ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​អ៊ី​ស្រា​អែ​ល​ក្នុង​ត្រីមាស​ទី​២​ធ្លាក់​ចុះ ដោយ​សារ​សង្គ្រាម​១២​ថ្ងៃ​ជាមួយនឹង​អ៊ី​រ៉​ង់

1 ម៉ោង មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ​២០២៥ ចាប់​ខែមេសា​ដល់​ខែមិថុនា ខណៈ​ដែល​សង្គ្រាម​រយៈពេល​១២​ថ្ងៃ​របស់​ពួក​គេ​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​មានការ​បិទ​ទាំងស្រុង​លើ​អាជីវកម្ម​ជា​ច្រើន​។ ការិយាល័យ​កណ្តាល​សម្រាប់​ស្ថិតិ​របស់​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១៧ ខែសីហា…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ​២០២៥ ចាប់​ខែមេសា​ដល់​ខែមិថុនា ខណៈ​ដែល​សង្គ្រាម​រយៈពេល​១២​ថ្ងៃ​របស់​ពួក​គេ​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​មានការ​បិទ​ទាំងស្រុង​លើ​អាជីវកម្ម​ជា​ច្រើន​។

ការិយាល័យ​កណ្តាល​សម្រាប់​ស្ថិតិ​របស់​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១៧ ខែសីហា បាន​រាយការណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប ឬ GDP របស់​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ធ្លាក់​ចុះ​មក​នៅ ៣,៥%​។ តួលេខ​នេះ ទាប​ជាង ០,២% ពី​ការ​ព្យាករណ៍​ដោយ​អ្នក​សេដ្ឋកិច្ច​ចំនួន ៦ រូប​របស់​សារព័ត៌មាន Bloomberg​។

អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​មួយ​លើ​ប្រទេស​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុង​ការ​ប៉ុនប៉ង​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ និង​ទីតាំង​យោធា​ផ្សេង​ទៀត​របស់​សាធារណរដ្ឋ​អ៊ី​ស្លា​ម​មួយ​នេះ ដោយ​អ៊ី​ស្រា​អែ​ល​អះអាង​ថា​ជា​ការ​គំរាមកំហែង​អត្ថិភាព​។ ជា​ការ​ឆ្លើយ​តប អ៊ី​រ៉​ង់​បាន​សងសឹក​ជាមួយ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ផ្លោង​ដែល​បាន​ជំរុញ​ឱ្យ​ប្រជាជន​អ៊ី​ស្រា​អែ​ល​ជា​ច្រើន​នាក់​ភៀសខ្លួន​ទៅ​រក​ជម្រក​សុវត្ថិភាព​។

សង្គ្រាម​ប្រឆាំង​នឹង​អ៊ី​រ៉​ង់​ដែល​បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច និង​រំខាន​ដល់​ឧស្សាហកម្ម​សំខាន់​ៗ ខណៈ​ដែល​កម្មករ​រាប់​ពាន់​នាក់​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​បំពេញ​កាតព្វកិច្ច​យោធា ដែល​ជា​ការ​ប៉ះពាល់​ដល់​សកម្មភាព​បុគ្គល និង​អាជីវកម្ម​។ សង្គ្រាម​របស់​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់​បាន​ជះ​ឥទ្ធិពល​ដ៏​ធំ​បំផុត​ទៅ​លើ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ឯកជន​ដោយ​បាន​ធ្លាក់​ចុះ ៤,១% ការ​នាំ​ចេញ​ទំនិញ និង​សេវាកម្ម​បាន​ធ្លាក់​ចុះ ៣,៥% ស្រប​ពេល​ការ​ចំណាយ​របស់​រដ្ឋាភិបាល​បាន​ធ្លាក់​ចុះ ១% ។ ការ​វិនិយោគ​លើ​ទ្រព្យសកម្ម​ថេរ​ក៏​បាន​ធ្លាក់​ចុះ ១២,៣% ខណៈ​ដែល​ទិន្នផល​អាជីវកម្ម​ក៏​បាន​ធ្លាក់​ចុះ ៦,២% ។

ធនាគារកណ្តាល​របស់​អ៊ី​ស្រា​អែ​ល​បាន​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ ចំនួន ៣,៣% ហើយ​ក្រសួង​ហិរញ្ញវត្ថុ​បាន​បន្ទាប​ការ​ព្យាករណ៍​កំណើន​ប្រចាំឆ្នាំ​របស់​ខ្លួន​មក​នៅ​ត្រឹម ៣,១% កាលពី​ស​ប្តា​ហ៍​មុន​។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំងនេះ សេដ្ឋកិច្ច​នឹង​ត្រូវ​កើនឡើង​ខ្លាំង​នៅ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ បើ​ទោះបីជា​អ៊ី​ស្រា​អែ​ល​បាន​អះអាង​ថា ខ្លួន​កំពុង​រៀបចំ​ដើម្បី​កាន់កាប់​តំបន់​ហ្គា​ស្សា (Gaza) ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​សម្រាប់​គោលបំណង​កម្ចាត់​ក្រុម​ហា​ម៉ាស​។

ប្រតិបត្តិការ​នេះ អាច​នឹង​ជម្លៀស​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ​១​លាន​នាក់ ហើយនឹង​តម្រូវ​ឱ្យ​មានការ​កោះហៅ​កងកម្លាំង​បម្រុង​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត ដែល​ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​បន្ថែម​ទៀត​ដល់​សេដ្ឋកិច្ច​ប្រទេស​អ៊ី​ស្រា​អែ​ល​៕ ដកស្រង់ ៖ Bloomberg, Times Of Israel និង NDTV Profit

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ