ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីចាប់បានត្រីរាជ១ក្បាលមានទម្ងន់ជាង១០០គីឡូក្រាម ប្រជានេសាទនៅខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃមកសូត្រជយន្តោ រួចលែងចូលដែនអភិរក្សក្នុងបឹងទន្លេសាប នៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។ ការនិមន្តនិងអញ្ជើញលែងត្រីរាជ១ក្បាលដ៏ធំនេះ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។

ព្រះភិក្ខុបញ្ញាបញ្ជោតោ ធី បញ្ញា ព្រះចៅអធិការវត្តសុវណ្ណជលសា ហៅវត្តកំពង់ចម្លង ស្ថិតក្នុងភូមិតួនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបាននិមន្តទៅលែងត្រីរាជខាងលើ មានថេរដីកាថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ខណៈប្រជានេសាទឈ្មោះ ធី មានទីលំនៅក្បែរវត្ត ទៅលើកលប ក៏ប្រទះឃើញត្រីរាជ១ក្បាលយ៉ាងធំ មានទម្ងន់ជាង ១០០គីឡូក្រាម ជាប់នៅក្នុងលបរបស់គាត់ ។
ក្រោយមក ប្រជានេសាទរូបនេះ ក៏បាននាំបងប្អូនអ្នកភូមិ និមន្តព្រះអង្គទៅធ្វើពិធីជយន្តោលែងត្រីរាជ១ក្បាលនោះចូលដែនអភិរក្សនៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំវិញ ។ ដោយសារបងប្អូនប្រជានេសាទ ធ្លាប់ទទួលបានការណែនាំពីមន្ត្រីជំនាញ លុះពេលឃើញពូជត្រីដ៏កម្រ និងជាប្រភេទធំស្ទើរផុតពូជបែបនេះ ក៏នាំគ្នាយកត្រីដ៏ធំនេះលែងចូលបឹងទន្លេសាបវិញ ។

លោក លី ឡា នៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បញ្ជាក់ នៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ មានដែនអភិរក្សមួយកន្លែងជាអតីតឡូត៍នេសាទលេខ១០ ។ ប៉ុន្តែអតីតឡូត៍នេសាទនេះ ស្ថិតនៅក្នុងដែនដីខេត្តកំពង់ឆ្នាំង គ្រាន់តែជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំប៉ុណ្ណោះ ។
លោក លី ឡា បន្តថា ត្រីរាជគឺជាប្រភេទត្រីងាយរងគ្រោះដែលជិតផុតពូជ ។ ការចាប់បានត្រីរាជយ៉ាងធំ ហើយលែងចូលបឹងទន្លេសាបវិញ គឺជាស្មារតីទទួលខុសត្រូវ និងស្រឡាញ់បរិស្ថានធម្មជាតិ ។ ក្នុងនាមរូបលោកជាមន្ត្រីផល សូមថ្លែងអំណរព្រះគុណ និងអរគុណព្រះសង្ឃ និងប្រជានេសាទដែលបាននិមន្តនិងអញ្ជើញលែងត្រីដ៏កម្រនេះ ទៅក្នុងដែនអភិរក្សបឹងទន្លេសាបវិញ។

ប្រការដែលគួរឲ្យស្ដាយ គឺប្រជានេសាទពុំបានសហការជាមួយនឹងមន្ត្រីជំនាញដូចសព្វដង ព្រោះបើបានសហការជាមួយមន្ត្រីជំនាញ គេនឹងប្រើបច្ចេកទេសវាស់វែង ថ្លឹងទម្ងន់ មុននឹងលែងត្រី ហើយក៏មានរង្វាន់លើកទឹកចិត្តដល់ប្រជានេសាទនោះផងដែរ ៕

ចែករំលែកព័តមាននេះ