ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងស្នេហាតាមអនឡាញ ប្រយ័ត្នអន្ទាក់បោកប្រាស់របស់មនុស្សខូច

6 ម៉ោង មុន

រឿង​បោកប្រាស់​តាម​បណ្តាញ​សង្គម​នៅ​តែ​មាន​ជា​បន្តបន្ទាប់ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​ជា​ហូរហែរ​មក​ដែរ ។ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ដែល​បន្ត​រង​គ្រោះ​បន្ថែម​ទៀត មក​ដល់​ពេល​នេះ​ទៅ​ហើយ​នោះ ។ រឿង​ប្រើ​រូប​អ្នក​ដទៃ​មក​ក្លែងបន្លំ​គេឯង​នេះ គឺ​មាន​អ្នក​ដែល​ចាញ់បោក​ទាំងប្រុស​ទាំងស្រី ហើយ​ក៏​មាន​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​លក់​នេះ​លក់​នោះ…

រឿង​បោកប្រាស់​តាម​បណ្តាញ​សង្គម​នៅ​តែ​មាន​ជា​បន្តបន្ទាប់ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​ជា​ហូរហែរ​មក​ដែរ ។ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ដែល​បន្ត​រង​គ្រោះ​បន្ថែម​ទៀត មក​ដល់​ពេល​នេះ​ទៅ​ហើយ​នោះ ។

រឿង​ប្រើ​រូប​អ្នក​ដទៃ​មក​ក្លែងបន្លំ​គេឯង​នេះ គឺ​មាន​អ្នក​ដែល​ចាញ់បោក​ទាំងប្រុស​ទាំងស្រី ហើយ​ក៏​មាន​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​លក់​នេះ​លក់​នោះ ហើយ​ដល់​ពេល​គេ​វេ​លុយ​អោយ គឺ​ប្រមូល​លុយ​រត់ បាត់​ក៏​មាន ។ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ គឺ​ថ្មី​ៗ​នេះ​មាន​នារី​មួយ​ចំនួន​បាន​ចាញ់បោក​បុគ្គល ដែល​ប្រើប្រាស់​ហ្វេ​ស​បុក​ជា​ធ្នាក់ ដោយ​យក​រូប​អ្នក​ដទៃ​ដែល​ស្អាត​សង្ហា​មក​បង្កើត​ជា​គណនី​ក្លែងបន្លំ​មួយ ហើយ​ឆាត​ទំនាក់ទំនង​មនុស្ស​ស្រី​ជា​ច្រើន​គ្នា ។

រូបតំណាងដោយ AI

ហើយ​អ្វី​ដែល​ហួសចិត្ត​ទៅ​ទៀត​នោះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​បោកប្រាស់​នោះ​ទៀត​សោត គឺជា​អ្នកទោស​ដែល​កំពុង​តែ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធ​គារ​ទៅ​ទៀត ប៉ុន្តែ​នៅ​មាន​លទ្ធភាព​លេង​បណ្តាញ​សង្គម រហូត​អាច​ឈាន​ទៅ​បោក​នារី​មួយ​ចំនួន​បាន ។ នេះ​មិនមែន​ជា​រឿង​លេងសើច ហើយ​ក៏​មិនមែន​ជា​រឿងប្រឌិត​ដែរ តែ​គឺជា​រឿង​មួយ​ដែល​លោក​ឧត្តមសេនីយ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ផ្ទាល់​របស់​លោក ។

តាម​រឿងរ៉ាវ​ដែល​លោក​ឧត្តមសេនីយ​បាន​រៀបរាប់ គឺថា​ស្ត្រី​ៗ​ដែល​លង់​ហើយ ឆ្លើយ​តប​នឹង​ក្រុម​នេះ​ក៏​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ហៅ​គ្នា​ប្រពន្ធ​សម្លាញ់​ប្តី​សម្លាញ់​ពេញ​ៗ​មាត់ និង​ពេល​ខ្លះ​សុំ​ជួប​ក្រុម​គ្រួសារ​ដោយ​សន្យា​ចូល​ស្តីដណ្តឹង​តាម​ច្បាប់ និង​ពេល​ខ្លះ​បាន​កំណត់​ថ្ងៃ​ភ្ជាប់ពាក្យ​ផង​ដែរ ។ បន្ទាប់​ពី​នារី​រង​គ្រោះ ជឿ​លង់​ស៊ប់​ហើយ ជនសង្ស័យ​ក៏​ចាប់ផ្តើម​បោក​បញ្ឆោត​ល្បួង​ឲ្យ​ថតរូប​អាក្រាត បង្ហាញ​ដល់​ជនសង្ស័យ ដោយ​សំអាង​ថា គង់​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ជាមួយ​គ្នា​ឆាប់​ៗ ។ ការ​អន្ទង​នេះ​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ភ្លេច​គិត ត្បិត​យល់​ថា ស្និទ្ធស្នាល​ខ្លាំង​ផ្អែមល្ហែម​ខ្លាំង​ធ្វើ​ឲ្យ​ស្រលាញ់​ខ្លាំង​ក៏​ព្រម​បើក​បង្ហាញ តែ​ចុង​ក្រោយ​គឺ​មាន​តែ​ទឹកភ្នែក ។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​មាន​រូប​អាក្រាត​ជន​រង​គ្រោះ​ហើយ​នោះ ជនសង្ស័យ​ក៏​ចាប់ផ្តើម ប្រើ​ល្បិច​សុំ​ខ្ចី​លុយ ដោយ​ប្រាប់​ថា ខ្លួន​មាន​បញ្ហា​ក្នុង​មុខរបរ ឬ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​មាន​បញ្ហា​ខុសច្បាប់​ផ្សេង​ៗ រហូត​ជន​រង​គ្រោះ​អស់​លុយ​ឲ្យ​ខ្ចី ឬ​ដឹងខ្លួន​មិន​ព្រម​ឲ្យ​លុយ​ជនសង្ស័យ​ខ្ចី​ទើប​ជនសង្ស័យ​យក​រូប​អាក្រាត​មក​គំរាម​ទារប្រាក់​តែ​ម្តង ។

លោក​ឧត្តមសេនីយ​បាន​បន្ត​ទៀត​ថា ស្តាប់​ទៅ​ហាក់ដូច​ថា ជន​រង​គ្រោះ​ឆោតល្ងង់ តែ​ជាក់ស្តែង​មនុស្ស​យើង​ពេល​លង់​លើ​អ្វីមួយ​ហើយ គឺ​តែង​ទុកចិត្ត​ភ្លេច​គិតពិចារណា ។ មិន​ថា​យើង​មិន​ថា​គេ ព្រោះ​ករណី​ទាំងនេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ទទួល​បណ្តឹង​ធ្វើការ​បង្ក្រាប និង​បាន​ផ្សព្វផ្សាយ​ជា​ច្រើន​មក​ហើយ ដោយ​មាន​អ្នកខ្លះ​រង​គ្រោះ​អស់​ខ្ទង់ពាន់​ដុល្លារ អ្នកខ្លះ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ និង​មាន​អ្នក​អស់​ដល់​ខ្ទង់សែន​ដុល្លារ​ផង​ដែរ ។

រឿង​ថ្មី គឺ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្ដឹង​ពី​នារី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​គណនី Facebook មួយ​ឈ្មោះ ចាន់ ពិសិដ្ឋ ពី​បទ​គំរាមកំហែង ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ។ នារី​រង​គ្រោះ បាន​រៀបរាប់​ថា គណនី Facebook ខាងលើ បាន​ទំនាក់ទំនង​មក​សុំ​ស្នេហ៍​ខ្លួន ដោយ​ប្រើ​ពាក្យ​សម្ដី​ផ្អែមល្ហែម​លួងលោម​រហូត​ខ្លួន​លង់​ចិត្ត​ស្រលាញ់ ហ៊ាន Call Live Video Facebook អាក្រាត​កាយ​ឲ្យ​ជនសង្ស័យ​មើល ។ តែ​មិន​នឹក​ស្មានថា ជនសង្ស័យ​បាន​លួច​ថតចម្លង Video​នោះ​ទុក ។

បន្ទាប់​មក ជនសង្ស័យ​បាន​ភូត​កុហក​ថា រថយន្ត​របស់​គេ ដឹកឈើ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​រតនគីរី​ឃាត់​ទុក ហើយ​បើសិន​ចង់​ដោះស្រាយ​ត្រូវ​មាន​លុយ​១៥.០០០ តែ​គេ​ថា គេ​មាន​លុយ​នៅ​នឹង​ខ្លួន​ចំនួន​តែ​១​ម៉ឺន​ដុល្លារ តែ​ខ្វះ​៥​ពាន់​ទៀត ចង់​ខ្ចី​ពី​ជន​រង​គ្រោះ ដើម្បី​យក​ទៅ​លស់​រថយន្ត​មក​វិញ ។ ពេល​សុំ​ខ្ចី​មិន​បាន ស្រាប់តែ​ជនសង្ស័យ​គំរាម​ថា គេ​មាន​វី​ដេ​អូ​អាក្រាត​របស់​ខ្លួន បើសិនជា​មិន​ព្រម​ប្រគល់​លុយ​តាម​លក្ខខណ្ឌ​របស់​គេ​នោះ​ទេ គេ​នឹង​យក​វី​ដេ​អូ​អាក្រាត​ទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​មិន​ខាន ។ ដោយ​មានការ​ភ័យ​ខ្លាច​ខ្លួន ក៏​បាន​សុំ​ចរចា​រហូត​ដល់​ត្រូវ​គ្នា​ចំនួន​១​ពាន់​ដុល្លារ ។ បន្ទាប់​ពី​ផ្ញើ​លុយ​រួច ជនសង្ស័យ​នៅ​តែ​បន្ត​គំរាម​ឲ្យ​ផ្ញើ​ថែម​ចំនួន​១​ពាន់​ដុល្លារ​ទៀត​ទើប​ខ្លួន មក​ដាក់​ពាក្យបណ្ដឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្ដង ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​រក​ឃើញ​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បោក​បញ្ឆោត និង​គំរាមកំហែង​ដល់​ជន​រង​គ្រោះ​មាន​តម្រុយ​ចេញពី​ទីតាំង​ខេត្តស្ទឹងត្រែង ដូច្នេះ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពន្លាត​ដែន​សមត្ថកិច្ច ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ស្រាវជ្រាវ​ស្វែងរក​ឃើញ ក្រុម​បក្ខពួក​របស់​ជនសង្ស័យ​ដែល​ទៅ​ដក​ប្រាក់​មាន​ចំនួន​៣​នាក់ ។

បន្ទាប់​ពី​សួរ​ចម្លើយ បក្ខពួក​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រួច​មក សមត្ថកិច្ច​អាវុធហត្ថ​បាន​រក​ឃើញ​ជនសង្ស័យ និង​អ្នក​ជាប់​ពាក់ព័ន្ធ​សរុប​៣​នាក់​ផ្សេង​ទៀត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ដែល​សុទ្ធតែ​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ។ ទណ្ឌិត​ទាំងនោះ មានឈ្មោះ ជាង ខេ​ង​លី មានទោស​ជាប់គុក​៣​ឆ្នាំ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន ជា​អ្នក​បង្កើត​គណនី​ក្លែងបន្លំ និង​ជា​អ្នក​ទំនាក់ទំនង​លួងលោម​បោក​បញ្ឆោត​គំរាម​ទារប្រាក់​ជន​រង​គ្រោះ​ផ្ទាល់ ។

ម្នាក់​ទៀត ជា​ទណ្ឌិត​ឈ្មោះ ស្រេ​ន ឡា​ង មានទោស​ជាប់គុក​១៣​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម ហើយ​ម្នាក់​ទៀត​ជា​ទណ្ឌិត​ឈ្មោះ ហេង សៀវ​ត្រា មានទោស​ជាប់គុក​៣​ឆ្នាំ​ពី​បទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ជា​អ្នក​ជួយ​លាក់​ទូរស័ព្ទ​លាក់​ស៊ី​ម ក្នុង​ពន្ធនាគារ​ទុក​ឲ្យ​ជាង ខេ​ង​លី យក​ទៅ​ធ្វើ​សកម្មភាព ។

ប​ច្ចប្ប​ន្ន ជនសង្ស័យ និង​បក្ខពួក​កំពុង​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បន្ត​និ​តិ​វិធី ហើយ​ទំនងជា​នឹង​អាច​បន្ថែម​រយៈពេល​នៅ​ក្នុង​គុក​បន្ថែម​ទៀត​ហើយ ដោយសារ​ល្មើស​ជាន់​លើ​ល្មើស ។ សម្រាប់​ករណី​នេះ​វា​បញ្ចប់​ហើយ សមត្ថកិច្ច​ក៏​រក​យុត្តិធម៌​ជូន​នារី​រង​គ្រោះ​បាន​ផង​ដែរ ប៉ុន្តែ​សង្ឃឹមថា រឿង​ស្រ​ដៀង​គ្នា​នេះ​នឹង​លែង​មាន​ទៀត ។ សូមកុំ​យក​បណ្តាញ​សង្គម គឺជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​មែនទែន និង​ការ​សម្រេចចិត្ត​ការងារ ។ បណ្តាញ​សង្គម ជា​ពិភព​ដែល​ពោរពេញ​ទៅ​ដោយ​ការ​សម្តែង បំភ័ន្ត ហើយ​ជា​ពិភព​ដែល​ជនខិលខូច ងាយស្រួល​ធ្វើ​សកម្មភាព​ណាស់ ។ បណ្តាញ​សង្គម​ពោរពេញ​ដោយ​ព័ត៌មាន​មិន​ពិត ។

ដូច្នេះ​មុន​នឹង​សម្រេចចិត្ត​ត្រូវ​តែ​ផ្ទៀងផ្ទាត់ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​តែ​ឃើញ​មុខ ។ ការ​ណាត់ជួប​ឃើញ​មុខ​តាម​បណ្តាញ​សង្គម​នេះ ពេល​ខ្លះ​ក៏​គ្រោះថ្នាក់​ដែរ ។ ដូច្នេះ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ពោល គឺ​គួរតែ​មាន​អ្នកដឹង​អ្នក​ឭ ហើយ​ទៅ​ណា​មក​ណា សូមកុំ​ទទួល​ការ​ណាត់ជួប​តែ​ម្នាក់ឯង ។

សូម​ប្រុង​ប្រយ័ត្ន ហើយ​សង្ឃឹមថា រឿង​ថ្មី​នៃ​មេរៀន​ចាស់​នេះ​នឹង​ក្លាយជា​បទ​ពិសោធន៍​បន្ថែម ដល់​មហាជន​ឲ្យ​កាន់តែ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ផង​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ