រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមានខ្លឹមសារទាំងស្រុងដូចខាង ក្រោម ៖
«រឿងថ្មី នៃមេរៀនចាស់!» មេរៀនចាស់ដដែលៗ ដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយឆាតទោទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លងក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាផ្អែមល្ហែមហៅគ្នាប្រពន្ធសម្លាញ់ប្តីសម្លាញ់ពេញៗមាត់ និងពេល ខ្លះសុំជួបក្រុមគ្រួសារដោយសន្យាចូលស្តីដណ្តឹងតាមច្បាប់ និងពេលខ្លះបានកំណត់ថ្ងៃភ្ជាប់ពាក្យទៀតផង បន្ទាប់ពីនារីរងគ្រោះជឿងលង់ស៊ប់ហើយ ជនសង្ស័យក៏ចាប់ផ្តើមបោកបញ្ឆោតល្បួង លួងលោមឲ្យនារីនៅថតរូបអាក្រាត បង្ហាញដល់ជនសង្ស័យ ដោយសម្អាងថា គង់នឹងក្លាយជាប្តីប្រពន្ធជាមួយគ្នាឆាប់ៗ ធ្វើឲ្យជនរងគ្រោះភ្លេចគិតត្បិតយល់ថា ស្និទ្ធិស្នាលខ្លាំង ផ្អែមល្ហែមខ្លាំង ធ្វើឲ្យស្រឡាញ់ខ្លាំង ក៏ព្រមបើកបង្ហាញ។
ក្រោយពេលមានរូបអា ក្រាតជនរងគ្រោះនៅក្នុងដៃហើយ ជនសង្ស័យក៏ចាប់ផ្តើមប្រើល្បិចសុំខ្ចីលុយ ដោយប្រាប់ថាខ្លួន មានបញ្ហាក្នុងមុខរបរ ឬមានបញ្ហាគ្រោះថ្នាក់ចរាចរ ឬមានបញ្ហាខុសច្បាប់ផ្សេងៗ រហូតជនរង គ្រោះអស់លុយឲ្យខ្ចី ឬដឹងខ្លួនមិនព្រមឲ្យលុយជនសង្ស័យខ្ចី ទើបជនសង្ស័យយករូបអាក្រាតមកគំរាមទារប្រាក់តែម្តង។
ស្តាប់ទៅហាក់បីដូចថា ជនរងគ្រោះឆោតល្ងង់តែជាក់ស្តែងមនុ ស្សយើងពេលលង់លើអ្វីមួយហើយ គឺតែងតែទុកចិត្តភ្លេចគិតនិង ពិចារណា មិនថាយើងមិនថាគេ ព្រោះករណីទាំងនេះអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានទទួលបណ្តឹងធ្វើការបង្ក្រាបនិងបានផ្សព្វផ្សាយជាច្រើនលើកមកហើយ ដោយមានអ្នកខ្លះរងគ្រោះអស់ប្រាក់ខ្ទង់ពាន់ដុល្លារអាមេរិក អ្នកខ្លះអស់ខ្ទង់ម៉ឺននិងមានអ្នកខ្លះអស់ដល់ខ្ទង់សែនដុល្លារអាមេរិកផងដែរ។
រឿងថ្មីគឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីនារីម្នាក់ ប្ដឹងចោទប្រកាន់ទៅ លើម្ចាស់គណនី Facebook មួយឈ្មោះ ចាន់ ពិសិដ្ឋ ពីបទ.គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ។ ក្នុងពាក្យបណ្តឹងនោះនារីរងគ្រោះបានរៀបរាប់ថា គណនី Facebook ខាងលើ បាទទំនាក់ទំនងមកសុំស្នេហ៍ខ្លួនដោយប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោម រហូតខ្លួនលង់ចិត្តស្រឡាញ់ ហ៊ាន Call Live Video Facebook អាក្រាតកាយ ឲ្យជន សង្ស័យមើល តែមិននឹកស្មានថា ជនសង្ស័យបានលួចថតចម្លង Videoនោះ ទុកដើម្បីប្រព្រឹត្តបទល្មើសនោះទេ។
បន្ទាប់មកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យបានភូតកុហកថា រថ យន្តរបស់គេដឹកឈើ ត្រូវបានសមត្ថកិច្ចខេត្តរតនគិរីឃាត់ទុក ហើយបើសិនចង់ដោះស្រាយត្រូវមានប្រាក់ ១៥.០០០ ដុល្លារ តែគេថា គេមានលុយនៅនឹងខ្លួនចំនួនតែ ១០ ០០០ ដុល្លារ ខ្វះ ៥ ០០០ ដុល្លារទៀត ដូច្នេះគេចង់ខ្ចីពីខ្លួន ដើម្បីយកទៅលស់រថយ ន្តនោះមកវិញ។ ពេលសុំខ្ចីមិនបាន ស្រាប់តែជនសង្ស័យគំរាមថាគេមានវីដេអូអាក្រាតកាយរបស់ខ្លួន បើសិនជាមិនព្រមប្រគល់ប្រាក់តាមលក្ខខណ្ឌរបស់គេទេ គេនឹងយកវីដេអូអាក្រាតនោះទៅបង្ហោះចែកចាយជាសាធារណៈមិនខាន។
ដោយមានការភ័យខ្លាចខ្លួនក៏បានសុំចរចា រហូតដល់ត្រូវរ៉ូវគ្នាចំនួន១ ០០០ដុល្លារ ដោយជនសង្ស័យឱ្យផ្ញើតាម ទ្រូម៉ានី។ បន្ទាប់ពីផ្ញើប្រាក់១ ០០០ ដុល្លារឲ្យទៅជនសង្ស័យរួចហើយ ជនសង្ស័យនៅតែបន្តគំរាមឲ្យផ្ញើថែមចំនួន១ ០០០ដុល្លារទៀត ពេលនោះជនរងគ្រោះទើបមានការសង្ស័យ ក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញតែម្ដងទៅ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធា នីភ្នំពេញ បានប្រើវិធានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតរកឃើញថា ជនសង្ស័យដែលធ្វើសកម្មភាពបោកបញ្ឆោត និងគំរាមកំហែងដល់ជនរងគ្រោះ មានតម្រុយចេញពីទីតាំងខេត្តស្ទឹង ត្រែង ដូច្នេះកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងជំនាញអាវុធ ហត្ថខេត្តស្ទឹងត្រែង ស្រាវជ្រាវស្វែងរកឃើញក្រុមបក្ខពួករបស់ជនសង្ស័យដែលទៅដកប្រាក់ មានចំនួន០៣នាក់ រួមមាន ៖
១.ឈ្មោះ ម៉ាត់ ស្លាម៉ាស់ ភេទស្រី អាយុ៤១ ឆ្នាំ
២.ឈ្មោះ ឡេន ធីដា ភេទស្រី អាយុ៤២ ឆ្នាំ
៣.ឈ្មោះ ស៊ី វីឡែន ភេទប្រុស អាយុ១៨ ឆ្នាំ ហើយសមត្តកិច្ចបាននាំពួកគេទាំង៣ នាក់យកទៅសាកសួរ។
បន្ទាប់ពី សួរយកចម្លើយ បក្ខពួកជនសង្ស័យទាំង០៣ នាក់នេះរួចមក សមត្ថកិច្ចអាវុធហត្ថ បានរកឃើញជនសង្ស័យនិងអ្នកជាប់ពាក់ព័ន្ធសរុបចំនួន០៣ នាក់ផ្សេងទៀត តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ ជនដែលពាក់ពន្ធសុទ្ធតែជាទណ្ឌិត កំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង គឺ ៖
១-ទណ្ឌិតឈ្មោះ ជាង ខេងលី មានទោសជាប់គុក ៣ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់សារធាតុញៀន (អ្នកបង្កើតគណនីក្លែងបន្លំ និងជាអ្នកទំនាក់ទំនងលួងលោមបោកបញ្ឆោតគំរាមទារប្រាក់ជនរងគ្រោះផ្ទាល់)។
២-ទណ្ឌិតឈ្មោះ ស្រេន ឡាង មានទោសជាប់គុក ១៣ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងសមគំនិតក្នុងអំពើឃាតកម្ម (ជាប្តីរបស់ឈ្មោះ ម៉ាត់ ស្លាម៉ាស់ និងជាអ្នកផ្តល់ទូរស័ព្ទឲ្យ ជាង ខេងលី យកទៅធ្វើសកម្មភាព)។
៣-ទណ្ឌិតឈ្មោះ ហេង សៀវត្រា មានទោសជាប់គុក ៣ឆ្នាំ ពីបទចែកចាយនិងប្រើប្រាស់សារធាតុញៀន (ជាអ្នកជួយលាក់ទូរស័ព្ទ លាក់ស៊ីម ក្នុងពន្ធនាគារទុកឲ្យ ជាង ខេងលី យកទៅធ្វើសកម្មភាព)។
បច្ចប្បន្នជនសង្ស័យនិងបក្ខពួក កំពុងត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បន្តនិតិវិធី។
សង្ឃឹមថារឿងថ្មីនៃមេរៀនចាស់នេះ នឹងក្លាយជាបទពិសោធន៍បន្ថែម ទៅដល់មហាជនឲ្យកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនផងចុះ ៕









ចែករំលែកព័តមាននេះ