ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា ចិនអាច​​នឹង​វ៉ា​ដាច់​គ្រប់​វិស័យ​នាំ​ចេញ​សំខាន់​ៗ​ទាំងអស់​នៅ​ឆ្នាំ​២០៣០

2 ម៉ោង មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រុមហ៊ុន​នៅ​កូរ៉េ​ខាងត្បូង​មួយ​ចំនួន​បាន​ព្យាករណ៍​ថា ប្រទេស​ចិន​អាច​នឹង​វ៉ា​ដាច់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឧស្សាហកម្ម​នាំ​ចេញ​សំខាន់​ៗ​ចំនួន ១០ មុខ រួម​មាន​ទាំង ឧបករណ៍​អេ​ឡិច​ត្រូ​និក គ្រឿង​អេ​ឡិច​ត្រូ​និ​ច…

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រុមហ៊ុន​នៅ​កូរ៉េ​ខាងត្បូង​មួយ​ចំនួន​បាន​ព្យាករណ៍​ថា ប្រទេស​ចិន​អាច​នឹង​វ៉ា​ដាច់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឧស្សាហកម្ម​នាំ​ចេញ​សំខាន់​ៗ​ចំនួន ១០ មុខ រួម​មាន​ទាំង ឧបករណ៍​អេ​ឡិច​ត្រូ​និក គ្រឿង​អេ​ឡិច​ត្រូ​និ​ច រថយន្ត ការ​សាងសង់​កប៉ាល់ និង​អា​គុយ នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​ត្រូវ​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Korea Herald​ និង Korea Times។

សហព័ន្ធ​ឧស្សាហកម្ម​កូរ៉េ (FKI) បាន​ស្ទង់​មតិ​ក្រុមហ៊ុន​ឈានមុខ​គេ​ចំនួន ២០០ នៅ​ទូ​ទាំង​វិស័យ​នាំ​ចេញ​កំពូល​ៗ របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​វាយតម្លៃ​ពិសេស​លើ​ការ​ប្រកួតប្រជែង​របស់​ពួក​គេ​ជាមួយនឹង​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​ជប៉ុន​។ ការ​ស្ទង់​ធ្វើ​ឡើង​លើ​បណ្តា​ក្រុមហ៊ុន​ផលិតផល​ពាក់កណ្តាល​សម្រេច (Semiconductor) អេ​ក្រង់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច រួម​ទាំង​កុំព្យូទ័រ ឧបករណ៍​ទូរស័ព្ទ​ចល័ត ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ រថយន្ត គ្រឿងបន្លាស់​រថយន្ត គ្រឿងចក្រ​ទូទៅ ការ​សាងសង់​កប៉ាល់ អា​គុយ គីមី​ឥន្ធនៈ ផលិតផល​ប្រេងកាត ព្រមទាំង​សុខភាព​ជីវសាស្ត្រ​។

យោង​តាម​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ចិន​បាន​វ៉ា​ដាច់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​រួច​ហើយ នៅ​ក្នុង​ឧស្សាហកម្ម​នាំ​ចេញ​សំខាន់​ៗ​ចំនួន ៥ គិត​ត្រឹម​ឆ្នាំ ២០២៥ ដោយ​ដែកថែប​ឈរ​នៅ​កំពូល បន្ទាប់​មក​គ្រឿងចក្រ​ទូទៅ អា​គុយ អេ​ក្រង់ និង​រថយន្ត គ្រឿងបន្លាស់​រថយន្ត​។ ទោះ​យ៉ាងណា​ក៏​ដោយ ចិន​នៅ​តែ​នាំមុខ​បន្តិចបន្តួច​លើ​កូរ៉េ​ខាងត្បូង​សម្រាប់​ឧស្សាហកម្ម​ទាំង ៥ នៅ​ឆ្នាំ​នេះ ប៉ុន្តែ​នៅ​ពេល​បណ្តា​ក្រុមហ៊ុន​ព្យាករណ៍​ដល់​ឆ្នាំ ២០៣០ គ្រប់​វិស័យ​ទាំងអស់​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ហើយ​នៅ​ពីក្រោយ​គូប្រជែង​ចិន​។

នៅ​ពេល​ត្រូវ​បាន​សួរ​ឱ្យ​វាយតម្លៃ​ពី​ភាព​ប្រកួតប្រជែង​របស់​សហរដ្ឋអាមេរិក ចិន និង​ជប៉ុន បើ​ធៀប​ទៅ​នឹង​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​កម្រិត​មូលដ្ឋាន ១០០ ពិន្ទុ ក្រុមហ៊ុន​ទាំងនោះ​បាន​វាយតម្លៃ​សហរដ្ឋអាមេរិក​នៅ ១០៧,២ ពិន្ទុ ចិន​នៅ ១០២,២ ពិន្ទុ និង​ជប៉ុន​នៅ ៩៣,៥ ពិន្ទុ នៅ​ក្នុងឆ្នាំនេះ​។ ចំណែក​នៅ​ឆ្នាំ ២០៣០ ក្រុមហ៊ុន​កូរ៉េ​ទាំងនោះ​បាន​ព្យាករណ៍​ថា តួលេខ​នឹង​កើនឡើង ដោយ​សហរដ្ឋអាមេរិក​នៅ ១១២,៩ ពិន្ទុ ចិន​នៅ ១១២,៣ ពិន្ទុ និង​ជប៉ុន​នៅ ៩៥ ពិន្ទុ​។

FKI បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន​ក្នុងស្រុក​ជឿ​ថា ភាព​ប្រកួតប្រជែង​របស់​សាជីវកម្ម​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​នៅ​ពីក្រោយ​សហរដ្ឋអាមេរិក និង​ចិន​រួច​ហើយ ដោយ​គម្លាត​នឹង​កាន់តែ​បន្ត​បន្ថែម​ទៀត​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​។ ជាមួយ​គ្នា​នោះ ភាព​ប្រកួតប្រជែង​របស់​សាជីវកម្ម​ចិន ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​កម្រិត​ស្មើនឹង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ដូច​គ្នា​។

ក្រុមហ៊ុន​ទាំងនោះ បាន​ជ្រើសរើស​ចិន​ជា​ដៃគូ​ប្រកួតប្រជែង​នាំ​ចេញ​កំពូល​របស់​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ​នេះ ដោយ​លទ្ធផល​ស្ទង់​មតិ ៦២,៥% ជ្រើសរើស​ចិន បន្ទាប់​មក​គឺ​អា​មេ​រិ​ក ២២,៥% និង​ជប៉ុន ៩,៥%​។ ចំណែក​នៅ​ឆ្នាំ ២០៣០ ចំណែក​ទីផ្សារ​របស់​ចិន​ត្រូវ​បាន ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់ ៦៨,៥% ខណៈ​ដែល​អា​មេ​រិ​ក​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ២២% និង​ជប៉ុន​មក​ត្រឹម ៥%​។

ក្រុមហ៊ុន​ទាំងនោះ​បាន​លើក​ឡើង​ថា ប្រទេស​ចិន​មាន​លទ្ធផល​ល្អ​ជាង​កូរ៉េ​ខាងត្បូង​ភាគច្រើន​ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​តម្លៃ ផលិតភាព ការ​គាំទ្រ​ពី​រដ្ឋាភិបាល ទេព​កោសល្យ​ជំនាញ និង​បច្ចេកវិទ្យា​ស្នូល​។ ចំណែកឯ​សហរដ្ឋអាមេរិក​មាន​លទ្ធផល​ល្អ​ជាង​កូរ៉េ​ខាងត្បូង​នៅ​គ្រប់​វិស័យ​ទាំងអស់ ទាំង​ការ​ផ្សព្វផ្សាយ​ផលិតផល ទេព​កោសល្យ​ជំនាញ ផលិតភាព បច្ចេកវិទ្យា​ស្នូល ការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ការ​ប្រកួតប្រជែង​ផ្នែក​តម្លៃ​ផង​ដែរ ដោយ​គម្លាត​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ពង្រីក​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០៣០៕ ប្រភព ៖ Korea Herald

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ