ខេត្តកំពង់ស្ពឺ ៖ គ្រាប់កាំភ្លើងប្រភេទត្បាល់និងផ្លោងចំនួន០៦គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៧ កុម្ភៈ ២០១៤ នៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ក្រោយពីប្រទះឃើញ ពួកគាត់បានយកបន្លាមកស្រាស់ព័ទ្ធជុំវិញកន្លែងគ្រាប់ទាំងនោះ ព្រោះខ្លាចក្មេងៗឃ្វាលគោយកទៅគប់លេង បង្កជាគ្រោះថ្នាក់ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ ទំនាក់ទំនងជាមួយមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីយកទៅរក្សាទុកតាមជំនាញ ។
លោក ប៊ុន សានរ័ត្ន ប្រធានក្រុមកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា គ្រាប់កាំភ្លើងដែលប្រជាពលរដ្ឋប្រទះឃើញ សុទ្ធតែជាប្រភេទគ្រាប់នៅមានគុណភាព ក្នុងនោះមានប្រភេទគ្រាប់កាំភ្លើងត្បាល់ចំនួន០៤គ្រាប់ ប្រភេទគ្រាប់៦០មិល្លីម៉ែត្រផលិតនៅអាមេរិក០៣គ្រាប់ និងគ្រាប់៨២មិល្លីម៉ែត្រ ផលិតនៅសូវៀត ០១គ្រាប់ ។ ចំណែកប្រភេទគ្រាប់កាំភ្លើងផ្លោងមានចំនួន០២គ្រាប់ ក្នុងនោះប្រភេទគ្រាប់៥៧មិល្លីម៉ែត្រ០១គ្រាប់ និងប្រភេទគ្រាប់៨៥មិល្លីម៉ែត្រ០១គ្រាប់ ទាំង០២គ្រាប់នេះ ផលិតនៅសូវៀត និងក្បាលផ្ទុះ០១គ្រាប់ផងដែរ ។
លោកបន្តថា ក្រោយពីប្រមូលគ្រាប់ទាំងនោះយកទៅដាក់ក្នុងធុងសុវត្ថិភាព ហើយរូបលោកនឹងសុំគោលការណ៍ទៅថ្នាក់លើ ធ្វើការកម្ទេចចោល ៕
ចែករំលែកព័តមាននេះ