រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង រ៉ាប៊ី បានចេញការពារយុវជនមួយរូបដែលមាន
រហស្សនាម «បុរសបាយឆា» និងបានសម្តែងនៅក្នុងបទថ្មីរបស់នាងដែលមានចំណងជើងថា «ពូកែក្រលាស់» បន្ទាប់ពីមហាជនកំពុងរិះគន់យ៉ាងខ្លាំង ។

យុវជនដែលមានមុខរបរឆាបាយលក់តាមផ្លូវ ហើយទុកសក់វែង និងតែងតែក្រលាស់សក់របស់ខ្លួននៅកំពុងឆាបាយនោះ បានទទួលការចាប់អារម្មណ៍ពីមហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គម ។

សកម្មភាពរបស់យុវជនរូបនេះ ក៏ត្រូវបានគេយកទៅត្រាប់តាមបែបលេងសើច (Troll) និងបានបង្ហោះពេញបណ្តាញសង្គម ធ្វើអោយមានការទាក់ទាញពីអ្នកទស្សនា ។

ទន្ទឹមនឹងចាប់អារម្មណ៍នេះ បទថ្មីរបស់តារាចម្រៀងអ្នកនាងរ៉ាប៊ី ដែលមានចំណងជើងថា «ពូកែក្រលាស់» ក៏បានហៅយុវជនរូបនេះអោយមកចូលរួមសម្តែងផងដែរ ដែលស្របទៅនឹងចំណងជើងបទចម្រៀង ។

យ៉ាងណា គំនិតនេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយម្នាក់ៗមិនឯកភាពសម្រាប់ការយកយុវជនដែលសមរម្យមកសម្តែងដែលនាំអោយជះឥទ្ធិលមិនល្អដល់យុវជនដទៃទៀតក្នុងពេលដែលអ្នកខ្លះក៏បានលើកឡើងចំៗថា វាជាការបំពុលសង្គមជាដើម។ល។

ដោយឃើញមតិរះគន់ពីមហាជនខាងលើនេះ តារាចម្រៀងអ្នកនាងរ៉ាប៊ី ក៏បានចេញមុខមកការពារដល់យុវជនរូបនេះ ដោយនៅក្នុងនោះ នាងចាត់ទុកការរិះគន់នោះគឺមិនបានដឹងរឿងច្បាស់ ដ្បិតយុវជនរូបនេះគ្រាន់ចង់រកចំណូលបានខ្លះ ដោយមិនបានទៅធ្វើបាបអ្នកណាឡើយ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងអ្នកនាង រ៉ាប៊ី បានលើកឡើងថា អាណិតប្អូនណាស់ ជីវភាពក្រខ្សត់ បានល្បីដោយសារសក់ រកលុយតិចតួចត្រូវបានមនុស្សមួយចំនួនរិះគន់លើរូបរាងកាយទៀត ទាំងរបរប្អូនឆាបាយសោះ មិនបានទៅធ្វើបាបអ្នកណា ។

តាមរយៈការលើកឡើងពីតារាស្រីរូបនេះ គេបានឃើញមហាជនមួយចំនួនបានចូលទៅធ្វើការខមមិន ដោយម្នាក់ៗលើកឡើងនូវការគាំទ្រទៅកាន់រ៉ាប៊ី និងបដិសេធមិនគាំទ្រចំពោះការរិះគន់ ។

ពួកគេលើកឡើងថា តែងតែមានមនុស្សដែលច្រណែនឈ្នានីស និងមនុស្សធ្វើបាបតែងតែមានមតិយោបល់មិនល្អ ដើម្បីនិយាយនៅពីក្រោយ។
ពួកគេតែងតែស្វែងរកការចាប់អារម្មណ៍ តែងតែនិយាយអ្វីដែលគ្មានអ្វីជួយ ឬកែលម្អសង្គមក្រៅពី…ផ្តល់ការស្អប់ខ្ពើមដល់មនុស្សស្លូតត្រង់។

គ្រាន់តែអនុញ្ញាតឱ្យមនុស្សរស់នៅតាមរបៀបដែលពួកគេចង់បាន និងរចនាបទដែលពួកគេចូលចិត្តស្លៀកពាក់…វាជាជីវិតរបស់ពួកគេ មិនមែនរបស់អ្នកទេ!! កុំខ្វល់ពីរឿងផ្ទាល់ខ្លួនរបស់អ្នក ហើយនៅស្ងៀមប្រសិនបើអ្នកគ្មានអ្វីត្រូវនិយាយដើម្បីលើកទឹកចិត្តពួកគេ។

សាលាមានវិន័យរបស់សាលា បើសិស្សទុកសក់វែងដាក់ពិន័យទៅ មកទើសអីមុខរបររកស៊ីចិញ្ចឹមជីវិតរបស់គ្នា គាត់មិនបានទៅលួចឆក់ប្លន់គេណា…មិនគាំទ្រតែក៏មិនទើសដល់ថ្នាក់ផ្កាប់ឆ្នាំងបាយគ្នាដែរ។

ចំណែកខ្លះទៀតលើកឡើងថា ចែរ៉ាប៊ីចិត្តដូចខ្ញុំណាស់ ខ្ញុំក៏អាណិតគាត់ហើយក៏សរសើរប្អូនចេះរកស៊ីដែរ ក្មេងមួយចំនួនទៀតមិនអាចធ្វើបានដូចគាត់ ទោះជាគាត់សក់ចឹងមែនក៏មែនស្ទាវដើរប៉ោឡែដែរ ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបទចម្រៀងពូកែក្រលាស់ របស់រ៉ាប៊ី នេះ គេឃើញមានអ្នកចូលទស្សនាប្រមាណ១៥លានដងនៅក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ