ខេត្តព្រៃវែង ៖ ឈ្មួញខ្មែរ ដែលដើរប្រមូលទិញសត្វកណ្ដុរពីផ្ទះអ្នកភូមិ បានអះអាងថា បច្ចុប្បន្ននេះកណ្ដុរកំពុងមានទីផ្សារល្អខ្លាំងណាស់ ដោយនាំចេញទៅប្រទេសវៀតណាម ហើយមានប៉ុន្មានក៏គេទទួលយកដែរ។
ឈ្មួញខ្មែរម្នាក់ ដែលកំពុងថ្លឹងកណ្ដុរលក់ឱ្យឈ្មួញវៀតណាម នៅទីប្រជុំជនអ្នកលឿង បានឲ្យដឹងថា សត្វកណ្ដុរដែលឈ្មួញវៀតណាមទទួលទិញមានពីរប្រភេទ គឺកណ្ដុរបាយ និងកណ្ដុរប្រែង ហើយគេយកទៅលក់បន្តឲ្យហាងធំៗនៅក្នុងប្រទេសវៀតណាម មានប៉ុន្មានក៏គេទទួលទិញយកទាំងអស់ ព្រោះជនជាតិវៀតណាមទូទៅចូលចិត្តកណ្ដុរខ្លាំង សាច់មាន់សាច់គោក៏មិនដូរដែរ។
ឈ្មួញដដែលនេះបានបន្តថា ឈ្មួញខ្មែរយើងដើរប្រមូលទិញពីប្រជាពលរដ្ឋតាមផ្ទះ ដោយអ្នកភូមិគេដាក់អង្គប់នៅតាមវាលស្រែ ក្នុងមួយគីឡូបានតម្លៃ ៥ ពាន់រៀល ហើយឈ្មួញខ្មែរយកមកលក់បន្តឲ្យឈ្មួញវៀតណាម ក្នុង១គីឡូ ៧ ពាន់រៀល។
ឈ្មួញខ្មែរបានបញ្ជាក់ថា កាលពីមុនពួកគាត់ដឹកកណ្ដុរចូលទៅលក់ផ្ទាល់ តាមហាងធំៗនៅក្នុងប្រទេសវៀតណាម គឺបានតម្លៃថ្លៃ ចំណេញច្រើន តែឆ្នាំនេះ សមត្ថកិច្ចវៀតណាមគេបិទមិនឲ្យឈ្មួញខ្មែរដឹកទៅលក់ផ្ទាល់ទេ ទើបពួកគាត់ត្រូវបង្ខំចិត្តលក់ឲ្យឈ្មួញវៀតណាម ដែលមកចាំទទួលទិញនៅព្រំដែន និងឈ្មួញខ្លះមកទទួលទិញដល់ទីប្រជុំជនអ្នកលឿងតែម្ដង ការលក់ឱ្យឈ្មួញវៀតណាមបន្តនេះ គឺមិនសូវបានថ្លៃដូចលក់ឲ្យហាងធំៗនៅក្នុងប្រទេសវៀតណាមទេ។
ទោះជាយ៉ាងណាក៏ដោយ ទីផ្សារកណ្ដុរនៅតែមានហាងឆេងល្អ ដោយឈ្មួញបាននាំចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិបន្ទាយចក្រី ក្អមសំណរ និងកោះរកា សរុបមួយថ្ងៃៗចន្លោះពី 6 ទៅ 7 តោន ៕







ចែករំលែកព័តមាននេះ