ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់ និងអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ឯកភាពលើគម្រោង បោសសម្អាតមីនតោនតាមសហគមន៍

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា​ជាមួយ​លោក Takayama Ryori ប្រធាន​អង្គការ​បោសសម្អាត​មីន…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា​ជាមួយ​លោក Takayama Ryori ប្រធាន​អង្គការ​បោសសម្អាត​មីន និង​អភិវឌ្ឍ​សហគមន៍ (IMCCD) បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​លើ​គម្រោង «​បោសសម្អាត​មីនតោន​តាម​សហគមន៍​» ដើម្បី​អនុវត្ត​ការ​បោសសម្អាត​គ្រាប់​មីន​ប្រឆាំង​យាន្ត​យន្ត នៅ​តំបន់​ដែល​មាន​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ និង​ដើម្បី​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​ប្រសើរ ។

ឯកឧត្តម ហេង រតនា ក្នុង​ពិធី​ដែល​បាន​ចុះហត្ថលេខា នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០២៥​នៃ​កិច្ចសហការ​នេះ ត្រូវ​អនុវត្ត​គម្រោង​បោសសម្អាត​មីន ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ។ គម្រោង​នេះ​នឹង​ផ្តើម​ចាប់​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៦ ។

គួរ​បញ្ជាក់​ថា អង្គការ​បោសសម្អាត​មីន និង​អភិវឌ្ឍ​សហគមន៍ (IMCCD) បាន​ចាប់ផ្ដើម​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​អង្គភាព CMAC តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០២៥​នេះ គម្រោង​នេះ មាន​រយៈពេល​១៥​ឆ្នាំ​ហើយ ។ គម្រោង IMCCD នេះ​ផ្ដោត​សំខាន់​លើ​ការ​បោសសម្អាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស និង​សំណល់​យុទ្ធ​ភ​ណ្ឌ័​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជា​ពិសេស​ការ​បោសសម្អាត​គ្រាប់​មីន​ប្រឆាំង​រថក្រោះ ។

តាម​រយៈ​គម្រោង IMCCD​នេះ បាន​ចូលរួម​ចំណែក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​សុខ​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ដី​ធ្វើ​កសិកម្ម សង់​លំនៅ​ដ្ឋា​ន សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ជា​ពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ក៏​ដូច​ជា សង្គម ។

គួរ​រំលឹក​ថា លោក​Takayama Ryori ជា​អតីត​កងទ័ព​ជប៉ុន និង​បាន​ចូលរួម​ចំណែក​ក្នុង​បេស​សកម្ម UNTAC នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣ និង​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​សកម្មភាព​កម្ចាត់​មីន ជាង​២៥​ឆ្នាំ​មក​ហើយ ។ នៅ​ដើមឆ្នាំ​២០០០ លោក​បាន​ផ្តួចផ្តើម​ការ​ដោះ​មីន នៅ​ឃុំ​ដែល​មាន​គ្រាប់​មីន​ច្រើន និង​មនុស្ស​រស់នៅ​ច្រើន​ដែរ គឺ​ជ្រើសរើស​យក​ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ជា​ឃុំ​មាន​គ្រាប់​មីន​ច្រើន និង​ស្ថិត​ជាប់​ជាមួយ​ព្រំដែន​ថៃ ។

លោក​បាន​បោសសម្អាត​គ្រាប់​មីន​ផង ចលនា​សប្បុរ​ជនក​សាង​សាលារៀន​ផង និង​ជា​ពិសេស​លោក Takayama បាន​ចូលរួម​កៀរគរ​អ្នក​វិនិយោគ​ជប៉ុន បាន​កសាង​រោងចក្រ​ខ្នាត​មធ្យម​ចំនួន​៥​រោងចក្រ នៅ​តំបន់​ដាច់​ស្រយាល រហូត​បាន​ផលិត​សុរា​ខ្មែរ​ផលិត​ពី​ដំឡូង និង​ស្វាយកែវ​ម្មៀត ទៅ​ប្រឡង​ជាប់​ថ្នាក់​ស្រា​ល្អ​នៅ​ប្រទេស​បារាំង​ទៀត​ផង ។

ឯកឧត្តម ហេង រតនា បាន​បញ្ជាក់​ដែរ​ថា​« ខ្ញុំ​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជាមួយ​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ទើបតែ​ដាក់​ចេញ​ថ្មី​ៗ​នេះ ក្នុង​ការ​ពង្រឹង​កិច្ចសហការ​បោសសម្អាត​គ្រាប់​មីន នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ផ្តល់​អាទិភាព​ជា​ចំបង​ចំពោះ​ទីតាំង​ណា​ដែល​មាន​មនុស្ស​រស់នៅ និង​ប្រើប្រាស់​ដីធ្លី ដើម្បី​ធានា​សុខ​សុវត្ថិភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គម ។ ដូចនេះ​ឃុំ​តា​សែន ស្រុក​កំ​រៀង ដែល​មាន​ចម្ការ​មីន​ខ្លះ​ជាប់​ព្រំដែន អាច​ត្រូវ​បាន​បោសសម្អាត​ទាំងស្រុង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ