រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជាធានីភ្នំពេញ បានបង្ហោះព័ត៌មានលើបណ្តាញសង្គម តាមរយៈផេកផ្ទាល់ខ្លួនរបស់លោកកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ករណីឃាតកម្មកណ្ដាលយប់ នៅកោះពេជ្រ រវាងស្ត្រីជនបរទេស និងស្ត្រីជនបរទេស ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី សហការណ៌ គ្រប់អង្គភាពពាក់ព័ន្ធស្រាវជ្រាវ (រយៈពេល១៧ម៉ោង បង្ក្រាបបានហើយ រឿងស្នេហាត្រីកោណ) ។
ចំណែកហ្វេសប៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្តកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការ ដ្ឋាននគរបាលខណ្ឌ ដូនពេញ បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនស្ត្រីសង្ស័យជនជាតិកុងហ្គោម្នាក់ កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងសាឡនយីហោ ZOLA ផ្ទះលេខ105Hផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលស្ត្រីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់ និងអាករសម្លាប់ស្ត្រីរងគ្រោះ០១នាក់ ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព) ឈ្មោះ HOPKINS JESSICA CARIAD ភេទស្រី អាយុ៣៤ ឆ្នាំ ជនជាតិអង់គ្លេស លិខិតឆ្លងដែន(ស្របច្បាប់) ស្នាក់នៅផ្ទះជួល ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ។
ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិកុងហ្គោ កាន់លិខិត ឆ្លងដែន(ស្របច្បាប់) ។
អំពើឃាតកម្មនេះគឺ មូលហេតុស្នេហាត្រីកោណ។ បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ។
សូមជម្រាបថា ៖ ទាក់ទិនករណីឃាតកម្មខាងលើនេះ ដំបូងឡើយអ្នកលេងបណ្តាញសង្គម បានបង្ហោះផ្សព្វផ្សាយតៗគ្នា ដោយចោទប្រកាន់លោកអធិការរងម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ថាបានស្រែកសម្លុត ប្រើពាក្យសំដី និងកាយវិកាមិនសមរម្យ ចំពោះស្ត្រី០២នាក់ នៅចំណុចកោះពេជ្រ ខណ្ឌចំការមន កាលពីយប់អធ្រាត្រ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។
ចំពោះករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០ ២៥ វេលាម៉ោង២៣និង៤០នាទី ត្រង់ចំណុចសួនច្បារ មុខសាលាកោះពេជ្រ វិថីសួនច្បារ ក្រុម ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីអំពើឃាតកម្មមួយកើតឡើងដោយស្ត្រីម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់កូនកាំបិតចាក់និងអាករសម្លាប់ទៅលើជនរងគ្រោះ មិនទាន់ដឹងមូលហេតុហើយ ឃាតករបានគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ ឋានៈ អធិការរង ទទួលបន្ទុកផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងសម្ភាសន៍ជាមួយស្ត្រី០២នាក់ មានឈ្មោះ សៀម ចាន់សន និងឈ្មោះ ឃន់ ស្រីកា នៅកន្លែងកើតហេតុ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ បានស្នើសុំពួកគាត់សហការទៅធ្វើសាក្សីបំភ្លឺ ពីព្រោះគាត់អាចជាសាក្សីសំខាន់ផងដែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ជុំវិញរឿងហេតុខាងលើ តែដោយស្ត្រីទាំង០២នាក់ បានប្រកែកនិងអង្គុយលើម៉ូតូ បម្រុងចាកចេញទៅ មិនចង់សហការជាមួយសមត្ថកិច្ច ខណៈនោះ លោកវរសេនីយ៍ត្រី ហួត គង់ ក៏បានស្រែកបញ្ជាទៅលោកព្រិន្ទបាលឯក ប៊ុន សុវណ្ណវឌ្ឍនា ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការដកសោម៉ូតូពីពួកគាត់ខាងលើ ដើម្បីអញ្ជើញពួកគាត់ទៅបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ។
បន្ទាប់មកពួកគាត់ ក៏បានសហការជាមួយសមត្ថកិច្ច យល់ព្រមទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក្រោយពីបំភ្លឺរួចហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យពួកគាត់ចាកចេញទៅ ដោយមិនបានឃាត់ខ្លួនពួកគាត់នោះទេ ។
ប៉ុន្តែទោះបីយ៉ាងណា ករណីលោកអធិការរងខាងលើ ប្រធានអង្គភាព ក៏បានអញ្ជើញគាត់មកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាដែលបំពេញភារកិច្ចប្រើពាក្យសំដី និងកាយវិកាមិនសមរម្យ ៕







ចែករំលែកព័តមាននេះ