ប្រទេសឥណ្ឌូណេស៊ី ៖ អ្នកទទួលខុសត្រូវឥណ្ឌូណេស៊ីម្នាក់ រាយការណ៍កាលពីថ្ងៃទី៣០ កក្កដាថា ឥណ្ឌូណេស៊ីបានបញ្ជូនទៅកាន់បារាំងនិងក្រុងហុងកុងវិញ នូវកុងតឺន័រផ្ទុកកាកសំណល់ចំនួន៧ដែលនាំចូលមកដោយខុសច្បាប់ ខណៈបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ បានបង្កើនសម្មភាពបែបនោះ ដើម្បីកុំឲ្យប្រទេសពួកគេក្លាយជាធុងសម្រាមរបស់បណ្ដាប្រទេសអ្នកមាន។
យោងតាមអាជ្ញាធរគយនៃកោះបាតាម ស្ថិតនៅទល់មុខនិងសិង្ហបុរីថា កុងតឺន័រទាំងនេះផ្ទុក ពេញដោយកាកសំណល់ផ្ទះបាយ កាកសំណល់ប្លាស្ទិកនិងរបស់របរគ្រោះថ្នាក់នានា ដោយរំលោភបំពានបែបបទនៃការនាំចូល។ កុងតឺន័រទាំងនេះបញ្ជូនចេញវិញនាថ្ងៃទី២៩កក្កដា ដោយកុងតឺន័រ៥បញ្ជូនឆ្ពោះទៅកាន់ក្រុងហុងកុងនិង២ទៀតបញ្ជូនទៅបារាំង។
ម្យ៉ាងទៀតអាជ្ញាធររង់ចាំការអនុញ្ញាតបញ្ជូនបកទៅកាន់កន្លែងដើមវិញ នូវកុងតឺន័រ៤២ទៀតដែលផ្ទុកកាកសំណល់ដែរ ទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលីនិងអាល្លឺម៉ង់។ កាលពីឆ្នាំ២០១៨ចិនបានសម្រេចឈប់នាំចូលកាកសំណល់ប្លាស្ទិកមកពីពិភពលោកទាំងមូល ដែលនាំឲ្យមានភាពច្របូកច្របល់លើទីផ្សារកែច្នៃសម្រាម ហើយបង្ខំឲ្យបណ្ដាប្រទេសរីកចម្រើន ស្វែងរកគោលដៅថ្មីៗសម្រាប់កាកសំណល់របស់ពួកគេ។
ចាប់តាំងពីពេលនោះមកកាកសំណល់ក្នុងបរិមាណដ៏ច្រើន ត្រូវបានបញ្ជូនមកកាន់អាស៊ីអាគ្នេយ៍ ជាកន្លែងសមត្តភាពកែចៃ្នមានកម្រិត។ កាលពីដើមខែកក្កដាក្រុងហ្សាការតា បញ្ជូនកុងតឺន័រកាកសំណល់៨ទៅអូស្ត្រាលីវិញ។ ឥណ្ឌូណេស៊ីបញ្ជូនរួចហើយកាលពីខែមិថុនា នូវកុងតឺន័រកាកសំណល់៥ទៅកាន់អាមេរិកវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ