បរទេស ៖ តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសអ៊ុយក្រែនបានបង្កើនការវាយប្រហារលើទីតាំងថាមពលរបស់ប្រទេសរុស្ស៊ី ដោយបង្កើតក្តីបារម្ភពីការផ្គត់ផ្គង់ប្រេងរុស្ស៊ីអាចត្រូវបានរំខាន ខណៈពេលដែលការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក បានជំរុញចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងឥន្ធនៈ។
អនាគតប្រេងឆៅម៉ាក Brent ដែលជាប្រេងស្តង់ដារអន្តជាតិបានកើនឡើង ១៥ សេន ឬ ០,២២% ក្នុងតម្លៃ ៦៧,៨៨ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង២នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។ អនាគតប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ១៦ សេន ឬ ០,២៥% ក្នុងតម្លៃ ៦៣,៨២ដុល្លារក្នុង១បារ៉ែល។
ក្រុមមន្ត្រីរុស្ស៊ីអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនលើរុស្ស៊ី កាលពីថ្ងៃទី២៤ ខែសីហា ប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពរបស់រ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់រុស្ស៊ី និងបានបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឯស្ថានីយនាំចេញប្រេងឥន្ធនៈ Ust-Luga។
បន្ថែមពីលើនេះ អណ្តាតភ្លើងគ្របដណ្តប់នៅរោងចក្រចម្រាញ់ប្រេង Novoshakhtinsk របស់រុស្ស៊ី ដែលបង្កឡើងដោយការវាយប្រហារពីដ្រូនអ៊ុយក្រែន បាននឹងកំពុងឆាបឆេះឈានដល់ថ្ងៃទី៤ កាលពីថ្ងៃទី២៤ ខែសីហា។ រោងចក្រនេះ ចម្រាញ់ប្រេងឥន្ធនៈជាចម្បងសម្រាប់នាំចេញ និងមានសមត្ថភាពផលិតផលប្រចាំឆ្នាំចំនួន ៥ លានតោន ឬប្រហែល ១០ម៉ឺនបារ៉ែលក្នុង១ថ្ងៃ។
អ្នកវិភាគទីផ្សារបានលើកឡើងថា ដោយសារភាពជោគជ័យរបស់អ៊ុយក្រែនជាមួយការកំណត់គោលដៅរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីនោះ ហានិភ័យសម្រាប់ប្រេងឆៅកំពុងស្ថិតនៅចំណុចកំពូល។
ក្តីបារម្ភរបស់បណ្តាវិនិយោគិនកើតឡើង បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញពីផែនការកាត់បន្ថយអត្រាការប្រាក់ ដែលអាចកើតមានក្នុងកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក នៅខែក្រោយ៕ ប្រភព ៖ Reuters និង Oilprice.com

ចែករំលែកព័តមាននេះ