ខេត្តសៀមរាប ៖ «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្ដ្រកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដានេះ ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរដែលមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់ ។ ដែលមានលោកសាស្ដ្រាចារ្យ អាំង ជូលាន នរវិទូ មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា ។
តាមការធ្វើបទបង្ហាញដោយយោងលើភស្ដុតាងប្រវត្តិសាស្ដ្រ អក្សរសាស្ត្រ និងនរៈវិទ្យា ជនជាតិដើមភាគតិចមានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរនាសម័យបុរាណ ។ បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសង្គមខ្មែរបុរាណផង ។ ទំនាក់ទំនងទាំងនោះអាចមើលឃើញក្នុងកិច្ចពិធីផ្សេងៗដែលរៀបចំក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាំងពីកើតរហូតដល់ស្លាប់ ។
លោក អាំង ជូលាន នរវិទូ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងបាឋកថានៅ ពេលនោះបានពន្យល់ថា មិនថា សម័យបុរាណ និងបច្ចុប្បន្ន គេពិបាកកំណត់ចំនួនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានណាស់ព្រោះថា ត្រូវការសិក្សាស្រាវជ្រាវឲ្យបានប្រាកដ ហើយជាការងាររបស់ភាសាវិទូតែម្ដងព្រោះតែងមានភាសាមួយចំនួនបានបាត់បង់ជាបណ្តើរៗ ។ មានជនជាតិភាគតិចមួយដែលលោក អាំង ជូលាន លើកមកនិយាយ និងហាក់មានទំនាក់ទំនងខ្លាំងទៅនឹងរាជការខ្មែរសម័យបុរាណនោះ គឺជនជាតិកួយ ។ ជនជាតិនេះមានភាពលេចធ្លោជាងគេដោយសារសម័យបារាំងមានឯកសារនិយាយច្រើនពីជនជាតិមួយនេះ ។ បារាំងបានលើកតម្កើងជនជាតិមួយនេះដោយមានជំនាញ និងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសព្វ ។ «បារាំងបានបន្សល់ទុកនូវឯកសារជាច្រើនពីសកម្មភាពជីកថ្មរ៉ែដែក ការស្លដែករបស់ជនជាតិកួយ» ។ នេះជាការលើកឡើងរបស់លោក អាំង ជូលាន ។
លោកអាំង ជូលាន បន្ថែមថា ជនជាតិភាគតិចកួយដែលល្បីល្បាញក្នុងការស្លដែកនោះ គឺកួយនៅកំពង់ស្វាយ ដែលស្ថិតនៅខេត្តកំពង់ធំសព្វថ្ងៃរហូតមានចម្រៀងក្នុងពិធីមង្គលការ ដោយលើកសរសើរពីដាវកំពង់ស្វាយនេះដែរ ។ លោកសាស្ដ្រាចារ្យបន្ថែម ៖ « តាមការស្រាវជ្រាវពីបុរាណវិទូបារាំងរបស់កួយមានគុណភាពល្អជាងដែកដែលបារាំងយកពីបរទេសទៅទៀត តែដោយសារដែកពីបរទេសគេផលិតជាលក្ខណៈឧស្សាហកម្ម ដូច្នេះគេលក់ក្នុងតម្លៃថោកជាង ហើយកួយធ្វើដោយដៃ យូរៗទៅក៏លែងមានអ្នកផលិតបាត់បង់ទៅរហូតដល់សង្គ្រាមលោកលើកទី២អស់រលីង» ។
បើទោះបីជាមានភស្ដុតាងថា ជនជាតិកួយពូកែខាងស្លដែកក៏ពិតមែន តែលោកសាស្ដ្រាចារ្យ អាំង ជូលាន បញ្ជាក់ថា មិនមែនជនជាតិខ្មែរមិនចេះនោះទេ ។ បើមិនចេះ តើធ្វើដូចម្ដេចទើបសង់អង្គរវត្តដ៏អច្ឆរិយៈបែបនេះបាន ? លោក អាំង ជូលាន គ្រាន់តែដាក់ការសង្ស័យផ្ទាល់ខ្លួនថា ជនជាតិកួយអាចមានចំណែកក្នុងរាជការខ្មែរសម័យបុរាណតាមចំណែកជាអាវុធ ចំណែកក្នុងទ័ពជាដើម ។ យ៉ាងណាលោកអាំង ជូលាន បញ្ជាក់ថា នេះជាប្រធានបទដែលអ្នក ស្រាវជ្រាវត្រូវសិក្សាបន្តទៀត ដើម្បីឱ្យច្បាស់១០០ភាគរយ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ