ពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិមួយត្រូវបានសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះចៅអធិការវត្តរាជបូណ៌ បានមានថេរដីកា កាលពីពេលថ្មីៗនេះថានឹងលេចរូបរាងឡើងនៅក្នុងទឹកដីនៃខេត្តសៀមរាប ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាបន្ថែមថា រចនាសម្ព័ន្ធប្លង់មេ និងការកសាងសាលាឆាន់ ដែលត្រូវកសាងនៅពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិ បានចេញហើយ នៅពេលនេះ ។
ព្រះអង្គបានមានថេរដីកាបន្ថែមថា ពុទ្ធមណ្ឌលថ្មីនេះ គឺនឹងសាងសង់ឡើងនៅភូមិ បំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

បច្ចុប្បន្នពុទ្ធមណ្ឌលនេះបាន កំពុងធ្វើការអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទវត្តរាជបូណ៌ ។

នេះ គឺជាពុទ្ធមណ្ឌលថ្មីមួយ ខណៈដែលពុទ្ធមណ្ឌលមួយចំនួនបានកសាងរួចហើយសម្រាប់បម្រើ និងជាគុណប្រយោជន៍របស់ពុទ្ធចក្រ និងអាណាចក្រនៅកម្ពុជា ។
សព្វថ្ងៃនេះ ពុទ្ធសាស្ត្រជាសាសនារបស់រដ្ឋ ហើយនៅទូទាំងប្រទេសកម្ពុជាមានព្រះសង្ឃសរុបប្រមាណជា៧៥.៥០០ អង្គ គង់នៅវត្តសរុបប្រមាណជា៥.១៤០ វត្តនៅទូទាំងប្រទេស និងមានអាចារ្យដែលឆ្លងការបណ្តុះបណ្តាលសរុបប្រមាណជា១៣.៨០០ នាក់ ៕


ចែករំលែកព័តមាននេះ