ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ស្រី​០៥​នាក់ នាំ​គ្នា​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​ជម្រៅ​ជាង​១០​ម៉ែត្រ លង់​ស្លា.ប់​ម្នាក់

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស និង​ស្រី ចំនួន​៤​នាក់ នាំ​គ្នា​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​ជម្រៅ​ជាង​១០​ម៉ែត្រ តាម​កាំជណ្ដើរ​ស្រះ​ទឹក​នោះ ចំណែក​ក្មេង​ស្រី​ម្នាក់​ទៀត ​ទៅ​ជាមួយ​គ្នា​ដែរ ប៉ុន្តែ​អត់​ចុះ​លេង​នឹង​គេ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស និង​ស្រី ចំនួន​៤​នាក់ នាំ​គ្នា​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​ជម្រៅ​ជាង​១០​ម៉ែត្រ តាម​កាំជណ្ដើរ​ស្រះ​ទឹក​នោះ ចំណែក​ក្មេង​ស្រី​ម្នាក់​ទៀត ​ទៅ​ជាមួយ​គ្នា​ដែរ ប៉ុន្តែ​អត់​ចុះ​លេង​នឹង​គេ​ឡើយ ហើយ​កាំជណ្ដើរ​ស្រះ​នោះ​ត្រាំ​ទឹក​យូរ​មាន​ស្លែរ​កាន់ ។

ខណៈនោះ​មាន​បុរស​ម្នាក់ ​ដែល​ទៅ​លេង​នៅ​ក្នុង​វត្ត​នោះ​ដែរ បាន​ទៅ​ហាមឃាត់​ក្មេង​ៗ​ខាងលើ​៥​ទៅ​៦​ដង កុំ​ឲ្យ​លេង​ទឹក​អី ​ព្រោះ​ខ្លាច​លង់​ស្លាប់ ប៉ុន្តែ​ក្មេង​ៗ​អត់​ព្រម​ស្ដាប់ ហើយ​សើច​ឌឺ​ទៀត ហើយ​បុរស​នោះ​ក៏​ដើរ​ចេញ ។

លុះ​ក្រោយមក​ក្មេង​ៗ​ទាំងនោះ ​រអិល​ស្លែ​ធ្លាក់​ចេញពី​កាំជណ្ដើរ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក ចំណែក​មិត្តភក្ដិ​៣​នាក់​ទៀត ​ម្នាក់​ចេះ​ហែល​ទឹក រីឯ​ ២​នាក់​ត្រូវ​បាន​មិត្ដភក្ដិ​ម្នាក់​ ដែល​នៅ​លើគោក​ បោះ​ខ្សែ​ឲ្យ​តោង ទើប​រួច​ផុត​ពី​សេចក្ដីស្លាប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​តាំង​កសាង​ខាងជើង ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ សុខ មុនី ក​ញ្ច​នា អាយុ​៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ រៀន​នៅ​សាលា​បឋម​សិក្សា​វត្ត​តាំង​កសាង​ខាងត្បូង នាង​មាន​ម្ដាយ​ឈ្មោះ​ខិល មុំ អាយុ​៤១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ឪពុក​ឈ្មោះ​សុខ សាយ អាយុ​៤៩​ឆ្នាំ ជា​ជន​ពិការ ។ គ្រួសារ​មួយ​នេះ​ មាន​គ្នា​តែ​៣​នាក់​ ឪពុក ម្ដាយ និង​កូនស្រី​តែ​ប៉ុណ្ណោះ មានស្រុក​កំណើត​នៅ​ភូមិ​គោល ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង។ សាកសព​របស់​នាង ​ត្រូវ​បាន​ក្រុម​រុករក ​និង​សង្គ្រោះ​កងពលតូច​ទ័ព​ពិ​​សេស​ឆ័​ត្រ​យោង​៩១១ រាវរក​ឃើញ​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ដដែល​នោះ ។

ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​ថា គាត់​និង​ប្ដី​មាន​តែ​កូនស្រី​ម្នាក់​នេះ​គត់ រាល់ថ្ងៃ​គាត់​ និង​កូនស្រី​បាន​ស្នាក់​នៅ​ជាមួយ​គ្នា​នៅផ្ទះ​ជួល​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ប្ដី​គាត់​ស្នាក់​នៅផ្ទះ​មួយទៀត​នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល។ ជា​រៀងរាល់ថ្ងៃ ​នៅ​ពេល​កំពុងធ្វើការ ហើយ​កូន​ទៅ​រៀន ឬ​ចេញពី​រៀន​គាត់​តែងតែ​ខ​ល​ទៅ​រក​កូនស្រី​៣​ទៅ​៤​ដង ហាម​មិន​ឲ្យ​កូន​ដើរ​លេង​ផ្ដេសផ្ដាស​ទេ ។

ស្ត្រី​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​ ខណៈ​ដែល​គាត់​កំពុងធ្វើការ​កូនស្រី​បាន​ខ​ល​សុំ​ទៅ​ដើរ​លេង​វត្ត​តាំង​កសាង​ខាងជើង ពេល​នោះ​គាត់​បាន​សួរ​ថា ​«​កូន​ឯង​ទៅ​ប៉ុន្មាន​នាក់ ? កូន​ឆ្លើយ​ថា​ទៅ​៥​នាក់» ហើយ​គាត់​ក៏​អនុញ្ញាត​ឲ្យ​ទៅ ប៉ុន្តែ​គាត់​បាន​ហាម​កូន​កុំ​ឲ្យ​ចុះ​លេង​ទឹក។ បន្ទាប់​មក​គាត់​ក៏​បាន​ធ្វើការ​ជា​ធម្មតា លុះ​ក្រោយ​ស្រាប់តែ​មាន​គេ​ខ​ល​ប្រាប់​ថា​កូនស្រី​គាត់​លង់ទឹក​ស្លាប់​ហើយ ពេល​នោះ​គាត់​ក៏​ចេញពី​ធ្វើការ​ទៅ​កាន់​កន្លែង​កើតហេតុ​ទាំង​ការ​តក់ស្លុត​បំផុត ។

បើ​តាម​ក្មេង​ៗ ៤​នាក់​ទៀត ​ដែល​នៅរ​ស់បាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ពួក​គេ​ទាំង​៤​នាក់​រួម​និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​ក្នុង​វត្ត​ខាងលើ​នោះ លុះ​ពេល​ទៅ​ដល់​បាន​ចុះ​លេង​ទឹក​៤​នាក់​ក្នុង​នោះ​ប្រុស​១​នាក់​និង​ស្រី​៣​នាក់ ដោយ​បាន​ចុះ​តាម​កាំជណ្ដើរ​ស្រះ​ទឹក។ ចំណែក​មិត្តភក្ដិ​ស្រី​ម្នាក់​ទៀត​ឈរ​នៅ​ខាងលើ​អត់​ចុះ​លេង​នោះ​ទេ ខណៈនោះ​ដោយសារ​កាំជណ្ដើរ​មាន​ស្លែ​កាន់ ក៏​បាន​រអិល​ជើង​ធ្លាក់​ចេញពី​កាំជណ្ដើរ​ចូល​ទៅ​ក្នុង​ទឹកស្រះ ហើយ​ផុត​ជើង​ផុតដៃ​ទាំងអស់​គ្នា ។

ក្មេង​ៗ​ទាំងនោះ​បាន​និយាយ​រៀបរាប់​ទៀត​ថា ពេល​នោះ​មិត្ត​ស្រី​ម្នាក់​ដែល​នៅ​លើគោក​អត់​ចុះ​លេង​ទឹក​នោះ បានរ​ត់ទៅ​យក​ខ្សែ​បោះ​ឲ្យ​តោង ហើយ​ជួយ​បាន​ស្រី​ម្នាក់​និង​ប្រុស​សម្នាក់។ រីឯ​មិត្ត​ស្រី​ម្នាក់​ទៀត​ចេះ​ហែល​ទឹក ក៏​បាន​ហែល​ឡើងគោក​រួច​ផុត​ពី​សេចក្ដីស្លាប់​ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង បន្ទាប់​មក​អ្នក​នៅរ​ស់បាន​នាគ​គ្នារ​ត់ទៅ​ប្រាប់​បុរស​ម្នាក់​នៅ​ជិត​នោះ​ឲ្យ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

បើ​តាម​បុរស​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ទៅ​លេង​នៅ​ក្នុង​វត្ត​នោះ ហើយ​បានឃើញ​ក្មេង​ទាំង​៥​នាក់​ខាងលើ​កំពុង​លេង​ទឹកស្រះ ពេល​នោះ​គាត់​បាន​ទៅ​ហាមឃាត់​៥​ទៅ​៦​ដង​កុំ​ឲ្យ​ពួក​គេ​លេង​ទឹក​អី។ ប៉ុន្តែ​ក្មេង​ៗ​ទាំងនោះ​មិន​ស្ដាប់​សោះ ហើយ​សើច​ឌឺ​គាត់​ថែម​ទៀត​ផង ហើយ​គាត់​ក៏​នៅ​ឈរ​មើល​ព្រោះ​ខ្លាច​ក្មេង​ៗ​នេះ​លង់ទឹក លុះ​ក្រោយមក​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់ គាត់​ក៏​ដើរ​ចេញពី​ទីនោះ​ទៅ​ជ្រក​នៅ​ចេតិយ៍​ក្នុង​វត្ត ។ ស្រាប់តែ​ឃើញ​ក្មេង​៤​នាក់រ​ត់ទៅ​ប្រាប់​គាត់​ថា ជួយ​ពួកម៉ាក​ខ្ញុំ​ផង​ពួកម៉ាក​ខ្ញុំ​លង់ទឹក​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​គាត់រ​ត់ទៅ​មើល​តែ​ក្មេង​ស្រី​នោះ​លិចទៅ​ក្នុង​ទឹក​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​ទាក់ទង​ទៅ​ក្រុម​រុករក​និង​សង្គ្រោះ​កងពលតូច​ទ័ព​ពិ​សេស​ឆ័​ត្រ​យោង​៩១១ ​ដើម្បី​រាវរក​និង​បាន​រក​ឃើញ​សព​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​រួច​ប្រគល់​សព​ឲ្យ​ឪពុក​ម្ដាយ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ