ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​៖ យោធា​ថៃ បាន​យក​បន្លា​លួស​ត្រឡប់​ទៅ​វិញ ក្រោយ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ភូមិ​ជោគជ័យ ទប់ស្កាត់​យ៉ាង​ខ្លាំងក្លា

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖ នៅ​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ១៤:២០​នាទី រសៀល​នេះ កងកម្លាំង​យោធា​របស់​ថៃ បាន​ព្យាយាម​រាយ​បន្លា​លួស នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ទល់មុខ​ភូមិសាស្ត្រ​ភូមិ Nong Chan ស្រុក Khok Sung ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ភូមិ​ជោគជ័យ​ធ្វើការ​ទប់ស្កាត់​យ៉ាង​ខ្លាំង ទើប​កងកម្លាំង​របស់​ថៃ យក​បន្លា​លួស​នោះ​ត្រឡប់​ទៅ​វិញ ។

កម្ពុជា​ស្នើ​ឱ្យ​ភាគី​ថៃ​គោរព​ឱ្យ​បាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​ជា​ពិសេស​ស្មារតី​នៃ​កិច្ចព្រមព្រៀង នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១​របស់​ថៃ ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​មិន​ពង្រីក​ភូមិសាស្ត្រ នៃ​ជម្លោះ និង​ជៀសវាង​ទ​ង្វើ ដែល​នាំ​ទៅ​ដល់​ការ​កើនឡើង នៃ​ភាព​តានតឹង ។

កម្ពុជា​បញ្ជាក់​ថា រាល់​ទំនាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ត្រូវ​យក​ទៅ​ដោះស្រាយ​ដោយ​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ (MOU 2000) ។

សូម​ជម្រាប​ថា ប្រជាពលរដ្ឋ​រាប់​សិប​នាក់ មាន​ស្រី​មាន​ប្រុស​ខ្លះ​កាន់​កំ​បិត ខ្លះ​ពូថៅ ខ្លះ​ដំបង​ស្ទើរ​គ្រប់​ដៃ​បាន​ប្រឈម​ជាមួយ​ទាហាន​សៀម​ប្រដាប់​ដោយ​អាវុធ​ស្ទើរ​គ្រប់​ដៃ​បន្ត​ដាក់​លួស​បន្លា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

បាតុភាព​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ទាហាន​សៀម​រាយ​លួស​បន្លា​បន្ត​ទៀត​ទើប​គេ​ឃើញ​មាន​បងប្អូន​ប្រជា​ពលរ​ដ្ន​មានចិត្ត​អង់អាច​ក្លាហាន នាំ​គ្នា​យក​ដំបង​គាស់​លួស​បន្លា​ចេញ ខ្លះ​ទៀត​ក៏​បាន​ស្រែក​ជេរ (​អាចោរ​សៀម​) មក​រំ​លោ​ព​បំពាន អធិបតេយ្យភាព​កម្ពុជា ម្តង​ហើយ​ម្តងទៀត និង​សុំ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ជួយ​រក​យុត្តិធម៌ ។

លោក កែវ​ដា​រ៉ា រស្មី អភិបាលស្រុក​អូរ​ជ្រៅ បាន​បញ្ជាក់​ថា ទាហាន​សៀម​ពិតជា​បាន​មក​រាយ​លួស​បន្លាក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ​ពិតមែន ប្រដាប់​ដោយ​អាវុធ​ស្ទើរ​គ្រប់​ដៃ ។ ពេល​នោះ ប្រជាពលរដ្ឋ​មិន​តិច​ជាង​រយ​នាក់ បាន​នាំ​គ្នា​ទាំងប្រុស​ទាំងស្រី​ធ្វើការ​ប្រឈម ខ្លះ​យក​ឈើ គាស់​វាយ​លួស​បន្លា​ចេញ ។ ពួក​គាត់​ពិតជា​មាន​ភាព​អង់អាច​ក្លាហាន ទីបំផុត​បណ្ដាល​ឱ្យ​ទាហាន​សៀម​រួញរា​ក្នុង​ការ​រាយ​លួស​បន្លា និង​ទីបំផុត​បាន​ដកថយ​ហើយ​បន្លា​លួស​ដែល​បាន​រាយ​លើ​ផ្លូវលំ​ក៏​ត្រូវ​អ្នក​ភូមិ​រើ​ចេញពី​ផ្លូវ​ដែរ ។

លោក​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក​ទាហាន​សៀម បាន​ដាក់​លួស​បន្លា​ហ៊ុម​ព័ទ្ធ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ១២​ខ្នង​ផ្ទះ ស្មើនឹង​១២​គ្រួសារ មាន​មនុស្ស​រាយ ៥៩​នាក់ ក្នុង​នោះ​នៅ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ៦​ខ្នង​ផ្ទះ និង​ភូមិ​ជោគជ័យ មាន​៦​ខ្នង​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ