ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​ជាតិ​ថយ​ចុះ​៣៧% ហើយ​សុទ្ធតែ​មាន​សម្បទាន​ខ្ពស់

1 ថ្ងៃ មុន
  • ភ្នំពេញ

ទំហំ​នៃ​បំណុល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៥ គឺ​មានការ​ថយ​ចុះ​ប្រមាណ​ជា៣៧​ភាគរយ ហើយ​មិនតែប៉ុណ្ណោះ បំណុល​ទាំងនោះ​គឺ​សុទ្ធសឹងតែ​ជា​បំណុល​មាន​កម្រិត​សម្បទាន​ខ្ពស់​។ តាម​សេចក្តីរាយការណ៍​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៥​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ត្រឹមតែ​ជាង…

ទំហំ​នៃ​បំណុល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៥ គឺ​មានការ​ថយ​ចុះ​ប្រមាណ​ជា៣៧​ភាគរយ ហើយ​មិនតែប៉ុណ្ណោះ បំណុល​ទាំងនោះ​គឺ​សុទ្ធសឹងតែ​ជា​បំណុល​មាន​កម្រិត​សម្បទាន​ខ្ពស់​។

តាម​សេចក្តីរាយការណ៍​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៥​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ត្រឹមតែ​ជាង ១៩៦,៤៨ លាន​ដុល្លារ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​២០២៤​កន្លង​ទៅ ទំហំ​បំណុល​ដែល​កម្ពុជា បាន​ខ្ចី​គេ​គឺ​ថយ​ចុះ​ប្រមាណ​ជា៣៧​ភាគរយ ហើយ​ម្យ៉ាងវិញទៀត បំណុល​ដែល​កម្ពុជា​ជំពាក់​ទាំងនោះ​គឺ​សុទ្ធសឹងតែ​ជា​បំណុល​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយ​មាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ​ជា៣៦​ភាគរយ​ឯណោះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គោលដៅ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​បំណុល​ថ្មី​ទាំងនេះ គឺ​មិនមែន​ដើម្បី​មក​បំពេញ​ចំណាយ​ផ្តេសផ្តាស់​ឡើយ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អ​ទិ​ភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន រយៈពេល​វែង និង បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឫ​ផលិតភាព​ផលិតកម្ម ។

ប្រភព​ដដែល​បាន​បន្ត​ថា ប្រភព​ចំណាយ​សំខាន់​នៃ​បំណុល​ទាំងនេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​យក​ទៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យ​អាទិភាព សរុប ៨៧​ភាគរយ​។

គិត​មក​ដល់​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៥ កម្ពុជា​មាន​បំណុល​ថ្នាក់​ជាតិ​សរុប​ទំហំ​១២,៦៧ ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​ កម្ពុជា​ជំពាក់​ចិន​ដោយ​មាន​ទំហំ​ស្មើនឹង​៣៣​ភាគរយ ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី ២១​ភាគរយ ធនាគារពិភពលោក​១៤​ភាគរយ ជប៉ុន​ប្រមាណ​ជា​១១​ភាគរយ កូរ៉េ​ខាងត្បូង​និង​បារាំង​គឺ​ប្រមាណ​ជា ៦​ភាគរយ​ដូច​គ្នា ហើយ​បំណុល​មរតក​នោះ គឺ​៥​ភាគរយ ។

បំណុល​ទាំងនោះ​ត្រូវ​បាន​គេ​ដឹង​ថា គឺ​យក​មក​ចំណាយ​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​មាន ដូច​ជា​ដឹក​ជញ្ជូន ផ្គត់ផ្គង់​ទឹក​ស្អាត ថាមពល ធារាសាស្ត្រ ក្រៅពី​នោះ​គឺ​មាន​កសិកម្ម សុខាភិបាល អប់រំ ជាដើម ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​មើល​ស្ថានភាព​បំណុល​ថ្នាក់​ជាតិ​ថ្មី​ដែល​ទើបនឹង​ចេញ​នេះ បញ្ជាក់​ថា កម្ពុជា​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ហើយ​រាជរដ្ឋាភិបាល​ពិតជា​មានការ​ប្រុង​ប្រយ័ត្ន​ណាស់ ចំពោះ​បញ្ហា​បំណុល ។

អ្នកវិភាគ​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ស្ថានភាព​ដែល​ពន្ធ​បដិការ​អា​មេ​រិ​ក​ត្រូវ​ឡើង​ពី​១០​ទៅ​១៩​ភាគរយ​, បញ្ហា​អវិជ្ជមាន​នៃ​ការ​ប៉ះទង្គិច​នៅ​ព្រំដែន​មិន​ទាន់​មាន​តម្រុយ​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​, និង​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​មាន​ភាព​ស្មុគស្មាញ​នៅ​លើ​ពិភព​លោក វា​ពិតជា​ពេលវេលា​ដែល​រាជរដ្ឋាភិបាល​គួរ​បង្អាក់​ឫ​បន្ថយ​ដៃ លើ​ការ​ស្វែងរក​បំណុល​
បន្ថែម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ