ទីក្រុងតូក្យូ៖ មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងដែលជួបគ្នានៅទីក្រុងតូក្យូថ្ងៃនេះប្រកាសថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាតិបន្ថែមទៀត។ ការសន្យានេះធ្វើឡើងមុនកិច្ចជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូងជាមួយលោកត្រាំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកលីជេម្យុង នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅប្រទេសជប៉ុនលើកនេះ លោកបានជួបស្វាគមន៍ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកអ៊ីស៊ីបា នៅនិវាសនដ្ឋាននាយករដ្ឋមន្ត្រីនៅតូក្យូ។
របៀបវារៈសំខាន់ៗនៃកិច្ចជំនួបនេះគឺការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ហើយក៏មាននិយាយអំពីការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធផ្នែកសន្តិសុខជាតិជាមួយអាមេរិកដូចដែលមានចែងនៅក្នុងកតិកាសញ្ញាត្រីភាគីដែលថ្នាក់ដឹកនាំប្រទេសទាំងបីកាលពីជំនាន់មុនបានចុះហត្ថលេខារួចហើយ។ ក្រោយកិច្ចជំនួបនេះ ថ្នាក់ដឹកនាំទាំង២បានចេញសេចក្ដីថ្លែងការណ៍រួមដែលមានសេចក្ដីជាអាទិ៍ថានៅក្នុងស្ថានភាពដែលប្រទេសយើងទាំង២កំពុងប្រឈមនឹងបរិយាកាសមិនល្អកាន់តែច្រើនឡើងៗ វាជារឿងសំខាន់ដែលយើងត្រូវពង្រឹងទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយអាមេរិក។
ថ្នាក់ដឹកនាំទាំង២ក៏បានឯកភាពគ្នាថានឹងចាប់ផ្ដើមអនុវត្តនយោបាយការទូតប្រយោល (shuttle diplomacy) ឡើងវិញក៏ដូចជាពង្រីកកម្មវិធីសិក្សាស្វែងយល់គ្នា និងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខសេដ្ឋកិច្ច បញ្ញាសិប្បនិម្មិត និងវិស័យដទៃទៀត។ ប្រទេសទាំង២ក៏បានប្ដេជ្ញាថានឹងរួមគ្នាទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលពីសំណាក់កូរ៉េខាងជើងផងដែរ។
កាលពីមុននេះ ជប៉ុនបារម្ភថារដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីក្រោមការដឹកនាំរបស់លោកលីជេម្យុងដែលមាននិន្នាការឆ្វេងនិយមអាចនឹងរយាលដៃផ្នែកទំនាក់ទំនងជាមួយខ្លួន (ជប៉ុន) ហើយងាកទៅជិតស្និទ្ធជាមួយកូរ៉េខាងជើងវិញ។ លោកលីធ្លាប់រិះគន់ចំណាត់ការរបស់រដ្ឋាភិបាលមុនគាត់ដែលព្យាយាមកែលម្អទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងឡើងវិញបន្ទាប់ពីប្រទេសទាំង២មើលមុខគ្នាមិនសូវចំដោយសារប្រវត្តិជូរចត់ពីអតីតកាលនៅពេលកងទ័ពជប៉ុនត្រួតត្រាឧបទ្វីបកូរ៉េពីឆ្នាំ១៩១០-១៩៤៥។
ប៉ុន្តែលោកលីបានគូសបញ្ជាក់នៅថ្ងៃនេះថាលោកគាំទ្រការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយជប៉ុនដូចអ្វីដែលលោកធ្លាប់សន្យាកាលពីពេលជួបគ្នាជាមួយលោកអ៊ីស៊ីបានៅឯកិច្ចប្រជុំក្រុមប្រទេសជីប្រាំពីរនៅកាណាដាកាលពីខែមិថុនា។ ទោះបីមានចំណុចខ្វែងគំនិតគ្នាដោយសារប្រវត្តិជូរចត់ពីអតីតកាលយ៉ាងណាក្ដី ប៉ុន្តែប្រទេសទាំង២ជាសម្ព័ន្ធមិត្តរបស់អាមេរិកតែមួយ។ ជាពិសេស ជប៉ុនត្រូវការពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕
ចែករំលែកព័តមាននេះ