ខេត្តសៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានសង្កាត់ស្រង៉ែបាននិយាយថា មនុស្សពីរនាក់ជាអតីតប្តីប្រពន្ធនឹងគ្នា ត្រូវបានស្លាប់ដោយសារភ្លើងឆេះ និងកូនប្រុស-ស្រីចំនួន០២នាក់ទៀតបានរងរបួសស្រាល នៅក្នុងអំពើហិង្សាគ្រួសារដ៏សាហាវមួយកាលពីយប់មិញ។
អំពើហិង្សានេះបានផ្ទុះឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ កុម្ភៈ ២០១៤ ក្នុងក្រុមទី៨ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ជាយក្រុងសៀមរាប ខណៈបុរសជាអតីតស្វាមីបានបរាជ័យទៅនឹងសំណើសុំជួបជុំគ្រួសារវិញ ហើយក៏រៀបចំគម្រោងការគំរាមស្រ្តីជាប្រពន្ធ ដោយទិញសាំងចាក់ដុតនៅជុំវិញផ្ទះ រួចទាញស្ថានការណ៍ទម្លាក់ទៅក្នុងភាពអន្តរាយដល់ថ្នាក់បាត់បង់ជីវិត។
មេប៉ុស្តិ៍នគរបាលសង្កាត់ស្រង៉ែ លោកអនុសេនីយត្រី ស៊ុយ សេងអ៊ី បានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី០៤ កុម្ភៈ នេះថា ជនរងគ្រោះនៅក្នុងអំពើហិង្សានោះមានឈ្មោះ ងី រស្មី ភេទស្រី អាយុ២៨ឆ្នាំ ជាកូនស្រីរបស់លោកអនុប្រធានភូមិកសិកម្ម បានស្លាប់ភ្លាមៗនៅក្នុងអណ្តាតភ្លើងទាំងកណ្តាលរាត្រី ដោយឡែកបុរសជាអតីតប្តីបង្កហេតុមានឈ្មោះលឿម ហាំ អាយុ៤៣ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានរងរបួសធ្ងន់រលាករលួយឆ្អិនពេញរាងកាយ ហើយបានស្លាប់ក្រោយពីក្រុមគ្រូពេទ្យពុំមានលទ្ធភាពសង្រ្គោះបាន។ ចំណែកកូនតូចៗទាំង២ដែលរងរបួសស្រាលម្នាក់ឈ្មោះ លឿម សុខហម ភេទស្រី អាយុ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ លឿម សីហា ភេទប្រុស អាយុ០៦ឆ្នាំ ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់ហ្នឹងបានសម្រេចលែងលះ និងស្នាក់នៅផ្សេងគ្នា អស់រយៈពេលជិតមួយឆ្នាំមកហើយ ប៉ុន្តែបុរសជាប្តីនៅមិនអស់ចិត្តនឹងប្រពន្ធកូន ចេះតែសុំផ្សះផ្សាគ្នាវិញ ហើយនៅក្បាលព្រលប់នេះបុរសជាឪពុកនិងជាអតីតប្តីខាងលើ បានហៅតាមទូរសព្ទ័មកសុំផ្សះផ្សាម្តងទៀត តែត្រូវបានស្រ្តីរងគ្រោះបដិសេធ លុះដល់វេលាម៉ោងជិត១២យប់ បុរសជាប្តីក៏បានលបមកផ្ទះ ដោយបានទិញសាំងមកដុតនៅលើដីបរិវេណជុំវិញផ្ទះដើម្បីគំរាម ទើបបង្កើតបានជាមហន្តរាយធំបែបហ្នឹង ។
លោកបានបញ្ជាក់ថា «ក្រោយពីទទួលបានការបដិសេធពីស្រ្តីជាប្រពន្ធម្តងហើយម្តងទៀត នៅវេលាយប់ស្ងាត់នោះបុរសជាប្តីបានលបយកសាំងទៅស្រោចនៅលើដីជុំវិញផ្ទះ រួចដុតឲ្យឆេះយ៉ាងសន្ធោសន្ធៅ ឃើញដូច្នេះស្រ្តីជាប្រពន្ធក៏ស្ទុះចេញមកក្រៅមើល ខណៈនោះបុរសជាអតីតប្តីក៏បានចាប់ឱបស្រ្តីជាប្រពន្ធផ្តួលទៅលើដី និងរមៀលចូលទៅក្នុងអណ្តាតភ្លើងសាំង បណ្តាលឲ្យឆេះភ្លាមៗ » ។ ដោយឃើញស្ថានការណ៍ដូច្នេះជនបង្កក៏ស្ទុះចូលទៅក្នុងផ្ទះឱបបីកូនប្រុស-ស្រីទាំងពីររត់ចេញពីរង្វង់ភ្លើង រួចក៏ត្រឡប់ទៅត្រកងឱបប្រពន្ធដែលកំពុងភ្លើងឆេះពេញរាងកាយ មកឱបផ្អឹបជាប់នឹងទ្រូងឈរផ្អែកជញ្ជាំងផ្ទះដោយមិនខ្វល់ពីកំដៅភ្លើង ៕
ចែករំលែកព័តមាននេះ