ចិន-វៀតណាម ៖ ខ្យល់បោកបក់ព្រមទាំងភ្លៀងយ៉ាងខ្លាំង កាលពីថ្ងៃទី២៤ សីហា បានវាយប្រហារលើកោះហៃណាន់ភាគខាងត្បូងចិន និងផ្នែកមួយចំនួននៅជិតខេត្តក្វាងទុង ។ ព្យុះទីហ្វុងកាជីគី(KAJIKI)បានបោកបក់កាត់ផ្ទៃសមុទ្រ ឆ្ពោះទៅភាគខាងត្បូងហើយកំពុងតម្រង់ទៅកាន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម ។
មនុស្សប្រមាណជា២០.០០០នាក់ ត្រូវបានជម្លៀសចេញពីបណ្ដាតំបន់មានគ្រោះថ្នាក់ខ្លាំង មុនការមកដល់នៃព្យុះនោះ ។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។ បណ្ដានាវានេសាទបានប្រញាប់ចូលមកកាន់កំពង់ផែ ហើយសមាជិកក្រុមនាវិកជាង២១.០០០នាក់បានចាកចេញពីនាវាពួកគេ ។ បណ្ដាវីដេអូខ្លីៗចេញផ្សាយតាមបណ្ដាញសង្គម បង្ហាញខ្យល់បោកបក់ខ្លាំងបណ្ដាលឲ្យបាក់មែងឈើនិងមានរលកធំៗបុកច្រាំង ។
ព្យុះកាជីគីបោកបក់ខ្លាំង ឆ្ពោះទៅទិសខាងលិច ជាមួយកម្លាំងខ្យល់ដល់១៦២គីឡូម៉ែត្រក្នុង១ម៉ោង។ នេះជាការគូសបញ្ជាក់របស់ផ្នែកឧតុនិយមជាតិចិន ។ ភ្លៀងនឹងធ្លាក់ខ្លាំងបំផុតនៅភាគខាងត្បូងកោះហៃណាន់ ពិសេស ក្រុងសានយ៉ា ជាទីក្រុងកម្សាន្តមាត់សមុទ្រពេញនិយមមួយ ។
នៅក្រុងសានយ៉ាហាងនានា ត្រូវបិទទ្វារក៏ដូចជាបណ្ដាទីតាំងទេសចរណ៍ និងបានផ្អាកសេវាកម្មដឹកជញ្ជូនសាធារណៈនិងការធ្វើនាវាចរណ៍។ អាជ្ញាធរក្រុងបានណែនាំប្រជាជនចៀសវាងកុំចេញទៅខាងក្រៅបើមិនចាំបាច់ ។
ព្យុះទីហ្វុងកាជីគីដែលជាភាសាជប៉ុនប្រែថា ខ្សាច់ឬដាវធំ ត្រូវបោកបក់មកដល់ដែនដីនៃតំបន់ឆ្នេរសមុទ្រវៀតណាម នារសៀលថ្ងៃទី២៥សីហា ។ បណ្ដាខេត្តនៅជាប់ឆ្នេរសមុទ្រវៀតណាម ហាមឃាត់បណ្ដានាវាកុំចេញទៅសមុទ្រ ចាប់ពីថ្ងៃទី២៥ សីហាទៅ និងហៅបណ្ដានាវាដែលកំពុងស្ថិតក្នុងសមុទ្រឲ្យប្រញាប់វិលមកផែវិញ ។
វៀតណាមពេលព្យុះនេះបោកបក់មកដល់ បានជម្លៀសមនុស្សដល់ទៅជិត៣០.០០០នាក់នាថ្ងៃទី២៥ សីហា ចេញពីបណ្ដាតំបន់ជាប់ឆ្នេរសមុទ្រ ។ ព្យុះនេះ បោកបក់ដល់កម្លាំងជិត១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ព្យុះនេះជាព្យុះទី៥ វាយប្រហារលើវៀតណាម នាឆ្នាំនេះ ដោយបណ្ដាលឲ្យមានរលកធំៗដល់កម្ពស់៩,៥ម៉ែត្រ ។
មនុស្សប្រមាណជា៣២៥.៥០០នាក់ នៃខេត្តវៀតណាម៥ នៅជាប់ឆ្នេរសមុទ្រ ត្រូវជម្លៀសចេញទៅកាន់បណ្ដាជំរំបណ្ដោះអាសន្ន ទៅតាមសាលារៀន និងអគារសាធារណៈ។ ភាគកណ្ដាលទីក្រុងវិញនៅកណ្ដាលប្រទេសមានទឹកជន់លិចនាពេលយប់។ ព្រលានយន្តហោះជាតិ២ត្រូវបិទទ្វារ៕
ចែករំលែកព័តមាននេះ