ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកចុះសួរសុខទុក្ខយោធិនការពារអាកាសចំណុះឲ្យកងពលធំលេខ៣ ឈរជើងនៅទិសភ្នំខ្មោចសម្រាកព្យាបាល

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ពជើងគោក ចុះ​សួរសុខទុក្ខ​យោធិន​ការពារ​អាកាស​ចំណុះ​ឲ្យ​កងពលធំ​លេខ​៣ ឈរជើង​នៅ​ទិស​ភ្នំ​ខ្មោច កុំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ នេះ​បើ​យោង​តាម កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែសីហា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ពជើងគោក ចុះ​សួរសុខទុក្ខ​យោធិន​ការពារ​អាកាស​ចំណុះ​ឲ្យ​កងពលធំ​លេខ​៣ ឈរជើង​នៅ​ទិស​ភ្នំ​ខ្មោច កុំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ នេះ​បើ​យោង​តាម កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែសីហា​នេះ ។

ថ្ងៃ​ចន្ទ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ា​ង មេបញ្ជាការ បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ពជើងគោក បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ហ្វី​ន សុខ​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ពជើងគោក ចុះ​សួរសុខទុក្ខ​យោធិន កំពុង​សម្រាក​ព្យាបាល​សុខភាព នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដោយ​នាំ​យក​អំណោយ​ជា​ថវិកា ចំនួន​២,៥៧០,០០០​រៀល ។

ក្នុង​នោះ រួម​មាន​ថវិកា​របស់​អង្គភាព​ចំនួន​១,០០០,០០០​រៀល ថវិកា​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម សុខ ប៉ា​ង និង​លោក​ជំទាវ​ចំនួន​១,០០០,០០០​រៀល និង​ថវិកា​បងប្អូន​ក្រុមការងារ​ចំនួន​៦៥០,០០០​រៀល ជូន​លោក​វរសេនីយ៍ត្រី ស្រី នី នាយទាហាន​ការពារ​អាកាស​ចំណុះ​ឲ្យ​កងពលធំ​លេខ​៣ ឈរជើង​នៅ​ខ្សែត្រៀម​ជួរ​មុខ​ទិស​សមរភូមិ​ភ្នំ​ខ្មោច ខេត្តព្រះវិហារ​ចំនួន​២,០០០,០០០ រៀល និង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​សម្រាក​ព្យាបាល​នៅ​ជិត​នោះ​ផង​ដែរ ថវិកា​ចំនួន​៦៥០,០០០​រៀល​។

សូម​បញ្ជាក់​ជូន​ថា ដោយ​ក្នុងអំឡុងពេល​ប្រយុទ្ធ​លោក វរសេនីយ៍ត្រី ស្រី នី បាន​ត្រូវ​ផ្សែង​ពល​របស់​កងទ័ព​ឈ្លានពាន​ថៃ​ទម្លាក់​តាម​យន្តហោះ នៅ​តាម​ខ្សែត្រៀម​ប្រយុទ្ធ​ជួរ​មុខ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​លោក​ដូច​ជា​រលាក​ស្បែក​ចុក​ទ្រូង​ខ្លាំង ប៉ះពាល់​ដល់​សួត និង​តម្រងនោម លោក​ត្រូវ​បាន​មេបញ្ជាការ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រោយមក​កូនប្រុស​របស់​លោក​ដែល​រស់នៅ​ក្នុង​ជំរំ​គ្រួសារ​ភាស​សឹក​ក្នុង​ខេត្តព្រះវិហារ ដឹង​ថា ឪពុក​របស់​ខ្លួន​មាន​ជំងឺ ដោយ​ត្រូវ​ផ្សែង​ពល​របស់​កងទ័ព​ថៃ ហើយ​ត្រូវ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ កូន​របស់​លោក​ក៏​បាន​យក​បាយ​សម្លរ​មក​សួរសុខទុក្ខ​ឪពុក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ តែ​ជា​អកុសល​កូន​របស់​លោក​ពេល​ធ្វើ​ដំណើរ​មក​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផុង​លលា​ក្បាល ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​របស់​រាជរដ្ឋាភិបាល​ប្រចាំការ​នៅ​ជួរ​មុខ​បញ្ជូន​មក​វះកាត់​ព្យាបាល នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី រាជធានី​ភ្នំពេញ ។

លោក វរសេនីយ៍ត្រី ស្រី នី ក្នុង​នាម​ជា​ឪពុក​ទោះ​រូប​លោក​មិន​ទាន់​ជា​ក្ដី ក៏​សម្រេចចិត្ត​សុំ​គ្រូពេទ្យ​ចេញ​មក​តាម​មើល​ថែទាំ​កូន​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​រយៈពេល​ដែល​លោក​មក​ដល់​រាជធានី​ភ្នំពេញ​នេះ ដោយ​ស្ថានភាព​ជំងឺ​លោក ត្រូវ​ផ្សែង​ពល​កន្លង​មក​មិន​ទាន់​បានជា​សះស្បើយ​ផង​នោះ ក៏​បាន​ធ្វើ​ទុក​រើ​ឡើង​វិញ​ធ្វើ​ឱ្យ​ចុក និង​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​តម្រងនោម លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​រុ​ស្សី​ពិនិត្យ​តាមដាន​ស្ថានភាព​ជំងឺ​ផ្សែង​ពល​របស់​លោក​ឡើង​វិញ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​បន្ត​រហូត​ដល់​ជា ដោយ​រាល់​ការ​ចំណាយ​ព្យាបាល​ទាំង​ឪពុក និង​កូន​ជា​បន្ទុក​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង ។

ថ្លែង​ក្នុង​ឱកាស​នោះ​ឧត្តមសេនីយ៍ត្រី ហ្វី​ន សុខ មាន​មតិ​សំណេះសំណាល​ដោយ​បាន​លើក​ឡើង​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម សុខ ប៉ា​ង មេបញ្ជាការ មេ​បញ្ជាការដ្ឋាន​ការពារ​អាកាស កងទ័ពជើងគោក ជា​ពិសេស​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​យើង​ចំពោះ​បងប្អូន​វរ​:​កងទ័ព​ថា តែងតែបាន​ខិតខំ​យកចិត្តទុកដាក់​ទាំង​ស្មារតី និង​សម្ភារៈ​ជួយ​ដល់​កងកម្លាំង​យើង​ជួប​ការ​លំបាក ទាំង​កំឡុង​ពេល​ប្រយុទ្ធ ក្រោយ​ប្រយុទ្ធ ដោយ​មិន​បាន​ធ្វេសប្រហែស​ទុក​ចោល​ឡើយ ។

ឯកឧត្តម បាន​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​គំរូ​វីរភាព​របស់​លោក​ដែល​បាន​លះបង់​ដ៏​អង់អាច​ក្លាហាន​ជួយ​ជាតិ​ក្នុង​រយៈពេល​កន្លង​មកនេះ ដោយ​មិន​ខ្លាច​បាត់បង់​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ឯកឧត្តម​បាន​ផ្ដាំផ្ញើ​សូម​ឲ្យ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ប្រើប្រាស់​ថ្នាំ​ឲ្យ​ទៀងទាត់ តាម​វេជ្ជបញ្ជា​របស់​លោកគ្រូ​ពេទ្យ ដើម្បី​ឆាប់​បានជា​សះស្បើយ​វិល​ត្រឡប់​ទៅ​បម្រើ​ការ​ជូន​ជាតិ​មាតុភូមិ​យើង​វិញ ។

លោក ស្រី នី និង​ក្រុម​គ្រួ​សារបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម មេបញ្ជាការ​និង​លោក​ជំទាវ ព្រម​ទាំ​ក្រុមការងារ​សប្បុរសជន​ទាំងអស់ សូម​ឱ្យ​មាន​សុខ​ភាពល្អ​កម្លាំង​ខ្លាំងក្លា​ប្រាជ្ញា​ឈ្លាសវៃ និង​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ​វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ