ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិគួយសម្ដែងកីឡាវា.យខែល ដើម្បីអភិរក្សប្រពៃណី

7 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាតិគួយ នៅខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ នាំគ្នាសម្ដែងកីឡាវាយខែល

ខេត្តស្ទឹងត្រែង ៖ ជនជាតិគួយ នៅខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ នាំគ្នាសម្ដែងកីឡាវាយខែល ហើយមន្ត្រីមន្ទីរវប្បធម៌បាន ចាត់ទុកកីឡាផ្នែកនេះជាសិល្បៈមួយបែប នៅសេសល់ពីសម័យបុរាណ ជាប្រពៃណីជនជាតិខ្មែរដើម ។

នាឱកាសសម្ដែងកីឡាវាយខែលនៅទីលានប្រាសាទព្រះគោ លោកជ័យ ឃុន ជនជាតិគួយ មកពី​ភូមិឃុំឆែប ស្រុកឆែម ខេត្តព្រះវិហារ បានបញ្ជាក់ថា កីឡានេះយើងបានបង្ហាញពីទេពកោសល្យនិងភាពក្លាហាន ដើម្បីឱ្យយុវជនជំនាន់ក្រោយជួយអភិរក្សបន្តកុំឱ្យបាត់បង់ នៅពេល អស់ពីចាស់ទុំទៅ ។

លោកបន្តថា កីឡាវាយខែលមានតាំងពីសម័យឧដុង្គមក ក្នុងចន្លោះឆ្នាំ១៦២០ លុះមកសម័យប៉ុលពត ត្រូវពួកខ្មែរក្រហមលប់បំបាត់ចោល។ ទើបក្រោយថ្ងៃរំដោះ៧មករា ចាស់ៗជនជាតិគួយ នាំគ្នាស្រាវជ្រាវនិងសំដែងរំលឹកឡើងវិញ នៅក្នុងពិធីបុណ្យព្រះគោ និងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ។

លោក កៅ ជួន ជនជាតិគួយនៅឃុំអន្លងជ្រៃបានអះអាងថា កេរ្តិ៍តំណែលដូនតាយើងត្រូវតែនាំគ្នាថែរក្សាដើម្បី បង្ហាញទៅកូនចៅកុំឱ្យភ្លេច និងចេះធ្វើសម្ភារៈវាយខែល មានដូចជាស្គរធ្វើពីឈើ មានពាសស្បែក សត្វ និងយកស្លឹកទ្រាំង ដើមឫស្សីមកធ្វើជារបាំងខែល និងយកដើមផ្តៅ ឬដើមសោមតូចៗមកចងរឹតផ្គុំគ្នា ឱ្យណែនដើម្បីយកមកវាយ ហៅថារំពាត់ខែល។

លោកសនសារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានទទួលស្គាល់ថា ការបាននាំគ្នាមកសម្ដែងនេះក៏ជាការរំលឹកដាស់តឿនមួយដែរ សម្រាប់ឱ្យបងប្អូនជនជាតិគួយទាំងអស់ បានមកសប្បាយផងនិងបានទំនាក់ទំនងគ្នាពីខេត្តមួយទៅខេត្តមួយ ក្នុងជីវភាពរស់នៅឱ្យចេះជួយគ្នាទៅវិញទៅមក។

លោកគាំទ្រចំពោះកិច្ចការងារអភិរក្ស នេះព្រោះកន្លងមកយើងបានបង្កើតឱ្យមានគណៈកម្មការសម្រាប់ដឹកនាំរួចមកហើយ ងាយស្រួលដល់ការរៀបចំបង្កើតក្រុមលេង ឱ្យបានច្រើន និងបានបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយផង។

សូមបញ្ជាក់ថា កីឡាវាយខែលជាទម្លាប់នៅពេលធ្វើបុណ្យព្រះគោម្ដងៗនៅខែមិនា និងខែមេសា នៅ
មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ បងប្អូនជនជាតិគួយតែងប្រមូលគ្នាមកលេងសម្ដែងថ្វាយព្រះគោ នៅទីតាំងប្រាសាទព្រះគោជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្ដីសុខពេលទៅធ្វើការងារបង្កបង្កើនផលដំណាំ ស្រូវ ស្រែចម្ការ ច្បារដំណាំ ឱ្យទទួលបានផលច្រើននិងការរស់នៅមានសេចក្ដីសុខ
សប្បាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ