត្វមមុង ជាដើម គឺសុទ្ធតែអាចបង្ករមេរោគនិងកើតជំងឺកាចសាហាវ។ ដូច្នេះចូរប្រុងប្រយ័ត្ន ។
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មកដល់ពេលនេះពពួកសត្វល្អិតដែលខាំហើយបឺតឈាមនេះ គឺជាប្រភពចម្លងមេរោគ ឫ បាក់តេរី ឫ ពពួកប៉ារ៉ាស៊ីតចូលមកក្នុងខ្លួនមនុស្សបានប្រមាណជា១៧ភាគរយនៃជំងឺឆ្លងទាំងអស់ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាង ៧សែន នាក់ក្នុងមួយឆ្នាំ។
អង្គការដដែលនោះបានឲ្យដឹងថា នៅក្នុងចំណោមសត្វល្អិតទាំងនោះ មូសត្រូវបានគេដឹងថា គឺជាសត្វល្អិតដែលអាចចម្លងមេរោគ ប៉ារ៉ាស៊ីត ឫ បាក់តេរី នេះច្រើនជាងគេ ពោលគឺរហូតដល់ទៅ ១២ មុខ ក្រៅពីនោះគឺនៅមានពពួកសត្វល្អិតផ្សេងៗទៀត ។
មកដល់ពេលនេះ គ្រុនឈាមវាគឺជាជំងឺដែលអង្គការសុខភាពពិភពលោកអះអាងថាបានឆ្លងច្រើនជាងគេនៅក្នុងចំណោមជំងឺដែលកើតដោយសត្វល្អិតខាំនិងបឺតឈាម ។
ជំងឺគ្រុនឈាម វាគឺជាជំងឺឆ្លងរាលដាលបំផុតដែលចម្លងដោយមូសខ្លា ហើយមនុស្សជាង ៣,៩ ពាន់លាននាក់នៅក្នុងប្រទេសជាង ១៣២ ដោយរួមទាំងកម្ពុជាបានកំពុងតែប្រឈមនឹងហានិភ័យនៃការឆ្លង ។ ជំងឺនេះឆ្លងដល់មនុស្សប្រមាណថាមាន ៩៦ លាននាក់ ហើយករណីស្លាប់គឺមាន ៤0.000 នាក់នៅក្នុងមួយឆ្នាំ ។
ដោយឡែក ជំងឺគ្រុនចាញ់ ក៏ជាជំងឺដែលគេរកឃើញថា បានឆ្លងរីករាលដាលគួរសមដែរ ។ វាគឺជាជំងឺដែលកើតពីការឆ្លង ប៉ារ៉ាស៊ីតដែលចម្លងដោយមូស ដែកគោល។ ជំងឺគ្រុនចាញ់ បានឆ្លងរីករាលដាលដល់មនុស្សសរុបប្រមាណជា ២៤៩ លានករណីនៅទូទាំងពិភពលោក ហើយបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាង ៦0៨.000 ជារៀងរាល់ឆ្នាំ ។ ការស្លាប់ភាគច្រើនកើតឡើងចំពោះកុមារអាយុក្រោម៥ ឆ្នាំ។
ជំងឺមេរោគផ្សេងទៀតដែលឆ្លងដោយមូសរួមមាន គ្រុនឈីកុនហ្គូយ៉ា គ្រុន Zika គ្រុនលឿង គ្រុនក្តៅ West Nile រលាកខួរក្បាលជប៉ុន ជាដើម ។
ពពួកជំងឺដែលឆ្លងតាមសត្វល្អិតខាំនិងបឺតឈាមនេះ គឺជាដំណើរការនៃការឆ្លងមេរោគដែលជាគឺអង្គនៃសារពាង្គកាយមានជីវិតដែលអាចចម្លងមេរោគឆ្លងរវាងមនុស្សនិងមនុស្ស ឬពីសត្វទៅមនុស្ស។
អង្គការសុខភាពពិភពលោកបានលើកឡើងថា សូមកុំប្រហែស ពីព្រោះថា ជំងឺខ្លះ ទោះបីជាវាមិនសម្លាប់ជីវិតមនុស្សក៏ដោយ ប៉ុន្តែវាអាចឲ្យមនុស្សមានជំងឺរ៉ាំរ៉ៃ និង ទ្រុឌទ្រោមសុខភាពអស់មួយជីវិតបាន ។
ស្ថាប័នសុខភាពសាកលមួយនេះ ក៏បានព្រមានផងដែរ ភាពក្រីក្រ និង បម្រែបម្រួលអាកាសធាតុ អាចឲ្យ សហគមន៍ជាច្រើនរងគ្រោះ ដោយសារតែការរីករាលដាលនៃពពួកជំងឺដែលកើតពីសត្វល្អិតទាំងនោះកើនឡើងយ៉ាងស្ងៀមស្ងាត់ ហើយវាអាចចម្លងពីតំបន់មួយទៅតំបន់មួយ តាមរយៈ សំណុំនៃភាពស្មុគស្មាញនៃកត្តាប្រជាសាស្ត្រ បរិស្ថាន និងសង្គម ក៏ដូចជាសេដ្ឋកិច្ច។
សរុបទៅមិនមែនគ្រប់ករណីនៃជំងឺដែលឆ្លងដោយពពួកសត្វល្អិតខាំហើយបឺតឈាម គឺសុទ្ធតែមាននៅកម្ពុជាទាំងអស់នោះទេ ប៉ុន្តែជារួមភាគច្រើននៃជំងឺដែលបង្កឡើងដោយមូសខ្លា និងមូសដែកគោលគឺមាន ច្រើនករណីដែរ ដែលទាមទារការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតពីភាគីពាក់ព័ន្ធទាំងអស់ ។
ចែករំលែកព័តមាននេះ