រាជធានីភ្នំពេញ ៖ អស់រយៈពេល៣ថ្ងៃមកហើយ ដែលកម្មករក្រុមហ៊ុនស៊ិនទ្រីមិនបានប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ធ្វើឱ្យសំរាមក្លាយជាគំនរដូចដំបូក និងចាប់ផ្ដើមជះក្លិនស្អុយគ្រប់ទីកន្លែង ខណៈពេលក្រុមកម្មកររបស់ក្រុមហ៊ុនមួយនេះនៅតែបន្ដធ្វើកូដកម្មដើម្បីទាមទារការដំឡើងប្រាក់ខែ ប៉ុន្ដែមិនទាន់មានដំណោះស្រាយបែបណាមួយដែលអាចទទួលយកបាននោះ ។
ជាក់ស្ដែង នៅតាមបណ្ដោយវិថីព្រះមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៥ កុម្ភៈ គេសង្កេតឃើញថា មានគំនរសំរាមជាកម្ទេចកម្ទីបន្លែគរដូចដំបូក និងមានក្លិនស្អុយយ៉ាងខ្លាំងដល់អ្នករស់នៅក្បែនោះ និងអ្នកធ្វើដំណើរ ។ តាមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះប្រាប់ឱ្យដឹងថា សំរាមនៅតាមបណ្ដោយវិថីព្រះមុនីរ៉េត ភាគច្រើនជាកម្ទេចកម្ទីបន្លែដែលបានគរស្ទើរតែលិចក្បាលទៅហើយ ដោយសារកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីមិនមកប្រមូលចំនួន៣ថ្ងៃហើយ ។
ពួកគាត់បានបន្ដថា កំណាត់ផ្លូវមួយនេះ ពិសេសត្រង់ចំណុចផ្សារដើមគ គឺជាទីផ្សារបន្លែនៅពេលយប់ដែលមានអាជីវករលក់បន្លែយ៉ាងច្រើននៅតាមដងផ្លូវ ហើយអាជ្ញាធរសង្កាត់ក៏បានកម្រៃពីក្រុុមអាជីវករលក់បន្លែនេះដែរ ។ លុះដល់ពេលមានគំនរសំរាមដូចដំបូកបែបនេះ ហាក់ធ្វើជាមិនដឹង ខណៈសំរាមទាំងនោះកំពុងរលួយ និងមានក្លិនស្អុយយ៉ាងខ្លាំងស្ទើរទ្រាំមិនបាន ដោយមិនឃើញអាជ្ញាធរចាត់វិធានការបែបណានោះទេ ។ ប្រជាពលរដ្ឋនិយាយទៀតថា ក្នុងរយៈពេល២-៣ថ្ងៃទៀត បើមិនប្រមូលចេញទេ ពួកគាត់ពិតជាមិនអាចទ្រាំនឹងក្លិនស្អុយបានឡើយ ហើយក៏ខ្លាចកូនចៅរបស់ពួកគាត់ទទួលរងនឹងជំងឺផ្សេងៗដែរ ៕
ចែករំលែកព័តមាននេះ