ការចំណាយលើការការពារប្រទេសនៅលើពិភពលោកនឹងកើនឡើងជាលើកដំបូងនៅក្នុងឆ្នាំនេះ ចាប់តាំងពីថវិកាយោធាឆ្នាំ២០០៩កើនឡើងនៅក្នុងប្រទេសរុស្ស៊ី អាស៊ី និងមជ្ឈិមបូព៌ានេះបើយោងតាមការសើរើថវិកាការពារប្រទេសប្រចាំឆ្នាំដោយក្រុមហ៊ុន IHS Jane’s ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលចេញផ្សាយតាមសារព័ត៌មានBloombergបានបង្ហាញថា មានទីផ្សារលូតលាស់បំផុតចំនួន៤ក្នុងចំណោមទីផ្សារ៥កាលពីឆ្នាំទៅមិញគឺស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ បើបូកសរុបថវិកាការពារប្រទេសរវាងប្រទេសរុស្ស៊ី និងចិនបញ្ចូលគ្នានឹងលើសការចំណាយផ្នែកការពារប្រទេសសរុបរបស់សហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០១៥ ។
លោកផូល ប៊ើតុន(Paul Burton)នាយកផ្នែកសន្តិសុខដែនអាកាស និងការពារប្រទេសរបស់ក្រុមហ៊ុនIHS Jane’s បាននិយាយថា ប្រទេសរុស្ស៊ី ចិន និងមជ្ឈិមបូព៌ានឹងផ្តល់នូវសន្ទុះតាមពីក្រោយកំណើននៅក្នុងការចំណាយផ្នែកយោធានៅលើពិភពលោកដែលរំពឹងទុកនៅក្នុងឆ្នាំនេះ ហើយនឹងជំរុញការរើបឡើងវិញដែលបានព្យាករចាប់ពីឆ្នាំ២០១៦តទៅ ។
ប្រទេសរុស្ស៊ីដែលត្រូវបានគេព្យាករថានឹងបង្កើនការចំណាយការពារប្រទេសឲ្យបានជាង៤៤%នៅក្នុងរយៈពេលបីឆ្នាំក្រោយ បច្ចុប្បន្នជាប់ចំណាក់ថ្នាក់ជាប្រទេសចំណាយផ្នែកយោធាធំបំផុតទីបី ហើយអង់គ្លេសជាប់ចំណាក់ថ្នាក់ទី៤ ។ ចំណែកអាមេរិកនៅតែជាប្រទេសចំណាយច្រើនជាងគេកាលពីឆ្នាំទៅមិញ ពោលគឺមានចំនួនរហូតដល់ទៅ៥៨២,៤ពាន់លានដុល្លារ បន្ទាប់មកគឺចិនចំណាយអស់១៣៩,២ពាន់លានដុល្លារ និងរុស្ស៊ីចំណាយអស់៦៨,៩ពាន់លានដុល្លារ ។
គេមិនឃើញមានតំបន់ណាមានកំណើនការចំណាយការពារប្រទេសច្រើនជាងតំបន់មជ្ឈិមបូព៌ាទេ ជាទីដែលប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអូឌីត បានបង្កើនថវិកាយោធាដល់ទៅជាង៣០% កាលពីពីរឆ្នាំមុន ហើយប្រទេសអារ៉ាប៊ីសាអូឌីតនេះទៀតសោតបានបង្កើនថវិកាគុណនឹងបីដងក្នុងរយៈពេល១០ឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ