ខេត្តមណ្ឌលគិរី ៖ មណ្ឌលគិរី គឺជាខេត្តដែលពោរពេញទៅដោយសក្ដានុពលកសិកម្ម និងទេសចរណ៍ដ៏សម្បូរបែប បាននឹងកំពុងទទួលការអភិវឌ្ឍន៍ជាច្រើនវិស័យ តាមរយៈការវិនិយោគដ៏ធំធេងលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសង់សម្រេចបាន១០០% នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទចំនួន០២ ក្នុងផែនការឆ្នាំ២០២៥ ។
គណៈកម្មការអន្តរក្រសួង រួមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការធានាគុណភាពសំណង់ ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ខេត្ត ។

សមិទ្ធផលផ្លូវគមនាគមន៍សរុបជាង១០៥គីឡូម៉ែត្រ គម្រោងទាំងពីរដែលបានអនុវត្ត និងបញ្ចប់ដោយជោគជ័យ គឺគម្រោងជួសជុលថែទាំខួបចំនួន០១ខ្សែ ប្រវែង១០៥០០ម៉ែត្រ នៅស្រុកពេជ្រាដា។
គម្រោងជួសជុលថែទាំប្រចាំ ដំណាក់កាលទី២ ចំនួន០៧ខ្សែ ដែលមានប្រវែងសរុប៩៥ ២០០ម៉ែត្រ (រួមទាំងផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលល្បាយថ្មភ្នំ) គ្របដណ្តប់ក្រុងសែនមនោរម្យ និងស្រុកកែវសីមា នកងស្រុកកោះញែក ។

ឯកឧត្តម ជី ស៊ីថា បានមានប្រសាសន៍ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា «ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ តាមរយៈផ្លូវល្អ នឹងបង្កលក្ខណៈងាយស្រួលបំផុតដល់បងប្អូនប្រជាកសិករក្នុងការ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។ នេះជាយន្តការផ្ទាល់ក្នុងការ លើកស្ទួយជីវភាព និងទាញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែរឹងមាំ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាការពារសមិទ្ធផលដែលកើតចេញពី សន្តិភាព និងស្ថិរភាពសង្គម នេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីធានាថា ផ្លូវទាំងនេះអាចបម្រើផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះ ឯកឧត្តមបានក្រើនរំលឹកជាថ្មីដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវ គោរពច្បាប់ចរាចរណ៍ជានិច្ច ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។
នេះគឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងគុណភាពជីវិតរបស់ប្រជាជននៅតាមជនបទ ឱ្យទទួលបានភាពរីកចម្រើនស្មើភាព
គ្នា ៕


ចែករំលែកព័តមាននេះ