ខេត្តប៉ៃលិន ៖ គេសង្កេតឃើញនៅក្នុងតៀមកាហ្វេ ១កន្លែង ត្រូវបានម្ចាស់បើកលេងល្បែងយូគី ដែលហាងនេះ ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ យ៉ាន ភេទប្រុស អាយុជាង ៤០ឆ្នាំ មានទីតាំងស្ថិតនៅខាងត្បូងជាប់នឹងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនតែងតែចូលទៅផឹកកាហ្វេនៅក្នុងហាងខាងលើ បានឲ្យដឹងថា នៅក្នុងកំឡុងថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម ក្នុងថ្ងៃទី០២ រហូតដល់ថ្ងៃទី០៣ កុម្ភៈ នេះ ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅក្នុងហាងកាហ្វេខាងលើបានបើកលេងល្បែងយូគីប្រភេទថ្មី ដែលមានលក្ខណៈស្ងាត់ៗ ដោយលេងតែមនុស្សចំនួន ៤ ទៅ ៥នាក់ ប៉ុណ្ណោះ។
ប្រភពបន្តទៀតថា ការលេងល្បែងនេះ មានអ្នកខ្លះចាញ់រហូតដល់រាប់ពាន់រាប់ម៉ឺនរៀលដែរ តែគេមិនឃើញមានសមត្ថកិច្ចណាម្នាក់ចូលទៅបង្ក្រាបនៅឡើយទេ ព្រោះពេលស៊ើបសួរទៅត្រូវគេបង្ហើបថា ម្ចាស់ហាងបានរត់ការណ៍រួចរាល់អស់ហើយទៅអាជ្ញាធរ និងសមត្ថកិច្ច។ ដូច្នេះហើយបានជាពួកគេអាចអង្គុយលេងនៅក្នុងតៀមកាហ្វេនេះបាន ដោយគ្មានសមត្ថកិច្ចណាម្នាក់ចូលទៅបិទ ឬចាត់វិធានការបង្ក្រាបនោះទេ។
ទាក់ទិនទៅនឹងបញ្ហាលេចឮថា ម្ចាស់តៀមកាហ្វេបើកលេងល្បែងយូគីនេះ កោះសន្តិភាពបានទាក់ទងទៅ លោក ឈុន ឆឺយ អធិការក្រុងប៉ៃលិន ដើម្បីសុំការបំភ្លឺ ដោយលោកបានឲ្យដឹងតាមទូរស័ព្ទថា ចំពោះព័ត៌មានដែលថា ម្ចាស់តៀមកាហ្វេបើកលេងល្បែងយូគីប្រភេទថ្មីនេះ ខាងលោកពុំបានដឹងរឿងនោះទេ ហើយខាងលោកក៏មិនបានទទួលសំណែនអ្វីពីម្ចាស់ហាងនោះដែរ ក្រោយពីអ្នកសារព័ត៌មានសួរនាំរួច ខាងលោកនឹងចាត់កម្លាំងឲ្យចុះទៅស៊ើបមើល បើពិតជាឃើញមានលេងដូច្នេះមែន ខាងលោកនឹងចាត់កម្លាំងឲ្យចុះទៅបង្ក្រាបភ្លាមៗផងដែរ។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះ មានករណីលេងល្បែងបៀរ ឡូតូ និងកន្ទុយលេខឆ្នោត ស្ថិតនៅភូមិប៉ាហ៊ីជើង ភូមិប៉ាហ៊ីត្បូង អូរតាពុកលើ នៅក្នុងផ្សារ និងក្នុងភូមិមួយចំនួនទៀតនៅក្នុងក្រុងប៉ៃលិន គួរឲ្យព្រួយបារម្ភ៕
ចែករំលែកព័តមាននេះ