ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្ដុរមានទីផ្សារណាស់…លក់ឱ្យឈ្មួញវៀត​ណាម​១ថ្ងៃពី៦ទៅ៧តោនឯណោះ

1 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឈ្មួញ​ខ្មែរ​ដែល​ដើរ​ប្រមូល​ទិញ​កណ្ដុរ​ពី​អ្នក​ភូមិ បាន​អះអាង​ថា បច្ចុប្បន្ន​នេះ កណ្ដុរ​កំពុង​មាន​ទីផ្សារ​ល្អ​ខ្លាំង​ណាស់ ដោយ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ទោះបី​មាន​ប៉ុន្មាន​ក៏​គេ​ទទួលយក​ដែរ គ្មាន​សល់​ទេ ព្រោះ​វា​ជា​ម្ហូប​ពិសេស​ណាស់…

ខេត្តព្រៃវែង ៖ ឈ្មួញ​ខ្មែរ​ដែល​ដើរ​ប្រមូល​ទិញ​កណ្ដុរ​ពី​អ្នក​ភូមិ បាន​អះអាង​ថា បច្ចុប្បន្ន​នេះ កណ្ដុរ​កំពុង​មាន​ទីផ្សារ​ល្អ​ខ្លាំង​ណាស់ ដោយ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ទោះបី​មាន​ប៉ុន្មាន​ក៏​គេ​ទទួលយក​ដែរ គ្មាន​សល់​ទេ ព្រោះ​វា​ជា​ម្ហូប​ពិសេស​ណាស់ ។

ឈ្មួញ​ខ្មែរ​ម្នាក់​ដែល​កំពុង​ថ្លឹង​កណ្ដុរ​លក់​ឱ្យ​ឈ្មួញ​វៀតណាម នៅ​ទីប្រជុំជន​អ្នក​លឿង បាន​ឲ្យ​ដឹង​ថា សត្វ​កណ្ដុរ​ដែល​ឈ្មួញ​វៀតណាម​ទទួល​ទិញ​មាន​ពីរ​ប្រភេទ គឺ​កណ្ដុរ​បាយ និង​កណ្ដុរប្រែង ហើយ​គេ​យក​ទៅ​លក់​បន្ត​ឲ្យ​ហាង​ធំ​ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម មាន​ប៉ុន្មាន​ក៏​គេ​ទទួល​ទិញ​យក​ទាំងអស់ ព្រោះ​ជនជាតិ​វៀតណាម​ទូទៅ​ចូល​ចិត្ត​កណ្ដុរ​អាំង ទោះបី​សាច់​មាន់​សាច់​គោ​ក៏​មិន​ដូរ​
ដែរ ។

ឈ្មួញ​ដដែល​រូប​នេះ​បាន​បន្ត​ថា ឈ្មួញ​ខ្មែរ​យើង​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​តាម​ផ្ទះ ដោយ​អ្នក​ភូមិ​គេ​ដាក់​អង្គប់​នៅ​តាម​វាលស្រែ ក្នុង​១​គីឡូក្រាម​បាន​តម្លៃ ៥​ពាន់​រៀល ហើយ​ឈ្មួញ​ខ្មែរ​យក​មក​លក់​បន្ត​ឲ្យ​ឈ្មួញ​វៀតណាម ក្នុង​១​គីឡូ ៧​ពាន់​រៀល​គ្មាន​តថ្លៃ​មួយ​ម៉ាត់​ទេ ។

ឈ្មួញ​ខ្មែរ​បាន​បញ្ជាក់​ថា កាលពីមុន​ពួក​គាត់​ដឹក​កណ្ដុរ​ចូល​ទៅ​លក់​ផ្ទាល់ តាម​ហាង​ធំ​ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​បាន​តម្លៃ​ថ្លៃ ចំណេញ​ច្រើន តែ​ឆ្នាំ​នេះ សមត្ថកិច្ច​វៀតណាម​គេ​បិទ​មិន​ឲ្យ​ឈ្មួញ​ខ្មែរ​ដឹក​ទៅ​លក់​ផ្ទាល់​ទេ ទើប​ពួក​គាត់​ត្រូវ​បង្ខំចិត្ត​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដែល​មក​ចាំ​ទទួល​ទិញ​នៅ​ព្រំដែន ។ មាន​ឈ្មួញ​ខ្លះមក​ទទួល​ទិញ​ដល់ទី​ប្រជុំជន​អ្នក​លឿង​តែ​ម្ដង ។ ការ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​បន្ត​នេះ គឺ​មិនសូវ​បាន​ថ្លៃ​ដូច​លក់​ឲ្យ​ហាង​ធំ​ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ទីផ្សារ​កណ្ដុរ​នៅ​តែ​មាន​ហាងឆេង​ល្អ ដោយ​ឈ្មួញ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី ក្អម​សំណ និង​កោះ​រកា សរុប​មួយ​ថ្ងៃ​ៗ​ចន្លោះ​ពី​៦​ទៅ​៧​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ