អ្នករៀបចំការប្រកួតបានប្រកាសឱ្យដឹងថា កីឡាករប្រដាល់អ៊ុយក្រែនវ្ល៉ាឌីមៀ ឃ្លីតស្កូ នឹងឡើងសង្វៀនប្រកួតការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកទាំង៤ស្ថាប័នរបស់ខ្លួន (WBA, IBF, WBO, IBO & The Ring Heavyweight) ប្រឆាំងនឹងកីឡាករអូស្ត្រាលី អាឡិច លីផៃ នៅថ្ងៃទី២៦ ខែមេសាខាងមុខ ។ ការប្រកួតគ្រោងនឹងរៀបចំធ្វើនៅសង្វៀន König Pilsener Arena ក្រុង Oberhausen ប្រទេសអាល្លឺម៉ង់ ។
វ្ល៉ាឌីមៀ ដែលនឹងមានវ័យ៣៨ឆ្នាំនៅខែក្រោយគឺជាអ្នកគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកគ្រប់ស្ថាប័នទាំងអស់ លើកលែងតែស្ថាប័ន WBC ដែលគ្រប់គ្រងដោយបងប្រុសរបស់គេ វីតាលី ឃ្លីតស្កូ បច្ចុប្បន្នជាមេបក្សប្រឆាំងនៅអ៊ុយក្រែន ។ នៅក្នុងការប្រកួតសរុប៦៤លើកក្នុងអាជីព គេចាញ់៣ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន៥១លើក ។
គេបានថ្លែងថា ៖ «ខ្ញុំត្រូវតែប្រុងប្រយ័ត្ន ។ ខ្ញុំនឹងត្រូវរៀបចំខ្លួនឱ្យបានល្អតាមដែលអាច ។ វាជាការប្រជែងដ៏អស្ចារ្យមួយ» ។ ចំណែកកីឡាករលីផៃ ដែលមានវ័យទើប៣៤ឆ្នាំគឺមានឯតទគ្គកម្មប្រកួតឈ្នះ៣០លើក ចាញ់៤ ស្មើ៣ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន២៤លើក ។ សម្រាប់ការជួបជាមួយវ្ល៉ាឌីមៀ ខាងមុខនេះ គេមានចំណាប់អារម្មណ៍ថា ៖ «មនុស្សគ្រប់គ្នាបាននិយាយអួតប្រាប់ខ្ញុំពីជ័យជម្នះ៦១លើក និងភាពអស្ចារ្យរបស់កីឡាករវ្ល៉ាឌីមៀ។ ប៉ុន្តែអ្វីដែលខ្ញុំកំពុងគិត គឺការបរាជ័យ៣លើករបស់គេ» ។ គេបានសង្កត់ធ្ងន់ថា ខ្លួននឹងផ្តួលវ្ល៉ាឌីមៀ ឱ្យសន្លប់ ។ «ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីផ្តួលវ្ល៉ាឌីមៀ ឱ្យសន្លប់។ ជួបជាមួយគេមិនមែនជារឿងពិបាកនោះទេ»៕
ចែករំលែកព័តមាននេះ