ឥណ្ឌូណេសីុជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអាសីុអាគ្នេយ៍បានជួបនឹងការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ ប៉ុន្តែនៅតែលើសការព្យាករហើយបានបង្ហាញសញ្ញានៃភាពល្អប្រសើរ បើទោះបីជាត្រូវរងនូវផលប៉ះពាល់ពីចលាចលនៅក្នុងទីផ្សារកំពុងលូតលាស់ក៏ដោយ ។
យោងតាមស្ថិតិផ្លូវការបង្ហាញកាលពីថ្ងៃពុធ បានឱ្យដឹងថា កាលពីឆ្នាំ២០១៣ សេដ្ឋកិច្ចប្រទេសនេះកើនឡើង៥,៧៨%នេះជាលើកដំបូងដែលសេដ្ឋកិច្ចកើនឡើងក្រោម៦%ចាប់តាំងពីឆ្នាំ២០០៩មក ។ ចំណែកផលិតផលក្នុងស្រុកសរុបកើនឡើង៥,៧២% ។
លោក Suryamin ប្រធានផ្នែកស្ថិតិជាតិបាននិយាយថា ការវិនិយោគបានធ្លាក់ចុះដោយលោកចង់ចង្អុរបង្ហាញពីក្ដីបារម្ភចេះតែកើនឡើងពីសំណាក់វិនិយោគិនចំពោះស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ។
ឥណ្ឌូណេសីុជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅពេលដែលមូលនិធិបរទេសត្រូវបានដកចេញពីទីផ្សារកំពុងលូតលាស់ដោយសារការព្រួយបារម្ភពីការកាត់បន្ថយកម្មវិធីទិញសញ្ញាប័ណ្ណរបស់ធនាគារកណ្ដាលអាមេរិក ។ ក្រៅពីកត្ដាខាងក្រៅសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេសីុក៏រងផលប៉ះពាល់ដែរដោយសារបញ្ហាក្នុងស្រុកដូចជាឱនភាពគណីចរន្ត អតិផរណាឡើងខ្ពស់ បន្ទាប់ពីតម្លៃប្រេងសាំងហក់ឡើង និងគោលនយោបាយដែលរងការរិះគន់ ហើយធ្វើឱ្យវិនិយោគិនអស់ជំនឿចិត្ត។
ផ្សារហ៊ុនទីក្រុងហ្សាការតាបានធ្លាក់ចុះពី៥.០០០ពិន្ទុកាលពីខែឧសភា មកនៅក្រោម៤.០០០ពិន្ទុ កាលពីខែកញ្ញា ខណៈដែលប្រាក់រូព្យ៉ាធ្លាក់ថ្លៃជាង២៥%ធៀបនឹងប្រាក់ដុល្លារអាមរិក ៕
ចែករំលែកព័តមាននេះ