រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច បន្ទាប់មកបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវនារីរូបនោះជិះម៉ូតូដេញតាមនិងស្រែកថា«ជួយផងៗចោរក់ទូរស័ព្ទដៃហើយ» ។ លុះពេលដេញតាមទាន់ នាងក៏បានជិះម៉ូតូបំបុក បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ ហើយស្របពេលនោះនគរបាលប៉ុស្តិ៍ចោមចៅទី១ ល្បាតទៅដល់ជួយដេញឃាត់ជនសង្ស័យបានទាំង២នាក់តែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះម្នាក់ឈ្មោះម៉ៅ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ម្នាក់ទៀតឈ្មោះទូច សេរីបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃទ័រ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ នគរបាលដកហូតម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០២៥ ស្លាកលេខភ្នំពេញ1KY-0069 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ផងដែរ ។
ដោយឡែកនារីរងគ្រោះឈ្មោះ ហាយ ថារី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ ។
ទូរស័ព្ទដៃរបស់នាងដែលត្រូវជនសង្ស័យឆក់មិនបានសម្រេចនោះម៉ាកIPHONE 12Pro Max ពណ៌មាស និងត្រូវបាននគរបាលប្រគល់ជូននាងវិញហើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៌ ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1KT-4300 តាមផ្លូវបេតុងភូមិទួលពង្រ ខណៈនោះស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1KY-0069 ទៅដល់ឆក់យកទូរស័ព្ទបានសម្រេច ។ បន្ទាប់មកបានជិះម៉ូតូគេចខ្លួន ហើយនារិីរងគ្រោះបានជិះម៉ូតូដេញតាម និងបានស្រែកថា«ជួយផងៗចោរក់ទូរស័ព្ទដៃហើយ» លុះពេលដេញតាមទាន់ នារីរងគ្រោះក៏បានជិះម៉ូតូបំបុក បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ ។
សមត្ថកិច្ចដដែលបានប្រាប់ឲ្យដឹងបន្តថា ជនសង្ស័យបានព្យាយាមក្រោករត់ ប៉ុន្តែស្របពេលនោះ នគរបាលប៉ុស្តិ៍ចោមចៅទី១ ជិះម៉ូតូល្បាតទៅតដល់ជួយដេញតាមឃាត់ជន សង្ស័យបានទាំង០២នាក់ ព្រមទាំងដកហូតយកទូរស័ព្ទដៃបានមកវិញ
រួចប្រគល់ជូននារីរងគ្រោះវិញ ។ ក្រោយពេលឃាត់ខ្លួន នគរបាលបាននាំខ្លួនជនសង្ស័យទាំង០២នាក់ទៅកាន់ប៉ុស្តិ៍ចោមចៅទី១ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ