ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ABA និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា (NOCC) ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដើម្បី​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ 2028

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារ ABA និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដើម្បី​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ…

រាជធានីភ្នំពេញ ៖ ធនាគារ ABA និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដើម្បី​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ 2028
ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា (NOCC) ដើម្បី​បង្កើត​កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង សំដៅ​ជំរុញ​សមត្ថភាព​អត្ត​ព​លិ​ក​កម្ពុជា និង​លើកកម្ពស់​វិស័យ​កីឡា​ជាតិ​ ។

ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ABA នឹង​គាំទ្រ​ដល់​យុទ្ធនាការ​រៃ​អង្គាស និង​ស្វែងរក​ការ​ឧបត្ថម្ភ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា​ត្រៀម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ Los Angeles ឆ្នាំ ​2028 របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​បង្កើត​មធ្យោបាយ​ដ៏​សុវត្ថិភាព និង​ជាទី​ទុកចិត្ត ដែល​សាធារណជន​អាច​បរិច្ចាគ និង​ផ្ដល់​ការ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​នានា ដើម្បី​គាំទ្រ​ដំណើរ​របស់​អត្ត​ព​លិ​ក​យើង ក្នុង​ការ​ត្រៀមខ្លួន និង​រៀបចំ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ ។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ ABA នឹង​ក្លាយជា​ធនាគារ​ផ្តាច់មុខ​សម្រាប់​យុទ្ធនាការ​រៃ​អង្គាស​នេះ ដោយ​ផ្តល់​នូវ​មធ្យោបាយ​សុវត្ថិភាព និងងាយស្រួល​សម្រាប់​ទទួល​ការ​ទូទាត់ និង​ការ​បរិច្ចាគ​នានា​ពី​បងប្អូន​សាធារណជន​ ។ ភាគី​ទាំង​ពីរ​នឹង​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ នៅ​តាម ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ផ្សេង​ៗ​របស់​ខ្លួន ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទូ​ទាំង​ប្រទេស ។

ការ​ចូលរួម​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក គឺ​លើស​ពី​ការ​ប្រកួតប្រជែង – ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ វឌ្ឍនភាព និង​វត្តមាន​កាន់តែ​កើនឡើង​របស់​កម្ពុជា​នៅ​លើ​វេទិកា​កីឡា​អន្តរជាតិ​។ កីឡា​អូ​ឡាំ​ពិ​ក​នៅ Los Angeles ឆ្នាំ 2028 គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត ក្នុង​ដំណើរ​វឌ្ឍនភាព​នេះ ដែល​ទាមទារ​ឲ្យ​មានការ​ត្រៀមខ្លួន​ទុកជា​មុន ស្ថិរភាព​មូលនិធិ និង​ការ​ឧបត្ថម្ភ​គាំទ្រ​នានា ​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​19 ខែមករា ឆ្នាំ​ 2026 ដែល​មានការ​ចូលរួម​ដោយ​លោក Zhiger Atchabarov នាយករង​ប្រតិបត្តិ និង​ជានា​យក​ប្រតិបត្តិការ​នៃ​ធនាគារ ABA និង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ព្រមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​នៃ​ស្ថាប័ន​ទាំង​ពីរ​ ។

លោក Zhiger Atchabarov មាន​ប្រសាសន៍​ចំពោះ​ភាព​ជា​ដៃគូ​នេះ​ថា “​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ធនាគារ ABA ក្នុង​ការ​គាំទ្រ​វិស័យ​កីឡា​ជាតិ ដែល​ស្រប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្ក​ម របស់​ធនាគារ​យើងខ្ញុំ​។ ផ្ដើម​ពី​សមិទ្ធផល​ជោគជ័យ​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ​សម្រាប់​វិស័យ​ធនាគារ កាលពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម 2023 យើងខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​បន្ដ​ជ្រោមជ្រែង និង​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​នានា​ដល់​អត្ត​ព​លិ​ក​ខ្មែរ​យើង ខណៈ​ពួក​គាត់​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក 2028”​ ។

លោក​បាន​បន្ថែម​ថា “​យើងខ្ញុំ​សូម​កោតស្ញប់ស្ញែង​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​សមត្ថភាព​របស់ អត្ត​ព​លិ​ក​យើង និង​សូម​ជូនពរ​ដល់​អត្ត​ព​លិ​ក​គ្រប់​រូប ឲ្យ​មាន​កម្លាំង​មាំមួន ឆន្ទៈ​តស៊ូ ជាមួយនឹង​ស្មារតី​កីឡា​ខ្ពស់​បំផុត ខណៈ​ពួក​គាត់​តំណាង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ​។​”

ឯកឧត្តម វ៉ា​ត់ ចំរើន ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​កិច្ចសហការ​នេះ និង​មាន​ប្រសាសន៍​ថា “​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​នេះ បាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ ។ ជាមួយ​ការ​គាំទ្រ​នៃ​យុទ្ធនាការ​រៃ​អង្គាស និង​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ធនាគារ ABA យើងខ្ញុំ​អាច​ត្រៀមលក្ខណៈ​បាន​ពេញលេញ​ដើម្បី​ឲ្យ​អត្ត​ព​លិ​ក​យើង ចូលរួម​ប្រកួត​ដោយ​ទំនុកចិត្ត ពេញ​ដោយ​មោទនភាព ព្រមទាំង​បន្ត​មហិច្ឆតា​រួម​ក្នុង​ការ​បណ្តុះ​កូន​ខ្មែរ ឲ្យ​ក្លាយជា​ជើងឯក អូ​ឡាំ​ពិ​ក​ដំបូង​គេ​បង្អស់​” ​។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ ធនាគារ ABA និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​ភាគី​ទាំង​ពីរ​ចំពោះ​តម្លាភាព ឧត្តមភាព និង​មោទនភាព​ជាតិ ដោយ​ធានា​ថា​អត្ត​ព​លិ​ក​កម្ពុជា មាន​ធនធាន និង​ការ​គាំទ្រ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ពួក​គាត់​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ ​៕ អត្ថបទសហការ