ពិនិត្យដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរម៉ុក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាថ្ងៃទី០៣ ខែកញ្ញានេះថា ៖ ពិនិត្យដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរម៉ុក (ភាសាបរទេស) និង វិទ្យាល័យជាស៊ីម សាមគ្គី(សីលធម៌ និងពលរដ្ឋវិជ្ជា) ។

ក្រសួងអប់រំ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសកំណែបានអញ្ជើញពិនិត្យ ពិនិត្យដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែវិទ្យាល័យជាស៊ីម សន្ធរម៉ុក (ភាសាបរទេស) និងវិទ្យាល័យជាស៊ីម សាមគ្គី (សីលធម៌ និងពលរដ្ឋវិជ្ជា) ។

ការចុះពិនិត្យផ្ទាល់ដល់មណ្ឌលនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដើរពិនិត្យតាមបន្ទប់យ៉ាងស្ងៀមស្ងាត់ ខណៈក្រុមការងារកំពុងមមាញឹកផ្តោតអារម្មណ៍អនុវត្តការងារតាមភារកិច្ច និងតាមដំណាក់កាលនីមួយៗ ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹង របស់ប្រធាន និងអនុប្រធានមណ្ឌលកំណែ ព្រមទាំងការឃ្លាំមើលរបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ ។

សូមបញ្ជាក់ថា មណ្ឌលកំណែវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក (មុខវិជ្ជា ភាសាបរទេស) មានថ្នាក់វិទ្យាសាស្ត្រ ៧២ មណ្ឌល ១ ៦៦៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩មណ្ឌល ៤ ៣៥៨បន្ទប់។ រីឯ មណ្ឌលកំណែវិទ្យាល័យ ជា ស៊ីម សាមគ្គី (មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា) មានថ្នាក់ វិទ្យាសាស្ត្រសង្គម ១៦៩មណ្ឌល ៤ ៣៥៨បន្ទប់ ។

តាមការគ្រោងទុក ដំណាក់កាកំណែមានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងមិនអនុញ្ញាឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ ។ បន្ទាប់ពីកំណែចប់សព្វគ្រប់ គឺជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស ៕









ចែករំលែកព័តមាននេះ