ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្ទង់​មតិ​ថ្មី ៖ អត្រា​អ្នក​ទទួលទាន​គ្រឿង​ស្រវឹ.ង​នៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការ​ស្ទង់​មតិ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រក​ឃើញ​ថា ៥៤% នៃ​មនុស្ស​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក​បាន​ទទួលទាន​គ្រឿង​ស្រវឹង ដែល​នេះ​គឺជា​កម្រិត​ទាប​បំផុត ហើយ​ឥឡូវនេះ​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​នាក់​បាន​ចាត់​ទុក​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិនល្អ​ចំពោះ​សុខភាព​ពួក​គេ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន…

សហរដ្ឋអាមេរិក ៖ ការ​ស្ទង់​មតិ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រក​ឃើញ​ថា ៥៤% នៃ​មនុស្ស​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក​បាន​ទទួលទាន​គ្រឿង​ស្រវឹង ដែល​នេះ​គឺជា​កម្រិត​ទាប​បំផុត ហើយ​ឥឡូវនេះ​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​នាក់​បាន​ចាត់​ទុក​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិនល្អ​ចំពោះ​សុខភាព​ពួក​គេ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP និង Euronews បាន​ចេញផ្សាយ​។

ការ​ស្ទង់​មតិ​ដែល​ឡើង​ដោយ​ក្រុមហ៊ុន Gallup កាលពី​ខែកក្កដា​កន្លង​ទៅ បាន​បង្ហាញ​ថា ភាគរយ​ខ្ពស់​នៃ​មនុស្ស​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក​ចំនួន ៥៣% ឥឡូវនេះ បាន​អះអាង​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​កម្រិត​មធ្យម គឺ​អាក្រក់​ដល់​សុខភាព​របស់​ពួក​គេ ដែល​ជា​ការ​កើនឡើង​ពី​ត្រឹម ២៨% ពី​ការ​ស្ទង់​មតិ​មុន​។ ដូច្នេះ​នៅ​ពេល​ដែល​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​កើនឡើង ប្រជាជន​អា​មេ​រិ​កតិច​ជាង​មុន​កំពុង​រាយការណ៍​អំពី​ការ ទទួលទាន​គ្រឿង​ស្រវឹង​របស់​ពួក​គេ​។

ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា ៥៤% នៃ​មនុស្ស​ពេញវ័យ​នៅ​អា​មេ​រិ​កបាន​អះអាង​ថា ពួក​គេ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដូច​ជា ស្រា Liquor ស្រាក្រហម ឬ​ស្រា​បៀរ ដែល​នេះ​គឺជា​កម្រិត​ទាប​បំផុត ចាប់តាំងពី​ការ​ស្ទង់​មតិ​ត្រូវ​បាន​ធ្វើ​ឡើងជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៣៩​។

ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​សហព័ន្ធ​អា​មេ​រិ​ក​កំពុង​តែ​ធ្វើ​បច្ចុប្បន្នភាព​ការ​ណែនាំ​អំពី​របប​អាហារ​ថ្មី រួម​ទាំង​អ្នក​ឧស្សាហ៍​ទទួលទាន​គ្រឿង​ស្រវឹង​ផង​ដែរ ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ត្រូវ​បាន​រំពឹង​ថា នឹង​ចេញផ្សាយ​គោលការណ៍​ណែនាំ​ថ្មី​នៅ​ចុងឆ្នាំ​នេះ​។ មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ទិន្នន័យ​ពី​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​សហរដ្ឋអាមេរិក​កំពុង​មាន​និន្នាការ​កើនឡើង​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ស្ទង់​មតិ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ជា​ពិសេស​ក្នុង​ចំណោម​ក្មេង​ជំទង់ និង​យុវវ័យ ដោយសារ​ពួក​គេ​បានដឹង​ច្បាស់​អំពី​ហានិភ័យ​នៃ​គ្រឿង​ស្រវឹង​។

ខណៈ​ពេល​ការ​ទទួលទាន​គ្រឿង​ស្រវឹង​កម្រិត​មធ្យម​ត្រូវ​បាន​គិត​ថា មិន​ប៉ះពាល​ដល់​សុខភាព និង​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​បេះដូង​នោះ អ្នកជំនាញ​ផ្នែក​សុខភាព​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បាន​ចង្អុលបង្ហាញ​អំពី​ភស្តុ​តាង​ដ៏​ច្រើន​លើសលប់​ដែល​បាន​បង្ហាញ​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​នាំ​ទៅ​រក​លទ្ធផល​អវិជ្ជមាន​ចំពោះ​សុខភាព ហើយ​ក៏​ជា​មូលហេតុ​ចម្បង​ឈាន​ទៅ​រក​ជំងឺមហារីក​។

សរុប​មក បើ​តាម​ការ​ស្ទង់​មតិ​ពី Gallup បាន​បង្ហាញ​ថា ប្រជាជន​អា​មេ​រិ​ក​ប្រហែល​១​ភាគ​៤​នៃ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​បាន​និយាយ​ថា ពួក​គេ​បាន​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង​មុន ដែល​ជា​កំណត់​ត្រា​ទាប​មួយ​ក្នុង​ការ​ស្ទង់​មតិ​។ អំឡុង​ពេល​ការ​ស្រង់​ស្ថិតិ​នោះ ប្រហែល​៤​នាក់​ក្នុង​ចំណោម​១០​នាក់​បាន​អះអាង​ថា​វា​មាន​រយៈពេល​ជាង​១​ស​ប្តា​ហ៍​ហើយ ចាប់តាំងពី​ពួក​គេ​បាន​ទទួលទាន​គ្រឿង​ស្រវឹង​លើក​ចុង​ក្រោយ មាន​ន័យ​ថា ជាង​១​ស​ប្តា​ហ៍​មក​ហើយ ដែល​ពួក​គេ​មិន​បាន​ទទួលទាន​គ្រឿង​ស្រវឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ