ខេត្តកំពត ៖ តាមសេចក្តីរាយការបឋមពីនគរបាលការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា លោកអធិការរងទទួលផែនចរាចរនៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចររវាងរថយន្តរបស់លោកត្រូវរថភ្លើងបុក ខណៈលោកបើករថយន្តចេញពីផ្ទះទៅប្រចាំការនៅអធិការដ្ឋាននគរបាលក្រុងកំពត លុះពេលលោកបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើង ដោយមិនបានដឹងថារថភ្លើងមកដល់នោះទេ ព្រោះមិនបានឮរថភ្លើងស៊ីផ្លេ បណ្តាលឲ្យរថភ្លើងបុក រួចរុញរថយន្តជិត៥០០ម៉ែត្រទើបរថភ្លើងឈប់ ចំណែករថយន្តបានរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកចូលវត្តអង្គអណ្តូងព្រេង ស្ថិតក្នុងភូមិតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
រថភ្លើងមួយខ្សែខាងលើបើកបរដោយឈ្មោះយ៉ែម សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែករថយន្តមួយគ្រឿងខាងលើ ម៉ាករេហ្វ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AK-១៥៣៨ បើកបរដោយឈ្មោះឆែម ហាក់ ភេទប្រុស អាយុ៥០ឆ្នាំ ជាអធិការរងក្រុងទទួលផែនប្រធានចរាចរសណ្តាប់ធ្នាប់ក្រុងកំពត រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ លោកអធិការរងដែលរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ