ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខជនសង្ស័យ២២នាក់ ដែលបង្ក្រាបរយៈពេល៣ថ្ងៃ១៦ករណី

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់ ហិង្សា និង​រំលោភ​ទំនុកចិត្ត រួម​នឹង​វត្ថុ​តាង​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់ ហិង្សា និង​រំលោភ​ទំនុកចិត្ត រួម​នឹង​វត្ថុ​តាង​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា យក​មក​បង្ហាញ​មុខជា​សាធា​រណៈ​រួម​គ្នា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥ បន្ទាប់​ពី​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ថ្ងៃ មាន​ចំនួន​១៦​ករណី ។

តាម​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​អធិការដ្ឋាន​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ជា​បន្តបន្ទាប់ ។
តាម​របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​បង្ក្រាប និង​បង្ក្រាប​ជាក់ស្តែង​រយៈពេល​៣​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​៣១ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥ ជា​លទ្ធផល បង្ក្រាប​បាន​សរុប​ចំនួន​១៦​ករណី ឃាត់​ជនសង្ស័យ​បាន​២២​នាក់ ។ ក្នុង​នោះ​ជនសង្ស័យ​ដែល​មាន​សារធាតុ​ញៀន ១០​នាក់ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២២​នាក់ ក្នុង​នោះ​មាន​ករណី​ប្លន់​ម៉ូតូ​(​ជិះ​ម៉ូតូ​ធាក់​វាយ​)៤​ករណី ឃាត់ខ្លួន​បាន​៨​នាក់​, ករណី​លួច​(​ម៉ូតូ​-​ទូរស័ព្ទ​-​ខ្សែ​ក​មាស​)៦​ករណី ឃាត់ខ្លួន​៧​នាក់​(​មាន​សារធាតុ​ញៀន​), ករណី​ហិង្សា​ដោយ​ចេតនា​១​ករណី ឃាត់ខ្លួន​២​នាក់​, ករណី​ឆក់​ខ្សែ​ក​២​ករណី ឃាត់ខ្លួន​២​នាក់​(​មាន​សារធាតុ​ញៀន​), ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​២​ករណី ឃាត់ខ្លួន​៣​នាក់​(​មាន​សារធាតុ​ញៀន​១​នាក់​) ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២២​នាក់​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​៥​ករណី ឃាត់ខ្លួន​បាន​៩​នាក់ ក្នុង​នោះ​មាន​ករណី​ប្លន់​ម៉ូតូ​(​ជិះ​ម៉ូតូ​ដេញ​ធាក់​)​ចំនួន​៤​ករណី ឃាត់ខ្លួន​៨​នាក់ និង​ករណី​លួច​ម៉ូតូ​១​ករណី ឃាត់ខ្លួន​១​នាក់ ។

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​២​នាក់ ។
នគរបាល​ខណ្ឌមានជ័យ បង្ក្រាប​បាន​៤​ករណី ឃាត់ខ្លួន​៤​នាក់ ។
នគរបាល​ខណ្ឌ​៧​មក​រា បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​២​នាក់ ។
នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​៣​នាក់ ។
នគរបាល​ខណ្ឌ​កំ​បូល បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​១​នាក់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​ខណ្ឌ​ទាំង​៦​ដែល​ជា​ម្ចាស់​ករណី កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​បន្ទាប់​ពី​ធ្វើការ​បង្ហាញមុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ