ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីត ហេកសិត (Pete Hegseth) បានដកតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅមន្ទីរបញ្ចកោណ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកបីនាក់មកចុះផ្សាយថាអ្នកដែលត្រូវដកតំណែងនោះជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់មន្ទីរបញ្ចកោណ និងមេបញ្ជាការជាន់ខ្ពស់កងទ័ពអាមេរិក២នាក់។ នេះជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតផ្ទៃក្នុងរបស់លោកត្រាំនៅក្រសួងការពារជាតិ។
គេមិនទាន់ដឹងថាតើហេតុអ្វីបានជាឧត្ដមសេនីយ៍ឯកចែហ្វហ្វ៊ី្រ គ្រូស (Jeffrey Kruse) ដែលធ្លាប់ជាប្រធានចារកម្មយោធានៅ ក្រសួងការពារជាតិត្រូវអស់តំណែងនោះទេ។ មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ប្រាប់ថាក្រៅពីលោកគ្រូស លោកហេកសិតក៏បានបញ្ជាឱ្យដកតំណែងប្រធានផ្នែកកងទ័ពជើងទឹកបម្រុង និងមេបញ្ជាការកងទ័ពជើងទឹកពិសេសផងដែរ។
ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះទាំងនោះប្រាប់ថាពួកគេក៏មិនបានដឹងអាថ៌កំបាំងនៅពីក្រោយការបណ្ដេញចេញពីតំណែងទាំងនេះដែរ។ លោកម៉ាក់ វ៉ាណឺ (Mark Warner) ជាប្រធានគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ថ្លែងថាការដកហូតតំណែងមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិបែបនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថារដ្ឋាភិបាលរបស់លោកត្រាំចាត់ទុកវិស័យស៊ើបការណ៍ជាវិញ្ញាសាសាកល្បងភាពស្មោះត្រង់ជាជាងការការពារសន្តិសុខរបស់ប្រទេសជាតិ។ មានន័យថាចង់បានអ្នកអែបអបជាជាងអ្នកបម្រើជាតិដោយស្មោះ។
ដំណឹងស្ដីពីការដកតំណែងនេះចុះផ្សាយមុនគេនៅលើទំព័រសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post)។ ជាទម្លាប់របស់លោកត្រាំ អ្នកណាមាននយោបាយផ្ទុយពីគាត់គឺគាត់ចាត់ការទាំងអស់។ ការដកតំណែងមន្ត្រីបីនាក់នោះជាយុទ្ធនាការបោសសម្អាតមន្ត្រីយោធា ចារកម្ម និងមន្ត្រីអនុវត្តច្បាប់ដែលមានទស្សនៈផ្ទុយពីលោកត្រាំ។ កាលពីខែមេសា លោកត្រាំដកតំណែងឧត្ដមសេនីយ៍ធីម៉ូធី ហូក (Timothy Haugh) ជានាយកទីភ្នាក់ងារសន្តិសុខជាតិ។ កាលនោះ បុគ្គលិកបម្រើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានរាប់សិបនាក់ក៏ត្រូវដកពីតំណែងផងដែរ៕
ចែករំលែកព័តមាននេះ